ឯកជនកំពុងពន្លឿនការសិក្សាគម្រោងអគ្គិសនីដើរដោយខ្យល់អានុភាព១០០ មេហ្កាវ៉ាត់ នៅមណ្ឌលគីរី
ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd កំពុងពន្លឿនបញ្ចប់ការសិក្សាទាំងរបាយការណ៍បច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងផលិតថាមពលអគ្គិសនីដើរដោយខ្យល់អានុភាព ១០០ មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគីរី។
ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ២៦ មីនានេះថា ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd បានទទួលលិខិតអនុញ្ញាតសិក្សាគម្រោងតាំងពីឆ្នាំ ២០១៩ មកម្លេះ។
ឯកឧត្តមបន្តថា៖ «មកទល់ពេលនេះ ក្រុមហ៊ុនកំពុងព្យាយាមបញ្ចប់ការសិក្សា។ បើសិក្សាចប់ គាត់នឹងយកមកដាក់ឱ្យមកក្រសួងដើម្បីពិនិត្យសម្រេច។ ប៉ុន្តែវាមិនទាន់ដល់ដំណាក់កាលវិនិយោគនៅឡើយទេ»។
«កន្លងមក ក្រុមហ៊ុនបានដំឡើងប៉មវាស់ខ្យល់ដែលមានកម្ពស់ ១០០ ម៉ែត្រ ចំនួន ២ កន្លែងរួចមកហើយ ដោយប៉មទី១ ស្ថិតក្នុងសង្កាត់សុខដុម នៃក្រុងសែនមនោរម្យ និង ប៉មទី២ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង»។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd. គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក Maritime Group ជាមួយក្រុមហ៊ុនយក្សក្នុងវិស័យថាមពលកកើតជាថ្មីរបស់ប្រទេសចិន Xinglan Group។
បច្ចុប្បន្នក្រៅពីគម្រោងរបស់ Xinglan Maritime Energy Co., Ltd. ក៏មានក្រុមហ៊ុនមកពីបារាំង The Blue Circle ដែលកំពុងធ្វើការសិក្សាបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយខ្យល់នៅក្នុងខេត្តកំពតផងដែរ។ (អានបន្ថែម)

