ការផ្តួចផ្តើមអោយមានមជ្ឈមណ្ឌលបណ្តុះបណ្តាលអំពីសុវត្ថិភាព

ខណៈពេល​ដែល​មាន​ការ​រីកចំរើន​លើ​ការសាងសង់​អគារ​បច្ចុប្បន្ន មាន​កម្មករ​សំណង់​រាប់ពាន់​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​ប្រថុយ​ជីវិត​ដើម្បី​ទទួល​បាន​ថ្លៃ​សេវា​ការងារ​ប្រចាំ​ថ្ងៃ​ដែល​មាន​តម្លៃ​តិចជាង ១០ ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ការផ្តួចផ្តើម​មួយ​ដើម្បី​បង្កើត​ឲ្យមាន​មជ្ឈមណ្ឌ​ល​បណ្តុះបណ្តាល​អំពី​សុវត្ថិភាព​សាងសង់​ដំបូង​គេ កំពុងតែ​ដំណើរការ និង​មាន​ការ​សង្ឃឹមថា​អាច​ចាប់ផ្តើម​បណ្តុះបណ្តាល​កម្មករ​នាពេល​ឆាប់ៗ​នេះ។​

​បន្ទាប់ពី​បាន​មើលឃើញ​ភាពខ្វះខាត​នៃ​ការបណ្ដុះបណ្ដាល​ពី​សុវត្ថិភាព​ប្រកបដោយ​វិជ្ជាជីវៈ​នៅក្នុង​ប្រទេស​កម្ពុជា លោក Stephen Bradley នាយក​គ្រប់គ្រង​នៅ Bradley and Associates បាន​ផ្តួចផ្តើម​ឲ្យមាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវត្ថិភាព ដែល​មិន​ត្រឹមតែ​កំណត់​គោលដៅ​ទៅ​លើ​កម្មករ​សំណង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួម​ទាំង​កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យ​ដទៃ​ទៀត​ផង​ដែរ​។​

​ស្ថាប័ន Bradley and Associates ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១៤ នេះ បាន​ផ្តល់​នូវ​សេវាកម្ម​ប្រឹក្សា​យោបល់ និង​បណ្ដុះបណ្ដាល​ប្រកប​ដោយ​វិជ្ជាជីវៈ​នៅក្នុង​ផ្នែក​សុខភាព និង​សុវត្ថិភាព​មុខរបរ (OHS) និង​បញ្ហា​ទាក់ទង​នឹង​សុវត្ថិភាព​ផ្សេងទៀត​។​

​សាលា​បណ្តុះបណ្តាល​ដែល​បាន​ស្នើ​ឡើង​នេះ ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​រវាង​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ជាមួយនឹង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ស្តង់ដា​រអគារ​នៅក្នុង​វិស័យ​សំណង់ រួម​ទាំង​ផ្នែក​សុខភាព និង​សុវត្ថិភាព​មុខរបរ (OHS)​។ ផែនការ​នេះ​ត្រូវបាន​ពិភាក្សា​នៅ​ថ្ងៃ​ទី ០៦ ខែ​ឧសភា នៅក្នុង​វេទិកា​ការ​សំណង់​ជា​លើកដំបូង​ដែល​រៀបចំឡើង​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (Eurocham) និង​សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) ដោយ​ផ្តោត​លើ​ប្រធានបទ “​សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​ការដ្ឋាន​”​។

​បច្ចុប្បន្ននេះ ការងារ​ជា​មូលដ្ឋាន​ជាច្រើន​របស់​មជ្ឈមណ្ឌល ត្រូវបាន​ដាក់​ចុះ​តាម​រយៈ​ការពិភាក្សា​ដំបូង​ជាមួយ​ក្រុមហ៊ុន​ធំៗ​ក្នុងស្រុក​ដែល​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ ដែល​គាំទ្រ​ការផ្តួចផ្តើម​នេះ​។ ទីតាំង​ដី​នៅក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​មជ្ឈមណ្ឌល​ត្រូវបាន​ជ្រើសរើស​រួច​ហើយ ប៉ុន្តែ​ថវិកា​សម្រាប់​ការសាងសង់​ដែល​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ប្រហែល​ជា​ទទួលបាន​ពី​ការផ្តល់​ហិរញ្ញប្បទាន​ពី​មជ្ឈមណ្ឌល​សុវត្ថិភាព និង​សុខភាព ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អង់គ្លេស។

​ទស្សនៈវិស័យ​របស់​លោក Bradley គឺ​ផ្លាស់ប្តូរ​មជ្ឈមណ្ឌល​ឲ្យទៅជា​អង្គភាព​មួយ​ទ្រទ្រង់​មូលនិធិ​ដោយ​ខ្លួនឯង តាមរយៈ​កម្រៃ​ពី​ការបណ្តុះបណ្តាល និង​ការឧបត្ថម្ភ​ផ្សេងៗ​ទៀត​។ Post Property បាន​ដកស្រង់​សំដី​របស់​លោក​ថា “​គោលបំណង​គឺ​តម្រូវឲ្យ​រាល់​ការបណ្តុះបណ្តាល​ទាំងអ​ស់​ទទួល​បាន​ការ​ទទួលស្គាល់ និង​បញ្ជាក់​ពី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​ស្ដង់ដារ​ជាតិ​នៅក្នុង OHS ត្រូវបាន​បង្កើតឡើង​”​។​

Bradley សង្ឃឹមថា មជ្ឈមណ្ឌល​នេះ​នឹង​បើក ហើយ​ផ្តល់​ជូន​ការបណ្តុះបណ្តាល​មូលដ្ឋាន​នៅ​ចុងឆ្នាំ​២០១៦​។ លោក​ថែមទាំង​បាន​ស្វែងរក​ការគាំទ្រ​ពី​សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) ដើម្បី​បង្កើត​ជា​ក្រុម​អ្នក​សាងសង់​ដែល​គ្រប់គ្រង​ដោយ​ឯកជន ដែល​តំណាង​ឲ្យ​អ្នក​សាងសង់​នៅ​កម្ពុជា។

​ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យម្ម និង​សំណង់ ក្នុងនាម​តំណាងឲ្យ​ក្រសួង​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​សំណង់ បានឲ្យដឹងថា ក្រសួង​គាំទ្រ​គំនិត​នៃ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តា​នេះ ព្រោះថា​បញ្ហា​សុវត្ថិភាព​នៅ​ការដ្ឋាន​សំណង់ ក៏​ជា​អាទិភាព​ចម្បង​មួយ​របស់​ក្រសួង​ផង​ដែរ​។ ឯកឧត្តម​ក៏បាន​ថ្លែង​ផងដែរ​ថា ច្បាប់​ក្នុង​ការសាងសង់​ដែល​រង់ចាំ​យូរ​មក​ហើយ​នោះ ត្រូវបាន​រំពឹងថា​នឹង​អនុម័ត​នៅ​ចុងឆ្នាំ​នេះ គ្របដណ្តប់​លើ​បញ្ហា​សុវត្ថិភាព​នេះដែរ ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា នៅ​ត្រូវការ​ពេលវេលា​ច្រើន​ទៀត​ដើម្បី​អនុវត្ត​ច្បាប់​នេះ​។​

​លោក​បាន​មានប្រសាសន៍ថា “​បញ្ហា​សុវត្ថិភាព​បាន​ក្លាយជា​បញ្ហា​ចម្បង​សម្រាប់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ យើង​មាន​ក្របខ័ណ្ឌ​ច្បាប់​ត្រឹមត្រូវ​ក្នុង​ការអនុវត្ត​ច្បាប់​សាងសង់ ប៉ុន្តែ​យើង​ត្រូវការ​ពេលវេលា​”​។​

​លោក​ក៏​បាន​រៀបរាប់ថា ក្រសួង​កំពុង​តែ​រៀបចំ​បទ​ប្បញ្ញត្តិ​ដើម្បី​គ្រប់គ្រង​វិស័យ​សំណង់ ដោយ​ដកស្រង់យក​នូវ​ស្តង់ដារ​សុវត្ថិភាព​អន្ដរជាតិ​ដែល​បាន​កំណត់​ដោយ​បណ្តា​ប្រទេស​អាស៊ី​ផ្សេងទៀត​។​ ​យោង​តាម​ការស្ទង់មតិ​មួយ​ដោយ​ក្រសួង ឧស្សាហកម្ម​សំណង់​របស់​ប្រទេស​កម្ពុជា​បាន​បង្កើត​ការងារ​ប្រមាណ ២០០​ពាន់ ទៅ ២៥០​ពាន់​នាក់ សម្រាប់​មនុស្ស​ជា​ប្រចាំ​ថ្ងៃ​។ ប្រហែលជា ៧០ ភាគរយ​នៃ​ពួកគេ​ធ្វើកា​រលើ​ការ​នៅ​ការដ្ឋាន​សំណង់​នៅ​រាជធានី​ភ្នំពេញ​។ កម្មករ​ដែល​គ្មាន​ជំនាញ​អាច​រក​ប្រាក់ចំណូល​បាន​ពី ៦ ដុល្លារ​ទៅ ៧.៥ ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​កម្មករ​ដែល​មាន​ជំនាញ​អាច​រកបាន​ពី ១២.៥ ដុល្លារ​ទៅ ១៥ ដុល្លារ​ក្នុង​មួយថ្ងៃ ខណៈ​ដែល​វិស្វករ និង​ស្ថាបត្យករ អាច​រកបាន​ពី​៣៥០ ដុល្លារ ទៅ ២,០០០ ដុល្លារ​ក្នុង​មួយខែ។

- Video Advertisement -