រោងចក្រប្រព្រឹត្តកម្មទឹកនិរោធដំណាក់កាលទី២ កំពុងប្រតិបត្តិការ
រោងចក្រប្រព្រឹត្តកម្មទឹកនិរោធដំណាក់កាលទី ២ បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមេសា ក្នុងការផ្តល់សេវាទៅដល់តំបន់ជាយក្រុង និងតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ ដោយមានសមត្ថភាពផ្តល់ទឹក ៥៦០.០០០ម៉ែត្រគូប។
រោងចក្រប្រព្រឹត្តកម្មទឹកនេះមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានតម្លៃ ៦០ លានដុល្លារ ក្រោមការឧបត្ថម្ភរួមគ្នាដោយរដ្ឋាករទឹកស្វយ័តភ្នំពេញ (ចំនួន ៤,៩លានដុល្លារ) និងកម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ចំនួន ៣៦លានដុល្លារអាមេរិក។
ការសាងសង់ដំណាក់កាលទី២ ចំណាយពេល ៣០ខែ ចាប់ផ្តើមពីខែសីហា ឆ្នាំ២០១៤ និងត្រូវបានសាងសង់ដោយក្រុមហ៊ុន VINCI Construction Grands Projects ដែលមានមូលដ្ឋាននៅប្រទេសបារាំង និងដោយមានការគាំទ្រផ្នែកបច្ចេកទេសពីក្រុមហ៊ុនប្រឹក្សា Safege ដែលមានមូលដ្ឋាននៅបារាំង។ ក្នុងពេលពិធីបើកសម្ពោធជាផ្លូវការសម្រាប់ដំណាក់កាលទី២នេះ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរាយការណ៍ថាការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកដំណាក់កាលទី១ បានចាប់ផ្តើមក្នុងខែសីហា ឆ្នាំ២០១០ ហើយត្រូវបានដាក់ប្រតិបត្ដិការនៅក្នុងខែមិថុនា ឆ្នាំ២០១៣។ វាត្រូវចំណាយអស់ ៩០លានដុល្លារអាមេរិក ដែលផ្តល់ហិរញ្ញប្បទានតាមរយៈកម្ចីចំនួន ៤០លានដុល្លារអាមេរិកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង ២០ លានដុល្លារអាមេរិកផ្សេងទៀតខ្ចីពី AFD សម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
តាមរយៈការរួមបញ្ចូលគ្នានូវរោងចក្រទាំងពីរដំណាក់កាលនេះ បច្ចុប្បន្នរោងចក្រប្រព្រឹត្តកម្មទឹកនិរោធអាចបង្កើនសមត្ថភាពរបស់ខ្លួនទ្វេដងពី ១៣០.០០០ម៉ែត្រគូប ទៅ ៥៦០.០០០ម៉ែត្រគូប ជារៀងរាល់ថ្ងៃដែលអនុញ្ញាតឲ្យរោងចក្រផ្គត់ផ្គង់ទឹកសម្រាប់គ្រួសារបានរហូតដល់ ៣៣១.០០០គ្រួសារដែលបច្ចុប្បន្នរស់នៅក្នុងតំបន់ជាយក្រុងភ្នំពេញ និងក្រុងតាខ្មៅ។
លោករដ្ឋមន្ត្រីបានប្រសាសន៍ថា “តម្រូវការទឹកនៅទូទាំងប្រទេសកម្ពុជាបានកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅក្នុងរាជធានី ជាមួយនិងការកើនឡើងនូវចំនួនគ្រួសារ ១៤.០០០គ្រួសារជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤”។
ក្នុងឱកាសចូលរួមក្នុងពិធីបើកសម្ពោធនៅថ្ងៃទី៥ ខែមេសា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់អនុសាសន៍ថា អាជ្ញាធរទិញយកហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់ឯកជននៅក្នុងខេត្តកណ្តាល និងបន្តការផ្គត់ផ្គង់ទឹកទៅដល់ប្រជាជន ជាពិសេសឃុំ និងភូមិដែលត្រូវបានបញ្ចូលថ្មី ក្នុងតម្លៃដូចគ្នានិងអ្នករស់នៅក្នុងរាជធានីភ្នំពេញដែរ។ លោកបានណែនាំស្តីពីការបង្កើតពន្ធអគ្គិសនីមានតម្លៃសមរម្យសម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកទូទាំងប្រទេស ដើម្បីឲ្យពួកគេអាចផ្តល់នូវទឹកដែលមានតម្លៃសមរម្យជូនប្រជាជន។
សម្តេចនាយករដ្ឋមន្ត្រីបានសរសើរថា “គុណភាពទឹកដែលរោងចក្រប្រព្រឹត្តកម្មទឹកនិរោធផ្គត់ផ្គង់គឺល្អប្រសើរច្រើនជាងទឹកដែលយើងផ្គត់ផ្គង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ព្រោះថាប្រជាពលរដ្ឋអាចផឹកទឹកចេញពីក្បាលរ៉ូប៊ីនេតែម្តង។ តែទោះយ៉ាងណា ដើម្បីថែទាំងសុខភាព យើងគួរដាំវាសម្រាប់បរិភោគ”។
រដ្ឋាករទឹកស្វយ័តភ្នំពេញជាស្ថាប័នស្វយ័តដែលផ្គត់ផ្គង់ទឹកដល់រាជធានីភ្នំពេញ និងទៅកាន់តំបន់មួយចំនួននៅតាខ្មៅ និងខេត្តកណ្តាល។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ រដ្ឋាករទឹកស្វយ័តភ្នំពេញបានវិនិយោគនៅក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹក រោងចក្រប្រព្រឹត្តកម្មទឹក និងពង្រីកបណ្តាញចែកចាយ ដោយមានការគាំទ្រពី FAD ធនាគារពិភពលោក និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។
យោងតាមស្ថិតិពីរដ្ឋាករទឹកស្វយ័តភ្នំពេញ ២០ ភាគរយនៃប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញអាចទទួលបានការផ្គត់ផ្គង់ទឹករបស់ទីក្រុងក្នុងឆ្នាំ ១៩៩៣ ប៉ុន្តែក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុងបានកើនឡើងជាងបួនដង។
មានគម្រោងជាច្រើនទៀតខាងក្រៅរាជធានីភ្នំពេញ។ កាលពីពីរឆ្នាំមុន អង្គការ JICA បានប្រកាសពីការផ្តួចផ្តើមសាងសង់រោងចក្រផ្គត់ផ្គង់ទឹកចំនួនពីរនៅខេត្តកំពង់ចាម និងបាត់ដំបង ក្នុងតម្លៃ ៣០លានដុល្លារអាមេរិក ដែលជាការវិនិយោគរួមគ្នារវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។
- Video Advertisement -