ឯកឧត្តមស៊ុនចាន់ថុល ៖ គ្មានការកាត់ជំនួយលើហេដ្ឋារចនាសម្ព័ន្ធពីបរទេសឡើយ
ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលបានច្រានចោលចំពោះពាក្យចចាមអារ៉ាមដែលបាននិងកំពុងលេចលឺនៅក្នុងសង្គមថាប្រទេសជប៉ុនក៏ដូចជាដៃគូអភិវឌ្ឍន៍បរទេសផ្សេងៗនឹងកាត់ជំនួយហេដ្ឋារចនាសម្ព័ន្ធពីកម្ពុជា។
ក្នុងការឆ្លើយតបទៅកាន់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា៖«គ្មានការកាត់ជំនួយពីប្រទេសណាទាំងអស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ»។លើសពីនេះទៅទៀត ដៃគូអភិវឌ្ឍន៏នានាដូចជាជប៉ុនធនាគារអអភិវឌ្ឍន៏អាស៊ីក៏ដូចជាធនាគារពិភពលោកគឺនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាដដែល។
ឯកឧត្ដមបានបញ្ជាក់បន្ថែមថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជារួមមានគម្រោងពង្រីកផ្លូវជាតិលេខ៥ គម្រោងសាងសង់កំពង់ផែថ្មីមួយទៀតនៅឯខេត្តព្រះសីហនុក្នុងទឹកកម្ចីប្រមាណជាង២០០លានដុល្លារនិងគម្រោងផ្លូវរថភ្លើងលើអាកាសដំបូងបង្អស់នៅកម្ពុជាដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការសិក្សារបស់ JICA ។ (អានបន្ថែម)
ទាក់ទងទៅនឹងជំនួយអភិវឌ្ឍន៏ពីធនាគារអភិវឌ្ឍន៏អាស៊ីវិញ ឯកឧត្ដមបានអះអាងថាពុំមានការពន្យាផែនការឬកាត់ជំនួយអ្វីទាំងអស់លើសពីនេះធនាគារអភិវឌ្ឍន៏អាស៊ីគ្រោងនឹងរៀបចំប្រព័ន្ធលូទឹកស្អុយនៅក្នុងខេត្តព្រះសីហនុឆ្នាំក្រោយនេះផងដែរ។
ជាការពិតណាស់ប្រទេសជប៉ុនគឺជាដៃគូអភិវឌ្ឍន៏ដ៍សំខាន់របស់ប្រទេសកម្ពុជាជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ពន័។ក្នុងឆ្នាំ២០១៦ប្រទេសជប៉ុនបានឈរលំដាប់លេខ៤សំរាប់ការវិនិយោគផ្ទាល់ពីបរទេស។






