. ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Xi នាំមកនូវកិច្ចព្រមព្រៀងផ្នែកឧស្សាហកម្មសំណង់ចំ
ក្នុងចំណោមកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់ចំនួន ៣១ ដែលបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងចិន ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi Jinping មកកាន់ប្រទេសកម្ពុជានៅខែតុលា កិច្ចព្រមព្រៀងទាក់ទងទៅនឹងគម្រោងក្នុងវិស័យសំណង់មានចំនួន ១៧ ដែលជាវិស័យមានតម្រូវការយ៉ាងខ្លាំងសម្រាប់ជំនួយបរទេស ។
កិច្ចព្រមព្រៀងទាំង ១៧ ដែលចុះហត្ថលេខាដោយមន្ត្រីជាន់ខ្ពស់មកពីប្រទេសទាំងពីរ ក្រោមអធិបតីប្រមុខរដ្ឋនៃប្រទេសទាំងពីរនៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នៅថ្ងៃទី ១៤ ខែតុលា គឺជាការរួមបញ្ចូលគ្នានៃកិច្ចព្រមព្រៀងប្រាក់កម្ចី និងអនុស្សារណៈសម្រាប់គម្រោងជាច្រើនទាក់ទងទៅនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងថាមពល។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាគឺមានកម្រិតបីផ្សេងគ្នា កម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាល កម្រិតរដ្ឋាភិបាលនិងវិស័យឯកជន និង កម្រិតវិស័យវិស័យឯកជននិងឯកជន។
កិច្ចព្រមព្រៀងទាំងនោះមានដូចជា ៖
កិច្ចព្រមព្រៀងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល
១. អនុស្សារណៈស្តីពីការបង្កើតគម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីរួមគ្នាកសាងក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សទី ២១។
២. កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស លើបទបញ្ញត្តិស្តីពីការផ្តល់ជំនួយឥតសំណងចំនួន ១២០០ លានយ័ន ដើម្បីអនុវត្តកសាងអគារវេជ្ជសាស្ត្រមិត្តភាពកម្ពុជា-ចិន មន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងវិទ្យាស្ថានធនធានទឹក។
៣. ការផ្លាស់ប្តូរកំណត់ហេតុលើគម្រោងអគារវេជ្ជសាស្ត្រមិត្តភាពកម្ពុជា-ចិន ។
៤. កិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់កម្ចីសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ Vaico (ដំណាក់កាលទី២) ។
៥. កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ស្តីពីការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវៃកូ (ដំណាក់កាលទី២) ។
៦. កិច្ចព្រមព្រៀងក្របខ័ណ្ឌកម្ចីសម្បទានសម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ ៥១។
៧. កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ស្តីពីការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ដើម្បីអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ ៥១។
៨. កិច្ចព្រមព្រៀងក្របខ័ណ្ឌកម្ចីសម្បទានសម្រាប់គម្រោងសាងសង់ផ្នែកខាងលិចនៃផ្លូវក្រវ៉ាត់ក្រុងភ្នំពេញ (Ring Road)។
កិច្ចព្រមព្រៀងកម្រិតរដ្ឋាភិបាល និងវិស័យឯកជន
៩. កិច្ចព្រមព្រៀងសម្បទានសម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
១០. កិច្ចព្រមព្រៀងឥណទានសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវៃកូ (ដំណាក់កាលទី ២) ។
១១. កិច្ចព្រមព្រៀងឥណទានសម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ ៥១។
១២. កិច្ចព្រមព្រៀងឥណទានសម្រាប់គម្រោងសាងសង់ផ្នែកខាងលិចនៃផ្លូវក្រវ៉ាត់ក្រុងភ្នំពេញ (Ring Road) ។
១៣. កិច្ចព្រមព្រៀងឥណទានសម្រាប់គម្រោងពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់ជនបទ (ដំណាក់កាលទី៥ និងដំណាក់កាលទី៦)។
១៤. កិច្ចសន្យាការងារស៊ីវិលសម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ ១១ (អ្នកលឿងផ្លូវជាតិលេខ១) ថ្នល់ទទឹង (ផ្លូវជាតិលេខ ៧) ។
១៥. កិច្ចសន្យាពាណិជ្ជកម្មសម្រាប់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ដំណាក់កាលទី២ (ខ្សែបញ្ជូនក្នុងភាគខាងកើតនៃបណ្តាញផ្គត់ផ្គង់អគ្គិសនីជាតិកម្ពុជា-ផ្នែកទី១)។
កិច្ចព្រមព្រៀងកម្រិតវិស័យឯកជន និងឯកជន
១៦. អនុស្សរណៈលើការវិនិយោគ និងការអភិវឌ្ឍបណ្តាញថាមពលអគ្គិសនីជាតិ។
១៧. កិច្ចព្រមព្រៀងពិធីសារស្តីពីគម្រោងចែកចាយថាមពលកំដៅ ៤៥០ម៉េហ្គាវ៉ាត់ ក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដោយឈរលើមូលដ្ឋាន សាងសង់ ធ្វើជាម្ចាស់ និងប្រតិបត្តិការ។
សារព័ត៌មាន Xinhua បានដកស្រង់សំដីលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រថា ទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi នឹងចូលរួមចំណែកបន្ថែមទៀតដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ទេសចរណ៍ ការអប់រំ ពាណិជ្ជកម្ម និងការវិនិយោគ។
លោកប្រធានាធិបតី Xi ក៏បានសន្យាជំរុញឲ្យមានការវិនិយោគរបស់ចិនក្នុងការកសាងផ្លូវរថភ្លើងល្បឿនលឿននៅប្រទេសកម្ពុជា និងអាកាសយានដ្ឋាននៅក្នុងខេត្តសៀមរាប។
គួរកត់សម្គាល់ថា មុនដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីក្លាយជាមេដឹកនាំកំពូលរបស់ប្រទេសចិននៅក្នុងខែមីនា ឆ្នាំ២០១៣ លោកប្រធានាធិបតីបានមកធ្វើទស្សនកិច្ចក្នុងឋានៈជាអនុប្រធានាធិបតីនៅឆ្នាំ ២០០៩ ដោយក្នុងនោះលោកបានមើលការខុសត្រូវលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣១ រួមទាំងកិច្ចព្រមព្រៀងកម្ចី ២៣៨ លានដុល្លារ កិច្ចព្រមព្រៀងលើកលែងបំណុលចំនួន ៨៩ លានដុល្លារ និងជំនួយយោធាចំនួន ១៥ លានដុល្លារ។
បើយោងតាមសារព័ត៌មាន Reuters ប្រទេសចិនបានផ្តល់ប្រាក់កម្ចីចំនួន ១៥ ប៊ីលានដុល្លារដល់ប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សកន្លងមក ហើយសម្រាប់ឆ្នាំនេះមានការសន្យាផ្តល់កម្ចី ៦០០ លានដុល្លារ ។
ការវិនិយោគរបស់ចិននៅប្រទេសកម្ពុជាមានតម្លៃ ៨៦៤ លានដុល្លារ កាលពីឆ្នាំមុន និងមានចំនួនសរុប ៩,១ ប៊ីលានដុល្លារ ត្រូវបានសន្យាផ្តល់តាំងពីឆ្នាំ ១៩៩៤ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងឈានដល់ ៥ ប៊ីលានដុល្លារនៅឆ្នាំក្រោយ ដោយកើនឡើងពី ៤ ប៊ីលានដុល្លារនៅឆ្នាំ ២០១៥។
បច្ចុប្បន្ន ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា និងជាប្រភពនៃការវិនិយោគបរទេសដោយមានកិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានពង្រីកនៅក្នុងវិស័យជាច្រើន រួមមានការធ្វើពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ ធនធានថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ។

