កំណើនទ្វេដង៖ ភាពប្រសើរឡើងនៃអាកាសយានដ្ឋាន ធ្វើឲ្យមានកំណើនសមត្ថភាព

កំណើនពីរខ្ទង់នៃចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសកម្ពុជាបាននាំឲ្យមានការធ្វើឲ្យប្រសើរនៃព្រលានយន្តហោះអន្តរជាតិនាពេលបច្ចុប្បន្នរបស់ប្រទេសនេះ។

ដើម្បីទប់ទល់នឹងកំណើនចំនួនអ្នកដំណើរមិនធ្លាប់មាន កន្លែងថ្មីៗ និងប្រសើរជាងមុននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (PPIA) និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP) ត្រូវបានសម្ពោធនៅក្នុងពាក់កណ្តាលខែមីនា បន្ទាប់ពីមានផែនការផ្តួចផ្តើមជាលើកដំបូងនៅឆ្នាំ ២០១១។

ជាមួយនឹងផែនការពង្រីកដែលមានស្រាប់ចាប់តាំងពីការសាងសង់នៅឆ្នាំ ២០០៤ ការធ្វើឲ្យប្រសើរឡើងនៃព្រលានយន្តហោះខេត្តសៀមរាប ត្រូវបានជំរុញទៅមុខដោយកន្លែងថ្មីៗមួយចំនួន បានបើកឲ្យប្រើប្រាស់នៅវវាងកន្លែងពិនិត្យចុះឈ្មោះហោះហើរ និងកន្លែងចេញដំណើរ។ជាមួយគ្នានេះដែរ ស្ថានីយអ្នកដំណើរមកដល់អន្តរជាតិថ្មីត្រូវបានបើកសម្ពោធ នៅក្នុងព្រលានយន្តហោះនេះនៅក្នុងខែមិថុនាឆ្នាំ ២០១៤ ហើយការងារពង្រីកបន្ថែមនូវផ្លូវអាកាសយានបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៥ និងបានបើកឲ្យប្រើប្រាស់នៅឆ្នាំនេះ ហើយឥឡូវនេះគឺអាចផ្ទុកយន្តហោះចំនួនបីបន្ថែមទៀត។ ទោះជាយ៉ាងណា នៅមិនទាន់មានផ្លូវដើរឡើងយន្តហោះ ត្រូវបានដំឡើងនៅឡើយទេ នៅក្នុងព្រលានយន្តហោះខេត្តសៀមរាប ព្រោះដើម្បីអភិរក្សស្ថាបត្យកម្មប្លែកពីគេរបស់ព្រលានយន្តហោះនេះ។

នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញ ការសាងសង់គឺមានភាពស្មុគស្មាញជាងព្រោះថាអគារស្ថានីយពិតជាមានភាពចាស់ខ្លាំង ទោះបីជាការពង្រីកអាគារនេះត្រូវបានគិតគូរជាផ្នែកមួយនៃការរចនាដំបូងក៏ដោយ។ព្រោះថាអគារស្ថានីយពិតជាមានភាពចាស់ខ្លាំង ទោះបីជាការពង្រីកអាគារនេះត្រូវបានគិតគូរជាផ្នែកមួយនៃការរចនាដំបូងក៏ដោយ។ បន្ទាប់ពីការអនុម័តលើការរចនាថ្មីនេះ ការសាងសង់បានចាប់ផ្តើមនៅក្នុងខែមិថុនាឆ្នាំ២០១៤ ហើយត្រូវបានបញ្ចប់នៅក្នុងខែកុម្ភៈ ឆ្នាំ២០‌១៦។

ការអភិវឌ្ឍថ្មីនៅក្នុងអាកាសយានដ្ឋានភ្នំពេញ មានជាប់ពាក់ព័ន្ធនឹងការពង្រីកបន្ថែមដូចជា បង្កើនទំហំស្ថានីយប្រព័ន្ធចុះឈ្មោះថ្មី និងស្តង់អន្តោប្រវេសន៍ ៣២ បន្ថែមទៀត ព្រមទាំងជួសជុលសម្ភារបរិក្ខារដែលមានស្រាប់ រួមទាំងចំណតរថយន្តផងដែរ។ ជាមួយគ្នានេះ ក៏មានឧបករណ៍ថ្មីៗផ្សេងទៀត រួមមានប្រព័ន្ធឥវ៉ាន់ផ្ទេរថ្មីបំផុត ម៉ាស៊ីនស្កេនឥវ៉ាន់ ទំហំ Wi-Fi ភោជនីយដ្ឋានថ្មី ហាងលក់ទំនិញ កន្លែងទំនេរ និងកន្លែងពិភាក្សាមុខជំនួញ។

អាងប្រព្រឹត្តិកម្មទឹកកខ្វក់ថ្មីស្រឡាង ក៏ត្រូវបានដំឡើងនៅអាកាសយានដ្ឋានទាំងពីរផងដែរ។ ជាមួយនឹងកន្លែងថ្មីទាំងនេះ ព្រលានយន្តហោះទាំងពីរអាចមានសមត្ថភាពរួមគ្នាទទួលបានភ្ញៀវ ១០ លាននាក់ជារៀងរាល់ឆ្នាំ ដែលកើនឡើងពីចំនួន ៤លាននាក់។

ក្រុមហ៊ុន Cambodia Airports គឺជាសម្បទានិកដែលធ្វើការអភិវឌ្ឍ និងគ្រប់គ្រងព្រលានយន្តហោះ កម្ពុជា ដែលបានបណ្តាក់ទុនប្រមាណ ១០០ លានដុល្លារ លើគម្រោងពង្រីកស្ថានីយ។ ក្រុមហ៊ុន Cambodia Airports គឺជាសម្ព័ន្ធរួមអាជីវកម្ម ដែលមានការវិនិយោគរួមគ្នារវាងក្រុមហ៊ុន France’s VINCI Airports របស់ប្រទេសបារាំង (៧០%) និងក្រុមហ៊ុន Malaysia’s Muhibbah Group របស់ម៉ាឡេស៊ី (៣០%) ដោយបានទទួលសម្បទានរយៈពេល ៤៥ឆ្នាំមកហើយចាប់តាំងពីឆ្នាំ ១៩៩៥ សម្រាប់ព្រលានយន្តហោះនៅភ្នំពេញ និងចាប់តាំងពីឆ្នាំ ២០០១ នៅព្រលានយន្តហោះខេត្តសៀមរាប ព្រមទាំងចាប់ពីឆ្នាំ ២០០៦ សម្រាប់ព្រលានយន្តហោះព្រះសីហនុ។

គម្រោងពង្រីកទាំងពីរនេះត្រូវបានសាងសង់ឡើងរួមគ្នាដោយក្រុមហ៊ុន Vinci Construction Grands Projects (VCGP) និងក្រុមហ៊ុន Muhibbah ។ ក្រុមហ៊ុន Hamilton International គឺជាអ្នកពិគ្រោះយោបល់ផ្នែកស្ថាបត្យកម្មសម្រាប់អាកាសយានដ្ឋានភ្នំពេញ ហើយក្រុមហ៊ុន Archetype ឈ្នះការដេញថ្លៃសម្រាប់អាកាសយានដ្ឋានសៀមរាប។ គម្រោងនេះបានប្រើបច្ចេកវិទ្យាគំរូព័ត៌មានអាគារ (BIM = Building Information Modelling) ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តផ្នែកសុវត្ថិភាព និងការអនុលោមតាមកាលវិភាគសំណង់។

ស្ថាបត្យកម្មនៃព្រលានយន្តហោះភ្នំពេញ មានការរចនាតាមបែបរាជធានីទំនើប ចំណែកព្រលានយន្តហោះសៀមរាប ស្ថាបត្យកម្មទទួលឥទ្ធិពលដោយផ្ទាល់ពីប្រពៃណីកម្ពុជា ព្រោះថាព្រលានយន្តហោះនេះស្ថិតនៅជិតតំបន់អង្គរ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

លោក Xavier Huillard ប្រធានក្រុមហ៊ុន VINCI បានឲ្យដឹងថាការពង្រីកស្ថានីយនៅព្រលានយន្តហោះភ្នំពេញនិងខេត្តសៀមរាប កើតចេញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងវិស័យសាធារណៈនិងឯកជន ហើយវានឹងផ្តល់អត្ថប្រយោជន៍ដល់រដ្ឋាភិបាល និងសេដ្ឋកិច្ចប្រទេសកម្ពុជា។

លោកក៏បានលើកឡើងថា ចំនួននៃអ្នកធ្វើដំណើរតាមព្រលានយន្តហោះទាំងពីរបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០០៩ មក ជាពិសេសនៅរវាងឆ្នាំ ២០១០ និងឆ្នាំ ២០១៣ ដែលមានការកើនឡើងជាង ១៥ ភាគរយ។ ព្រលានយន្តហោះទាំងពីរនេះបានទទួលការស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ៣លាននាក់។ លោកបានបន្ថែមថា “ជាមួយនឹងការបញ្ចប់គម្រោងពង្រីកនេះ យើងនឹងទទួលស្វាគមន៍ភ្ញៀវទេសចរ ៥ លាននាក់ជារៀងរាល់ឆ្នាំ។”

លោក Huillard ព្យាករណ៍ថា ប្រសិនបើមានការគ្រប់គ្រងបានត្រឹមត្រូវ ព្រលានយន្តហោះភ្នំពេញអាចទទួលបានភ្ញៀវក្នុងរវាង ៨ ទៅ ១០ លាននាក់ ហើយខេត្តសៀមរាបអាចទទួលបានភ្ញៀវ ៦ លាននាក់ ខណៈពេលដែលព្រលានយន្តហោះក្រុងព្រះសីហនុអាចទទួលបានជាង ១២ លាននាក់ក្នុងមួយឆ្នាំ។

ចំនួននៃអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះរបស់កម្ពុជាបានកើនឡើង ១០ ដងពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០១៥ គឺពីចំនួន ៦សែននាក់ ទៅ ៦,៥ លាននាក់ ដែលក្នុងនោះ ព្រលានយន្តហោះភ្នំពេញតែឯងអាចទទួលបាន ៤,៧ លាននាក់។

អ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) លោក ស៊ិន ចាន់សិរីវុត្ថា បានប្រាប់ Khmer Times ក្នុងខែមីនា ថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៩ រួមបញ្ចូលទាំងការហោះហើរជាបុគ្គល ឬជាក្រុម បានមកដល់នៅព្រលានយន្តហោះអន្តរជាតិទាំងបីរៀងរាល់ថ្ងៃ។ លោកថ្លែងថា: “អ្នកដំណើរដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាបានកើនឡើងប្រហែល ៦ ទៅ ៧ ភាគរយក្នុងមួយឆ្នាំ ហើយការបន្ថែមស្ថានីយថ្មីនេះនឹងជួយកាត់បន្ថយការកកស្ទះ”។ ថ្លែងនៅឯពិធីសម្ពោធស្ថានីយនៅរាជធានីភ្នំពេញនៅថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០១៦ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានសម្តែងនូវមោទនភាពដែលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PPIA) អាចទទួលការហោះហើរធុនធ្ងន់ដូចជាយន្តហោះ Air Force One របស់លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០១២ និងការហោះហើរធុនធ្ងន់ថ្មីមួយទៀតរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ។ សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា “ប្រសិនបើមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព គ្មានមេដឹកនាំនៃប្រទេសណាមួយហ៊ានប្រើយន្ដហោះធំចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះទេ។

ផ្ទុយពីការទទួលខុសដែលសម្តេចនាយករដ្ឋមន្ត្រីមិនបានអនុញ្ញាតឲ្យមានការកំណត់ដីច្រើននៅជុំវិញព្រលានយន្តហោះភ្នំពេញសម្រាប់ការពង្រីកបន្ថែមនូវផ្លូវរត់របស់យន្តហោះ លោកនាយករដ្ឋមន្ត្រីបានប្រកាសថា នឹងមិនមានផែនការពង្រីកបន្ថែមទៀតដោយសារតែផលប៉ះពាល់លើសហគមន៍ដែលនៅជុំវិញព្រលានយន្តហោះ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “នៅពេលមុន តំបន់នេះមានមនុស្សតិចដែលរស់នៅតំបន់នេះ ប៉ុន្តែយើងអនុញ្ញាតឲ្យប្រជាជនរស់នៅទីនេះរហូតដល់ឥឡូវនេះ។ ប៉ុន្តែឥឡូវនេះ បើយើងហ៊ានពង្រីកព្រលានយន្តហោះ នោះនឹងមានការធ្វើបាតុកម្ម ដូច្នេះសូមរក្សាស្ថានភាពនេះដដែល។”

ការអភិវឌ្ឍអាកាសចរណ៍ថ្មី

ការធ្វើឲ្យប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេសនេះ ត្រូវបានដឹកនាំដោយផែនការមេយូរមកហើយ ដែលគូសវាសផែនទីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់ ៣០ ទៅ ៤០ ឆ្នាំក្រោយ។ ផែនការទាំងនេះរួមបញ្ចូលទាំងការបង្កើនសមត្ថភាពរបស់ព្រលានយន្តហោះឆ្នេរសមុទ្រខេត្តព្រះសីហនុផងដែរ។ ការពង្រីក និងជួសជុលបានចាប់ផ្តើមនៅព្រលានយន្តហោះខេត្តព្រះសីហនុនៅឆ្នាំ ២០១៥ ដើម្បីធានាថាវាអាចផ្ទុកយន្តហោះពាណិជ្ជកម្មតំបន់ទំហំមធ្យម ផ្តល់មធ្យោបាយងាយស្រួលដល់ដឹកអ្នកដំណើរឲ្យបានគ្រប់គ្រាន់ និងត្រូវបានភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ។

នៅឆ្នាំ ២០២០ PNH និង REP ត្រូវបានគេរំពឹងថានឹងទទួលបានភ្ញៀវប្រហែល ៧,៣ លាននាក់ ក្នុងនោះប្រហែល ៣,៥ លាននាក់សម្រាប់ព្រលានយន្តហោះនីមួយៗ និងមានអ្នកដំណើរ ២០០ពាន់នាក់ត្រូវបានព្យាករណ៍ថាធ្វើដំណើរតាមខេត្តព្រះសីហនុ។

ដើម្បីជួយបន្ធូរបន្ថយបន្ទុកលើព្រលានយន្តហោះអន្តរជាតិទាំងបី រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Cambodia Airports ដោយមានជំនួយពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានសិក្សាពីលទ្ធភាពនៃការបើកដំណើរការព្រលានយន្តហោះក្នុងស្រុកមួយចំនួនឡើងវិញ។

ការសិក្សានេះមានគោលបំណងដើម្បីបង្កើតចក្ខុវិស័យរយៈពេលវែងនៃហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះរបស់ប្រទេសកម្ពុជា ដែលនឹងភ្ជាប់ទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដទៃទៀតនៅក្នុងប្រទេសនេះ ព្រមទាំងភ្ជាប់កម្ពុជាទៅនឹងពិភពលោក។

ក្នុងនោះសមាគម IATA បានផ្ដល់អនុសាសន៍ស្នើឲ្យខេត្តរតនគិរី ខេត្តកោះកុង និងខេត្តព្រះវិហារ ជាតំបន់សម្រាប់បើក ឬអភិវឌ្ឍព្រលានយន្តហោះឡើងវិញក្នុងថ្ងៃអនាគត ដោយសារតែសក្តានុពលទេសចរណ៍នៅក្នុងតំបន់ទាំងនេះ។

បើយោងតាមសមាគម IATA ប្រទេសកម្ពុជាមិនទាន់ចាំបាច់សាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀតនៅជិតរាជធានីនោះទេ ដោយបានអះអាងថា ទំហំនៃព្រលានយន្តហោះភ្នំពេញនាពេលបច្ចុប្បន្ននេះនឹងអាចទទួលចរាចរណ៍រហូតដល់ឆ្នាំ ២០៣៥ ឬឆ្នាំ ២០៤០ ។

ការធ្វើសមាហរណកម្មអាកាសចរណ៍អាស៊ាន

ស្របនឹងគោលនយោបាយការធ្វើសមាហរណកម្មផ្សេងទៀតដែរ ទីផ្សារអាកាសចរណ៍អាស៊ានតែមួយ (ASEAN-SAM) មានបំណងដើម្បីធ្វើការអភិវឌ្ឍទីផ្សារអាកាសចរណ៍រួមគ្នា និងតែមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ ២០១៥ ដែលអនុញ្ញាតឲ្យយន្តហោះដឹកអ្នកដំណើរអាចចុះបញ្ជីក្នុងប្រទេសនានាក្នុងអាស៊ាន ដើម្បីធ្វើការហោះហើរដោយសេរី ដោយគ្មានការកំណត់នៅក្នុងតំបន់ដែលមានប្រជាជន ៦០០ លាននាក់នេះ។

ASAM គឺជាដំណើរការស្មុគស្មាញមួយដែលរួមមានប្រាំពីរចំណុចនៃ សេរីភាពផ្លូវអាកាស សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលធ្វើដំណើរនៅទូទាំងតំបន់។ ទិដ្ឋភាពសំខាន់បំផុតនៃការធ្វើសេរីភាវូបនីយកម្មទីផ្សារអាកាសចរណ៍ គឺដើម្បីធានានូវសេរីភាពចំណុចទីបី ទីបួន ទីប្រាំ និងទីប្រាំពីរ។

សិទ្ធិសេរីភាពផ្លូវអាកាសក្នុងចំណុចទីប្រាំដែលត្រូវបានពិភាក្សា និងឯកភាពដោយរដ្ឋជាសមាជិកភាគច្រើននៅក្នុងកិច្ចចរចាឆ្នាំ ២០១៥ គឺជាសិទ្ធិហោះហើរហួសពីប្រទេសទីពីរទៅប្រទេសទីបីដែលមានសិទ្ធិក្នុងការលក់សំបុត្រនៅក្នុងប្រទេសទីពីរ។ សិទ្ធិសេរីភាពទីប្រាំពីរ គឺសិទ្ធិហោះហើររវាងប្រទេសបរទេសពីរ ដោយមិនផ្តល់ជូននូវការហោះហើរដល់ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសម្ចាស់ផ្ទះ ប៉ុន្តែវាស្ថិតនៅក្នុងដំណើរការនៃកិច្ចចរចា ហើយការអនុវត្តទំនងជានៅតែឆ្ងាយនៅឡើយ។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) បានប្រាប់ទៅកាន់ទស្សនាវដ្តី Cambodian Business Review Magazine ក្រោយការចូលរួមក្នុងសន្និសីទ ASAM នេះថា ASAM តំណាងឲ្យឱកាសសម្រាប់ប្រទេសកម្ពុជាច្រើនជាងការគំរាមកំហែង។

លោកបានថ្លែងថា: ការធ្វើសមាហរណកម្មនៃឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសកម្ពុជាចូលទៅក្នុងតំបន់នេះគឺជាផលចំណេញ ដោយសារតែយើងអាចពង្រីកទីផ្សាររបស់យើង និងបង្កើនការប្រកួតប្រជែងដែលនឹងផ្តល់ប្រយោជន៍ដល់អតិថិជន និងកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសនេះ។

- Video Advertisement -