០៧ខែ-២០២២ អង្គការសំអាតទន្លេសមុទ្របានប្រមូលសំរាមជាង ១៥០តោនពីក្នុងទន្លេ
រយៈពេល ០៧ខែ ឆ្នាំ២០២២ អង្គការសំអាតទន្លេសមុទ្រ បានប្រមូលសំរាមជាង ១៥០តោនពីក្នុងទន្លេ ដើម្បីជួយលើកកម្ពស់ធនធានធម្មជាតិ ជីវចម្រុះនៅក្នុងទន្លេ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក នូ សុវណ្ណ នាយកប្រតិបត្តិរបស់អង្គការសំអាតទន្លេសមុទ្រ បានឱ្យដឹងថា អង្គការកំពុងតែអនុវត្តន៍នូវបេសកកម្មសំអាតទន្លេជាប្រវត្តិសាស្ត្រ ខណៈដែលបេសកកម្មនេះកំពុងដំណើរ ការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីខែមីនា ដើម្បីធ្វើយ៉ាងណាប្រមូលសំរាមឱ្យអស់ចេញពីទន្លេនិងច្រាំងទន្លេ ដោយប្រើទូកដែលបំពាក់ដោយបច្ចេកទេសចុងក្រោយបំផុតរបស់ប្រទេសអាល្លឺម៉ង់។
លោកបានបន្ថែមថា ក្រៅពីប្រើទូក អង្គការក៏មានភ្នាក់ងារសំអាតសំរាមនៅតាមមាត់ទន្លេផងដែរ ដោយជ្រើសរើសប្រជាពលរដ្ឋដែលអត់មានការងារធ្វើនៅតាមដងទន្លេ ឱ្យដើរប្រមូលសំរាមជាប្រចាំ និងផ្តល់ជាប្រាក់លើកទឹកចិត្ត ដើម្បីឱ្យពួកគាត់មានការងារធ្វើ។
លោកបញ្ជាក់ថា រាជធានីភ្នំពេញមានការប្រែប្រួលក្នុងការទុកដាក់សំរាម ជាពិសេសនៅលើគោក មានក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការសំអាតសំរាមហើយទីក្រុងស្អាត។
លោកបានបន្តថា «ប៉ុន្តែនៅក្នុងទឹកមានបញ្ហាជាច្រើន ជាពិសេសទឹកទន្លេនៅមានការបំពុលដោយសំរាមដែលកកស្ទះ ដែលប្រជាជនមួយចំនួនបោះសំរាមចោលទៅក្នុងទឹកច្រើនឆ្នាំមកហើយ អញ្ចឹងហើយយើងត្រូវសំអាតវាចេញ បើមិនសំអាតវាចេញវាអត់ទៅណាទេ វានៅក្នុងទឹកបំពុលទឹកទន្លេយើង»។
“អង្គការបានកសាងមជ្ឈមណ្ឌលគ្មានសំណល់ ដើម្បីដាក់សំរាមដែលប្រមូលបានពីទន្លេ ដោយបំបែកទៅតាមប្រភេទរបស់វា” លោកបន្ត
សំរាមដែលអាចកែច្នៃបាន អង្គការធ្វើការកែច្នៃ ចំណែកសំរាមដែលកែច្នៃមិនបានអង្គការបានសហការជាមួយក្រុមហ៊ុនជីបម៉ុង ដើម្បីកំទេចទៅជាថាមពល ដូច្នេះការយកសំរាមចេញពីទន្លេមកនេះ គឺគ្មានសំណល់នោះទេ។
លោក នូ សុវណ្ណ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន រាជរដ្ឋាភិបាល ចូលរួមជាមួយអង្គការ ដើម្បីធ្វើយ៉ាងសំអាតនៅក្នុងទន្លេឱ្យបានឆាប់អស់ ព្រោះការសំអាតទន្លេ គឺជារឿងសំខាន់ជាប្រយោជន៍ជាតិ។

