ឥណ្ឌាប្រកាសពីផែនការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ សម្រាប់នាំចេញ
អាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃ(APEDA) របស់ប្រទេសឥណ្ឌា បានប្រកាសពីផែនការរបស់ខ្លួន ដោយចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ នៃប្រទេសកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារឥណ្ឌា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងសម្រួលដល់ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារឥណ្ឌា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរឱ្យកាន់តែរឹងមាំ។
នេះបើយោងតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ លោកបណ្ឌិត Sudhanshu លេខាធិការនៃអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃ(APEDA) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។
បើតាមក្រសួងកសិកម្មកម្ពុជាបានឱ្យដឹងទៀតថា គណៈប្រតិភូឥណ្ឌាបានបង្ហាញពីបំណងរបស់ខ្លួនដោយចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកឱកាសវិនិយោគលើផលិតផលសក្តានុពលកម្ពុជា ជាពិសេសចង់បង្កើនការនាំយកគ្រាប់ស្វាយចន្ទីស្រស់របស់កម្ពុជាទៅកាន់ទីផ្សារឥណ្ឌា។
ដោយមើលឃើញពីសក្ដានុពលដំណាំស្វាយចន្ទីកម្ពុជា នៅក្នុងខេត្តកំពង់ធំ ប្រតិភូឥណ្ឌា ក៏បានបង្ហាញបំណង់ចង់ពង្រីកការវិនិយោគរបស់ខ្លួនលើដំណាំមួយប្រភេទនេះ តាមរយៈបង្កើតរោងចក្រកែច្នៃគ្រប់ស្វាយចន្ទី សម្រាប់នាំចេញទៅទីផ្សារឥណ្ឌា។ គំនិតផ្ដួចផ្តើមនេះ នឹងជួយពង្រីកទំហំកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងកើនឡើងបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជូនគណ:ប្រតិភូធុរកិច្ចឥណ្ឌាថា ប្រទេសកម្ពុជាបើកទូលាយស្វាគមន៍ដល់អ្នកវិនិយោគទាំងឡាយណា ដែលមានបំណងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយច្រើន ដែលមានប្រភេទពូជល្អ គុណភាពខ្ពស់ នឹងរសជាតិឆ្ងាញ់ ដូចជាប្រភេទពូជ៖ M23 M10 H09 និង IM4។
គួរបញ្ជាក់ថា ក្រោយជំនួបពិភាក្សាជាមួយក្រសួងកសិកម្មរួចរាល់ គណៈប្រតិភូឥណ្ឌា ក៏បន្តជួបជាមួយវិស័យឯកជនកម្ពុជា និងធ្វើទស្សនកិច្ចឆ្ពោះទៅខេត្តកំពង់ធំ ដែលជាតំបន់សក្តានុពលស្វាយចន្ទី សំដៅបង្កើនការវិនិយោគលើកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាថែមទៀត៕
- Video Advertisement -