១៧១ គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានភ្នំពេញថ្មី ទទួលបានលំនៅដ្ឋានថ្មី ជាផ្លូវការហើយ
ពលរដ្ឋសរុបចំនួន ១៧១គ្រួសារ ដែលធ្លាប់មានផ្ទះនៅក្នុងទីតាំងគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ទទួលបានលំនៅដ្ឋានថ្មី នៅទីតាំងថ្មី ជាផ្លូវការហើយ ក្រោមការព្រមព្រៀងដោះដូរ។
ពិធីប្រគល់លំនៅដ្នានផ្ទះ១៧១ខ្នង ដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ក្រោមអធិបតីយភាពរបស់ ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន លោកឧកញ៉ា ឆាល វ៉ាន់ និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។
លោកឧកញ៉ា ឆាល វ៉ាន់ មានប្រសាសន៍ថា ទីតាំងលំនៅដ្ឋានថ្មីនេះជាអំណោយរបស់ សម្តេច ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ពុង ឃាវសែ ជូនចំពោះប្រជាពលរដ្ឋរស់នៅលើទំនប់លេខ ៥៤ ទំនប់លេខ ៩២ និងទំនប់លេខ ៩៤ ពោលគឺស្ថិតក្នុងតំបន់កសាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
គម្រោងគេហដ្ឋានថ្មីនេះ ស្ថិតក្នុងភូមិកំពង់តាលន់ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាផ្ទះថ្ម ប្រក់ស័ង្កសី។ មួយគ្រួសារទទួលបានផ្ទះមួយខ្នង លើផ្ទៃដីក្បាល ៥ម៉ែត្រ និងបណ្តោយ២០មែត្រ ដោយក្នុងនោះ ទំហំផ្ទះ ទទឹង៥ ម៉ែត្រ និងបណ្តោយ៨ម៉ែត្រ។
លើសពីនេះ ផ្លូវចូលលំនៅដ្ឋាន ក្រាលថ្មប្រវែង ១,៩គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ មានបំពាក់បង្គោលភ្លើងអគ្គសនី ភ្ជាប់បណ្តាញទឹកស្អាត និងមានទីធ្លាមុខផ្ទះ ធំទូលាយ។
គម្រោងសាងសង់លំនៅដ្ឋាននេះ ប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១,១ លានដុល្លារ ដោយចាប់ផ្តើមសាងសង់កាលពីពាក់កណ្តាលឆ្នាំ២០២០ និងបញ្ចប់នៅខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។

