៥៨៦ គម្រោងសាងសង់តម្លៃសរុប ៣៥៦ លានដុល្លារបានអនុម័តក្នុងអំឡុងពេល ២ ខែដំបូងនៃឆ្នាំ ២០�

សំណង់ក្នុងប្រទេសកម្ពុជា ប្រភព CBRE Cambodia

គម្រោងសាងសង់ចំនួន ៥៨៦ គម្រោងដែលមានតម្លៃវិនិយោគជាង ៣៥៦ លានដុល្លារអាមេរិកត្រូវបានអនុម័តក្នុងអំឡុងពេល ២ ខែដំបូងនៃឆ្នាំ ២០១៨ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ។ ទោះជាយ៉ាងណាក្ដីចំនួននេះគឺនៅទាបជាងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

ស្របជាមួយគ្នានេះដែរ តម្លៃដីធ្លីនៅក្នុងខណ្ឌសំខាន់ៗនៃរាជធានីភ្នំពេញជាមធ្យមក៏ត្រូវបានកត់ត្រាថាមានការកើនឡើងប្រមាណ ១,២ ភាគរយផងដែរ នេះបើប្រៀបធៀបជាត្រីមាសនិងត្រីមាសសម្រាប់ឆ្នាំ ២០១៨ និង ២០១៧ ឬក៏ប្រហែលជា ៤,២ ភាគរយបើធៀបជាឆ្នាំ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodiaដែលចេញផ្សាយកាលពីថ្មីៗនេះ។

ទាក់ទងនឹងទីផ្សារខុនដូវិញ របាយការណ៍ដដែលបានអោយដឹងថា ក្នុងត្រីមាសទី ១ នេះ មានគម្រោងខុនដូចំនួនពីរបានចាប់ផ្តើមបុកគ្រឹះ ដែលនឹងបង្កើតអោយមានប្រមាណជាង ២.២៤៤ យូនិតក្នុងរយៈពេលបីឆ្នាំខាងមុខ។ ប៉ុន្តែបើគិតទៅលើឆ្នាំ ២០១៨ ទាំងមូល នឹងមានខុនដូយ៉ាងហោចណាស់ ១៧ កន្លែង ឬ សរុបប្រមាណ ១៣.០០០ យូនីតរំពឹងថានឹងបញ្ចប់ការសាងសង់នៅរាជធានីភ្នំពេញ នេះបើយោងតាមប្រភពដដែល។

ចំពោះតម្លៃលក់វិញ សម្រាប់ខុនដូប្រភេទតម្លៃមធ្យមនិងខុនដូតម្លៃខ្ពស់បានធ្លាក់ចុះប្រមាណ ២ ភាគរយ បើប្រៀបធៀបជាត្រីមាសប៉ុន្តែឃើញថាតម្លៃលក់របស់ខុនដូប្រភេទតម្លៃសមរម្យបានកើនឡើងប្រមាណ ៧ ភាគរយ ។ ផ្ទុយទៅវិញតម្លៃជួលខុនដូប្រភេទតម្លៃមធ្យមនិងខុនដូតម្លៃខ្ពស់នៅទីតាំងសំខាន់ៗបានធ្លាក់ចុះ ៣,៨ ភាគរយ បើប្រៀបធៀបជាត្រីមាស។

សរុបជារួម ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៨ នេះ ទីផ្សារអចលនទ្រព្យនៅកម្ពុជាឃើញថាមានភាពវិជ្ជមាន ប៉ុន្តែពុំមានសន្ទុះណាស់ណាទេ។ ទោះជាយ៉ាងណាក្ដី សេដ្ឋកិច្ចជារួមនៃប្រទេសកម្ពុជាដំណើរការបានល្អ ជាមួយនឹងការព្យាករណ៍ កំណើនផលិតផលក្នុងស្រុកសរុប ឬ GDP ប្រមាណ ៦,៩ ភាគរយ។

តម្លៃខុនដូក្នុងរាជធានីភ្នំពេញ ប្រភព: CBRE Cambodia

- Video Advertisement -