ព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

 

ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ​មាន​សេចក្តីសោមនស្ស​រីករាយ​សូម​ផ្សព្វផ្សាយ​ជូន​នូវ​ព័ត៌មាន​ថ្មីៗ​ដោយ​ផ្ទាល់​អំពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC)​។​

– ក្រុម​ការងារ​ដោះស្រាយ​ជំលោះ​ដីធ្លី​ត្រូវបាន​បង្កើតឡើង​

​ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​ដ៏​ចម្រូងចម្រាស និង​បង្ការ​ជម្លោះ​ដីធ្លី​នាពេល​អនាគត ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្កើត​នូវ​ក្រុម​ការងារ​ចំនួន ២៧ នៅ​ថ្ងៃ​ទី ០៣ ខែមិថុនា ។ ក្នុង​ក្រុម​នេះ​មាន​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង ដែល​នឹង​ត្រូវ​ពិនិត្យមើល​ឡើងវិញ​នូវ​ជម្លោះ​ដីធ្លី​នៅ​ក្នុង​គ្រប់ ២៧ ខេត្ត​/​ក្រុង​នានា​នៅក្នុង​ប្រទេស​។ ក្រុមការងារ​នីមួយៗ​មាន​មន្ត្រី​ថ្នាក់​ជាតិ​ចំនួន​បួន​នាក់​ដែល​នឹង​ត្រូវ​ជ្រើស​យក​ជម្លោះ​ដីធ្លី​ចំនួន​បី​ដែល​ស្ថិត​នៅក្នុង​សមត្ថកិច្ច​ដែនដី​របស់​ខ្លួន​ដើម្បី​ដោះស្រាយ ហើយ​អាច​ឈាន​ទៅ​ករណី​ជម្លោះ​បី​បន្ទាប់​ផ្សេងទៀត ដរាបណា​បញ្ជី​ការងារ​ថ្នាក់​ជាតិ​នោះ​ត្រូវបាន​រាយការណ៍​ជម្រះ​។​

– សំណង់​ដែល​សង់​រំលោភ​លើ​ឆ្នេរសមុទ្រ​ត្រូវបាន​យកចេញ​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ បាន​ដឹកនាំ​ក្រុម​បច្ចេកទេស​ដែល​រួម​មាន​មន្ត្រី​មកពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​បរិស្ថាន ក្រសួង​ទេសចរណ៍​និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​យកចេញ​នូវ​សំណង់​ដែល​បាន​សាងសង់​ខុសច្បាប់​នៅលើ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​។ ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃទី ០៥ ខែ មិថុនា ក្រុម​បច្ចេកទេស​នេះ​ក៏​បាន​ពិចារណា​អំពី​ការ​រចនា​ម៉ូដ​ស្ថាបត្យកម្ម​សម្រាប់​ច្រក​ទ្វារ​ចូល​ទៅ​ឆ្នេរសមុទ្រ​ទាំងអស់​នៅក្នុង​ខេត្ត​នេះ​ផង​ដែរ​។​

– ប្រទេ​សស្វី​សជួយ​ដល់​ការងារ​គ្រប់គ្រង​ទីក្រុង​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស្នើសុំ​ជំនួយ​ពី​រដ្ឋាភិបាល​ស្វីស ដើម្បី​ជួយ​ដល់​ការងារ​គ្រប់គ្រង​ដីធ្លី និង​ដំណើរការ​ចុះបញ្ជី​ដីធ្លី​នៅក្នុង​ប្រទេស​។ នៅ​ក្នុង​កិច្ច​ជំនួប​នៅ​ថ្ងៃទី ០៨ ខែមិថុនា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ស្វីស ឯកឧត្តម Iv Sieber និង​បាន​ស្នើឲ្យ​លោក​ឯកអគ្គរាជទូត ជួយ​បញ្ជូន​សំណើ​នេះ​ទៅកាន់​រដ្ឋាភិបាល​ស្វីស​ដើម្បី​ផ្តល់​ជំនួយ​នៅក្នុង​វិស័យ​នេះ​បន្ថែម​ទៀត​នាពេល​អនាគត​។​

– នាយកដ្ឋាន​សម្បទាន​ដី​សង្គមកិច្ច​ត្រូវបាន​បង្កើតឡើង​

​ដើម្បី​ជួយ​សម្រួល​ដល់​អគ្គនាយកដ្ឋាន​លំនៅឋាន​ដែល​ទើប​បង្កើត​ថ្មី (២០១៤) ក្រសួង​រៀបចំ​ដែនដី បាន​បង្កើត​នូវ​នាយកដ្ឋាន​សម្បទាន​ដី​សង្គមកិច្ច​នៅ​ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​គ្រប់គ្រង​គម្រោង​ដី​សម្បទាន​នៅ​ទូទាំង​ប្រទេស​។ នាយកដ្ឋាន​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​មួយចំនួន​តាម​ការតែងតាំង​របស់​ក្រសួង​នេះ​។​

– ជប៉ុន​ជួយ​ដល់​បញ្ហា​ការអភិវឌ្ឍ​ទីក្រុង​

​នៅ​ថ្ងៃ​ទី ១៧ ខែមិថុនា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស្នើ​នូវ​អនុស្សារណៈ​យោគយល់ (MOU) ជាមួយ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ (MLIT) របស់​ប្រទេស​ជប៉ុន ដើម្បី​សហការ​គ្នា​លើ​ការចែករំលែក និង​ផ្លាស់ប្តូរ​នូវ​ព័ត៌មាន និង​ជំនាញ​ក្នុង​វិស័យ​គ្រប់គ្រង​ដីធ្លី នគរូបនីយកម្ម និង​ការចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​នៅក្នុង​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​បាន​ស្នើសុំ​ទៅកាន់​សម​ភាគី​ជប៉ុន ឯកឧត្តម​អនុរដ្ឋមន្ត្រី Hideki Miyauchi លើ​ការអនុវត្តន៍​ប្រកបដោយ​ជោគជ័យ​នៃ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​សម្រាប់​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​។ ឯកឧត្តម​ក៏បាន​លើកឡើង​ពី​លទ្ធភាព​នៃ​ការគាំទ្រ​របស់​ប្រទេស​ជប៉ុន​សម្រាប់​ការសាងសង់​ឡើងវិញ​ប្លុក​លំនៅឋាន​អគា​រស​ដែល​សាងសង់ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ក្នុង​រាជធានី​ភ្នំពេញ ។ គណៈប្រតិភូ​របស់​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ (MLIT) ជប៉ុន ព្រមទាំង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​អគា​រស ដើម្បី​សិក្សា​ពី​ស្ថានភាព​នៃ​អគារ និង​ប្រជាពលរដ្ឋ​ដែល​តាំង​លំនៅឋាន​នៅ​ទីនោះ ដើម្បី​វាយតម្លៃ​លទ្ធភាព​នៃ​ការកសាង​ឡើងវិញ​។​

– ធនាគារពិភពលោក​គាំទ្រ​គម្រោង​បែងចែក​ដីធ្លី​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​ជួប​ជាមួយ​លោក Alassane Sow ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​គម្រោង​ទី​ពីរ​នៃ​ការ​បែងចែក​ដីធ្លី​សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ដែល​មាន​រយៈពេល​អនុ​វត្ត​ប្រាំ​ឆ្នាំ​។​

– ប្រទេស​កូរ៉េ​ជួយ​ដល់​ក្រុមហ៊ុន​ក្នុង​ការងារ​ចុះបញ្ជី​តាម​អន​ឡាញ​

ឯកឧត្តម លាង មុនី​រិទ្ធ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ជាមួយ​មជ្ឈមណ្ឌល Korea Software HRD Center របស់​ប្រទេស​កូរ៉េ ដែល​តំណាង​ដោយ​លោក Kim Tae Kyung ដើម្បី​ជួយ​ដល់​ការចុះបញ្ជី​តាម​អន​ឡាញ​របស់​ក្រុមហ៊ុន​ស្របច្បាប់ សហគ្រាស និង​អ្នកជំនាញ​ដែល​ធ្វើការ​ក្នុង​វិស័យ​ការ​រចនា​ស្ថាបត្យកម្ម និង​សំណង់​។ គម្រោង​នេះ​ត្រូវបាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA)​។

 

- Video Advertisement -