អ្នកឧកញ៉ាពុង ឃាវសែ៖ ព្រលានយន្តហោះភ្នំពេញថ្មីគ្រោងសម្រេចឱ្យបាន ៥០% នៅចុងឆ្នាំ ២០២១

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនអ្នកអភិវឌ្ឍខ្នាតធំ និងឈានមុខគេមួយនៅកម្ពុជា OCIC បានឱ្យដឹងថា ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីតម្លៃជាង ១,៥ ពាន់លានដុល្លារ នៅខេត្តកណ្ដាល គ្រោងនឹងសម្រេចឱ្យបាន ៥០% នៅចុងឆ្នាំ ២០២១ នេះ។

អ្នកឧកញ៉ា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីដើមខែកុម្ភនេះ ថា៖ «បើតាមផែនការ ឆ្នាំ ២០២១ យើងត្រូវសម្រេចឱ្យហើយយ៉ាងហោចណាស់ក៏ ៥០% ដែរ ប៉ុន្តែតួរលេខអាចប្រែប្រួល អាស្រ័យលើស្ថានភាពជាក់ស្ដែង [ដូចជាបញ្ហាកូវីដជាដើម]»។

អ្នកឧកញ៉ា ក៏បានបង្ហើបត្រួសៗថា មកទល់បច្ចុប្បន្ន គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនេះ សម្រេចបានប្រមាណ ២០% ទៅ ៣០% ហើយ។ ប៉ុន្តែតួរលេខនេះ គ្រាន់តែជាការប៉ាន់ប្រមាណប៉ុណ្ណោះ ដោយអ្នកឧកញ៉ា មិនមានឯកសារជាក់លាក់ក្នុងដៃក្នុងអំឡុងពេលផ្ដល់កិច្ចសម្ភាសន៍នោះទេ។

ដោយឡែក បើតាមប្រសាសន៍របស់ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងមកនេះ បានឱ្យដឹងថា ដំណើរការសាងសង់គឺប្រព្រឹត្តទៅដោយរលូន។

ឯកឧត្តម បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍន៍ដំណើរកាទៅតាមផែនការ ហើយគ្រោងនៅឆ្នាំ ២០២៣ ឱ្យបាន។ ប៉ុន្តែមិនមែនទាំង ៤ ផ្លូវនោះទេ គឺអាចបានផ្លូវ ១ ឬក៏ ២ សម្រាប់ដាក់ឱ្យហោះហើរជាបឋម ដូច្នេះហើយយើងនឹងអភិវឌ្ឍន៍ជំហានតទៅទៀត»។

ទាក់ទិនបញ្ហាវិវាទដីធ្លីដែលប៉ះពាល់ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី គិតត្រឹមដើមឆ្នាំ ២០២១ នេះ ក្រុមហ៊ុន OCIC បានដោះស្រាយរួចរាល់ជាង ៤៤% ហើយ។ ដីដែលបានដោះស្រាយរួចមានសរុបជាង ១,១ពាន់ហិកតា នៃផ្ទៃដីសរុបជាង ២,៦ ពាន់ហិកតា។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះភ្នំពេញថ្មីដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិកនេះ បច្ចុប្បន្នកំពុងអភិវឌ្ឍដោយក្រុមហ៊ុន OCIC។ ក្រោយបញ្ចប់ការសាងសង់ គម្រោងនេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេទី ៩ នៅលើពិភពលោក ឬត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋានថ្នាក់ ៤F។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]