CCA ស្វាគមន៍ប្រតិភូជំនួញហុងកុង
សមាគមអ្នកម៉ៅការសាងសង់កម្ពុជា (CCA) បានទទួលស្វាគមន៍គណៈប្រតិភូជំនួញជាន់ខ្ពស់មកពីទីក្រុងហុងកុងក្នុងខែ កុម្ភៈ ដើម្បីពិភាក្សាពីឱកាសវិនិយោគនៅក្នុងទីផ្សារសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។
អំឡុងពេលកិច្ចប្រជុំនៅការិយាល័យធនាគារកាណាឌីយ៉ានៅថ្ងៃទី ២៧ ខែកុម្ភៈ នាយកប្រតិបត្តិកំពូលៗចំនួន ២០រូប មកពីក្រុមហ៊ុនសមាជិក CCA បានផ្លាស់ប្តូរការយល់ដឹង ជាមួយនឹងអ្នកដឹកនាំអាជីវកម្មចំនួន ២៤រូប មកពីខាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មអចលនទ្រព្យ និងសេវាកម្មវិជ្ជាជីវៈនៅហុងកុង។ គោលដៅគឺដើម្បីឲ្យពួកគេអាចទទួលបាន ព័ត៌មានដំបូងពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។
គណៈប្រតិភូហុងកុងដែលបានមកទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ៣ ខែមីនា តំណាងឲ្យវិស័យជាច្រើនរួមមានការផ្តល់សេវាហិរញ្ញវត្ថុ និងសេវាជំនាញវិជ្ជាជីវៈ ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ ពាណិជ្ជកម្ម និងការផលិត និងច្បាប់ ដែលសុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគប្រកបដោយសក្កានុពលនៅក្នុងប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំរយៈពេលមួយម៉ោងនោះ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធាន Canadia Bank Group បានរាយការណ៍ពីឱកាសវិនិយោគ និងស្ថានភាពនៅក្នុងទីផ្សារសំណង់ជូនដល់គណៈប្រតិភូ។ លោកបានកត់សម្គាល់ថា ការវិនិយោគអន្តរជាតិបានហូរចូលមកក្នុងប្រទេសកម្ពុជា ដែលនេះជួយជម្រុញកំណើនសេដ្ឋកិច្ចរឹងមាំ និងបង្កើនល្បឿនអភិវឌ្ឍនៅក្នុងវិស័យគន្លឹះ។
ដោយទទួលស្គាល់ចំណងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងហុងកុង គណៈប្រតិភូបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការធ្វើអាជីវកម្មនៅកម្ពុជា។
សមាគម CCA តំណាងឲ្យឧស្សាហកម្មសំណង់ឯកជន ជាប្រចាំបានទទួលស្វាគមន៍ប្រតិភូអន្តរជាតិដែលចង់ស្វែងយល់ពីឱកាសអាជីវកម្ម និងវិនិយោគ ជាពិសេសទាក់ទងនឹងការសាងសង់នៅក្នុងប្រទេសកម្ពុជា។
អ្នកឧកញ៉ា ពុង ឃាវសែ ក៏បានអមដំណើរប្រតិភូហុងកុងទៅទស្សនកិច្ចនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (MLMUPC) ដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។
- Video Advertisement -