នាយករដ្ឋមន្ត្រីលុបចោលគម្រោងផ្លូវល្បឿនលឿនទៅកាន់អាកាសយានដ្ឋាន

ក្តីសង្ឃឹមក្នុងចំណោមមន្ត្រីសាធារណៈ និងមន្ត្រីដឹកជញ្ជូនក្នុងការធ្វើដំណើរបានលឿនរវាងទីប្រជុំជន និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅលើផ្លូវល្បឿនលឿនថ្មីមួយនោះ ត្រូវបានរលុបបាត់ទៅវិញ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោលគម្រោងការអភិវឌ្ឍផ្លូវល្បឿនលឿននៅក្នុងខែមេសា។

ថ្លែងនៅក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី ៤ ខែមេសា លោកនាយករដ្ឋមន្ត្រីបានពន្យល់ថា ការសម្រេចចិត្តបោះបង់ចោលផែនការនេះ គឺដោយសារតែការលំបាកក្នុងការសាងសង់ និងជាការឆ្លើយតបចំពោះការតវ៉ាពីសំណាក់គ្រួសារទទួលរងផលប៉ះពាល់ដោយសារការសាងសង់នេះ ដែលកំពុងតែបន្តកើតមាន។ ក្រុមគ្រួសារដែលនៅតាមបណ្តោយផ្លូវដែលគ្រោងធ្វើផ្លូវល្បឿនលឿនដើម្បីកាត់បន្ថយការកកស្ទះនៅលើផ្លូវទៅព្រលានយន្តហោះនោះ បានអំពាវនាវឲ្យមានវេទិកាសាធារណៈមួយ ចាប់តាំងពីមានសេចក្តីប្រកាសនេះកាលពីថ្ងៃទី ៥ ខែមករា ថា ក្រុមហ៊ុនចិននឹងសាងសង់ផ្លូវល្បឿនលឿននេះ។

សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “មានការគំរាមកំហែងរៀបចំធ្វើបាតុកម្ម ឬវេទិកាសាធារណៈ។ ឥឡូវនេះខ្ញុំបានលុបចោលផែនការនោះ ហើយខ្ញុំគិតថាមិនមានអ្វីដែលត្រូវនិយាយនៅក្នុងវេទិកាសាធារណៈទៀតនោះទេ”។

បើតាមសមាគមធាងត្នោត ដែលជាអង្គការក្រៅរដ្ឋាភិបាលធ្វើការពាក់ព័ន្ធនឹងលំនៅឋានក្នុងទីក្រុង បានឲ្យដឹងថា របាយការណ៍បឋមមួយបានលើកឡើងថា មានក្រុមគ្រួសារ ១.០០០ ទៅ ២.០០០ ដែលនឹងត្រូវរងផលប៉ះពាល់ពីការអភិវឌ្ឍផ្លូវល្បឿនលឿនដែលបានស្នើឡើងនេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានរាយការណ៍ថា មានក្រុមហ៊ុនចំនួន ៣ ដែលបានដេញថ្លៃដើម្បីអភិវឌ្ឍផ្លូវល្បឿនលឿននេះ។ ក្រុមហ៊ុនចិនឈ្មោះថា Henan Provincial Communications Planning Survey and Design Institute (HPC) បានឈ្នះអ្នកដេញថ្លៃក្នុងស្រុកគឺក្រុមហ៊ុនវិស្វកម្ម Muhibbah (Muhibbah Engineering) និងក្រុមហ៊ុនវិនិយោគក្រៅប្រទេសកម្ពុជា OCIC (Overseas Cambodian Investment Company) ដោយសារតែក្រុមហ៊ុនចិននោះផ្ដល់សំណងសប្បុរសរបស់ខ្លួនបន្ថែមទៀតសម្រាប់ប្រជាជនដែលរងផលប៉ះពាល់។

ក្រុមហ៊ុន Henan បានស្នើគម្រោងទឹកប្រាក់ ៣៦០ លានដុល្លារ សម្រាប់ផ្លូវល្បឿនលឿនចម្ងាយ ១០ គីឡូម៉ែត្រ កំពស់ ៩ ម៉ែត្រពីលើផ្លូវរថភ្លើងដែលមានស្រាប់ និងដែលតភ្ជាប់ទីក្រុងភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ បើទោះបីជាមិនមានព័ត៌មានលម្អិតស្តីពីផែនការផ្តល់សំណងក៏ដោយ ក៏ប៉ុន្តែគេអាចដឹងថាទឹកប្រាក់ចំនួន ១៩៧ លានដុល្លា នឹងត្រូវប្រើសម្រាប់ការសាងសង់ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០១៦ ហើយក្រុមហ៊ុននេះនឹងទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ​រកប្រាក់​ចំណូល​នៅលើផ្លូវនេះសម្រាប់រយៈពេល ៣០ ឆ្នាំបន្ទាប់ពីការសាងសង់រួចរាល់។

ចំណែកក្រុមហ៊ុនវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) វិញ បានដេញថ្លៃដោយបង្ហាញគម្រោងកសាងផ្លូវចំងាយ ១៣.៥ គីឡូម៉ែត កម្ពស់ ៥ ម៉ែត្រ ដោយចំណាយទឹកប្រាក់ ២១៥ លានដុល្លារ ដែលក្នុងនោះទឹកប្រាក់ ៥ លានដុល្លារ ប្រើប្រាស់សម្រាប់ផ្តល់សំណងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ក្រុមហ៊ុន Muhibbah Engineering (Cambodia) Ltd វិញ បានស្នើគម្រោងដែលមានទឹកប្រាក់ ២០០ លានដុល្លារ សម្រាប់សាងសង់ផ្លូវចម្ងាយ ១៤ គីឡូម៉ែត ទទឹង ២៤ ម៉ែត្រ ដែលមាន ៤ ជួរ សម្រាប់តភ្ជាប់ទីប្រជុំជនក្រុងភ្នំពេញទៅដល់ផ្លូវជាតិលេខ ៤ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

គម្រោងផ្លូវល្បឿនលឿននេះ គឺជាគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសាធារណៈទីបីហើយ ដែលនាយករដ្ឋមន្ត្រីបានលុបចោលនៅឆ្នាំនេះ បន្ទាប់ពីបានផ្អាកកិច្ចសន្យាចំពោះផ្លូវវេងស្រេង និងផ្លូវជាតិលេខ ៤ ដោយលោកប្រកាសថាជាអំណោយសម្រាប់ប្រជាជនកម្ពុជានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។

លោក​ក៏បានប្រកាសដែរថា ផ្លូវរថភ្លើងមិនប្រើប្រាស់ដែលស្ថិតនៅភាគខាងជើងពីស្ថានីយ៍រថភ្លើងក្នុងរាជធានីភ្នំពេញទៅកាន់គីឡូម៉ែត្រ ៦ ខណ្ឌឬស្សីកែវ នឹងត្រូវបានយកចេញសម្រាប់ធ្វើជាផ្លូវថ្មីមួយ ដើម្បីជួយបន្ធូរបន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងនេះ។

លោកនាយក​រដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមទៀតថា “យើងអាចកសាងនៅលើផ្នែកនៃផ្លូវរថភ្លើងនូវផ្លូវថ្មីធំមួយដើម្បីបន្ធូរចរាចរណ៍ចូលកាន់រាជធានីភ្នំពេញ។ វាគឺជាផ្លូវដែលមានចំងាយ ៩គីឡូម៉ែត្រ ហើយនៅពេលដែលវាត្រូវបានសាងសង់ឡើង ផ្លូវនេះនឹងអាចកាត់បន្ថយចរាចរណ៍ពីភាគខាងជើងនៃទីក្រុងនេះមកកាន់រាជធានីភ្នំពេញនៅវត្តភ្នំ និងព្រះបរមរាជវាំង ដោយធ្វើដំណើរតាមបឹងកក”។

លោក អ៊ា ចរិយា ប្រធានស្ថាបនិកនៃវិទ្យាស្ថានសុវត្ថិភាពផ្លូវថ្នល់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការកសាងផ្លូវតែមួយមុខមិនអាចដោះស្រាយបញ្ហាចរាចរណ៍សម្រាប់រយៈពេលវែងរបស់ទីក្រុងនេះបានទេ។ លោកបាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើឲ្យ​ប្រសើរ​ឡើងនូវការវិនិយោគនៅក្នុងការដឹកជញ្ជូនសាធារណៈ ដែលនឹងអាចជួយកាត់បន្ថយការកកស្ទះ ការបំពុល និងគ្រោះថ្នាក់នៅលើដងផ្លូវ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងពេលកន្លងទៅអំពាវនាវឲ្យមានការសាងសង់ផ្លូវធំ និងផ្លូវល្បឿនលឿនឲ្យបានច្រើន ដោយហេតុថាការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ បានធ្វើឲ្យខាតបង់ទឹកប្រាក់ ៧០ លានដុល្លារទៅលើសាំង និងខាតបង់ពេលវេលាជាច្រើនជារៀងរាល់ឆ្នាំ។

ក្រៅពីផ្លូវល្បឿនលឿនដែលមានបញ្ហាចម្រូងចម្រាស់មួយនេះ នៅមានផ្លូវល្បឿនលឿងប្រវែងវែងពីរផ្សេងទៀតដែលត្រូវបានស្នើឡើង។ ក្នុងនោះ​គឺផ្លូវHighway ចំងាយ ២២០ គីឡូម៉ែត្រដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងហូជីមិញ ដែលចំណាយថវិកាអស់ ២,២ ពាន់លានដុល្លារ ដែលត្រូវបានប្រកាសដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០១២ ថានឹងបញ្ចប់គ្រោងការសាងសង់នៅឆ្នាំ ២០៣០ ។

ក្រុមហ៊ុនរបស់ចិនឈ្មោះថា Henan Provincial Communications Planning, Survey, and Design Institute Co., Ltd ក៏បានស្នើគម្រោងសាងសង់ផ្លូវល្បឿនលឿនដែលតភ្ជាប់រាជធានីភ្នំពេញ និងខេត្តព្រះសីហនុចម្ងាយប្រហែល ១៩០ គីឡូម៉ែត ដោយចំណាយទឹកប្រាក់ ១,៦ ពាន់លានដុល្លារផងដែរ ។ គម្រោងនេះកំពុងរង់ចាំការអនុម័តចុងក្រោយ ហើយការសាងសង់ផ្លូវថ្មីនេះនឹងចាប់ផ្តើមនៅឆ្នាំ ២០១៦ ហើយនិងបើកឲ្យប្រើនៅក្នុងឆ្នាំ ២០២០។

បើយោងតាមផែនការមេស្តីពីផ្លូវល្បឿនលឿន (Expressway) របស់កម្ពុជា ប្រទេសនេះត្រូវការផ្លូវប្រភេទនេះប្រវែង ៨៥០ គីឡូម៉ែតនៅឆ្នាំ ២០២០ ហើយដែលនឹងត្រូវចំណាយប្រាក់ប្រមាណ ៩ ពាន់លានដុល្លារ ហើយត្រូវការទុនសម្រាប់ការវិនិយោគបន្ថែមទៀតចំនួន ២៦ ពាន់លានដុល្លារ សម្រាប់សាងសង់ផ្លូវចម្ងាយ ២.២៣០ គីឡូម៉ែតនៅឆ្នាំ ២០៤០។

- Video Advertisement -