១៥០ ក្រុមហ៊ុនជាតិ-អន្តរជាតិ ចូលរួមពិព័រណ៍អន្តរជាតិស្ថាបត្យកម្ម និងការតុបតែងលំអកម្�
ពិព័រណ៍អន្តរជាតិស្ថាបត្យកម្ម និងការតុបតែងលំអកម្ពុជា ២០១៧ ដែលបានប្រារព្ធធ្វើឡើងក្នុងរយៈពេលបីថ្ងៃដោយគិតចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១០ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ជាលើកទីពីរហើយ ដែលពិព័រណ៍មួយនេះបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា និងចាត់ចែង ឡើងដោយក្រុមហ៊ុនថៃICVeX Co., Ltd. ជាក្រុមហ៊ុនពហុជំនាញ ដែលនាំមុខក្នុងការច្នៃប្រឌិតនៅក្នុងប្រទេសថៃ និងបានចាប់ដៃគូជាមួយសមាគមស្ថាបត្យករកម្ពុជា។

ឆ្នាំនេះ មាន១៥០ក្រុមហ៊ុនជាតិ និងអន្តរជាតិ បានចូលរួមព្រឹតិ្តការណ៍នេះ។ បណ្តាក្រុមហ៊ុនទំាងនោះ មកពីប្រទេសថៃ ម៉ាឡេស៊ី សឹង្ហបុរី វៀតណាម អ៊ីតាលី និងប្រទេសចិន ពោលគឹមានប្រមាណ ៧០ភាគរយ ជាអ្នកតាំងពិព័រណ៍អន្តរជាតិ ដែលបានមកតាំងបង្ហាញអំពីគំនិតច្នៃប្រឌិតថ្មីៗចុងក្រោយរបស់ខ្លួន ស្វែងរកឱកាសអាជីវកម្មថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍អំពីការរីកចម្រើនផ្នែករចនាក្នុងទីផ្សារសំណង់ដែលកំពុងរីកចម្រើនខ្លាំងនៅកម្ពុជា។

ក្រៅពីការ នាំមកនូវការរចនាអន្តរជាតិដ៏ល្អបំផុតមកកាន់កម្ពុជា ពិព័រណ៍ដែលបានប្រាព្រឹត្តិឡើងក្នុងរយៈពេលបីថ្ងៃនេះ ក៏មានរៀបចំសិក្ខាសិលាស្តីពីការអប់រំ ការប្រកួតប្រជែងការរចនាក្នុងចំណោមនិស្សិត និងការពិសារអាហារពេលល្ងាចដើម្បីបង្កើតបណ្តាញជាមួយស្ថាបត្យករផងដែរ។
ពិព័រណ៌ស្ថាបត្យកម្ម និងតុបតែងលំអ បានទទួលជោគជ័យជាលើកទីមួយក្រោមការចាត់ចែងឡើងដោយ ICVeX នៅក្នុងឆ្នាំ២០១៤ នៅប្រទេសភូមា ដែលបានជម្រុញចិត្តក្រុមហ៊ុននាំយកពិព័រណ៍នេះមកកម្ពុជា នេះបើយោងការចុះផ្សាយរបស់ក្រុមហ៊ុន។

លោក Ajinveat Vhongthong ប្រធានគម្រោងនៃក្រុមហ៊ុន ICVeX Co Ltd., បានមានប្រសាសន៍នៅក្នុងការបើកសម្ពោធកម្មវិធីពិព័រណ៍កាលពីថ្ងៃទី៨ ខែមិថុនា នេះឲ្យដឹងថា “យើងបង្កើតពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងលំអនេះឡើង ដើម្បីជួយដល់អ្នកជំនាញនានាក្នុងការបង្កើតបណ្តាញជាមួយនឹងអតិថិជនសក្តានុពលគោលដៅ និងកំណត់ឱកាសថ្មីៗនៅលើទីផ្សារ”។ លោកបានបន្ថែមថា បើយោងតាមការស្ទង់មតិនៃពិព័រពណ៍កាលពីឆ្នាំមុន បានរំពឹងទុកថានឹងបង្កើតអាជីវកម្មមានតម្លៃជាង ១៨ លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៦។
ពិព័រណ៍ពាណិជ្ជកម្មនេះត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅកម្ពុជា នៅថ្ងៃទី ៩-១១ ខែមិថុនា ឆ្នាំ២០១៦ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានជាង១០០ក្រុមហ៊ុន មកពីប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី សឹង្ហបុរី វៀតណាម ចិន និងបណ្តាប្រទេសអាស៊ី និងអឺរ៉ុប បានដាក់តាំងបង្ហាញ។ ការដាក់តាំងបង្ហាញនេះ ប្រារព្ធឡើងក្នុងរយៈពេលពីរថ្ងៃសម្រាប់សិក្ខាសាលាបង្ហាញពីចំណេះដឹងដល់អ្នកបានចូលរួម ដែលមានអ្នកទស្សនារហូតជាង ៣៥០០នាក់។
ថ្លែងនៅក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍នេះ ឯកឧត្តម ភឿង សុភណ្ឌ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ឲ្យដឹងដែរថា លោកជឿជាក់ពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងលំអ លើកទីពីរនេះនឹងជោគជ័យដូចឆ្នាំមុនដែរ។ លោកបានសង្កត់ធ្ងន់ថា “វាជាវេទិការដ៏សំខាន់ក្នុងការផ្លាស់ប្តូរគំនិតយោលបល់ទាក់ទងទៅនឹងស្ថាបត្យកម្ម និងវិស័យសំណង់។

លោកបានបន្ថែមថា វិស័យសំណង់បានកើនឡើង១៦៣ ភាគរយកាលពីឆ្នាំមុន ហើយបច្ចុប្បន្នទីផ្សារនៃវិស័យមួយនេះមានតម្លៃ ៨ប៊ីលានដុល្លារអាមេរិក ហើយលោកសង្ឃឹមថាពិព័រណ៍នេះនឹងជួយឲ្យការផ្គត់ផ្គង់វិស័យសំណង់កាន់តែមានភាពល្អប្រសើរឡើង។
ស្រដៀងនឹងការលើកឡើងនេះដែរ លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជាបានលើកឡើងដែរថា ពិព័រណ៍ពាណិជ្ជកម្មនេះនឹងបង្ហាញពីសេវាកម្ម និងផលិតផលប្រកបដោយភាពល្អឥតខ្ចោះ និងរបកគំហើញថ្មីផងដែរជាមួយនឹងសមត្ថភាពដ៏ឆ្លាតវៃ ដែលពេលនេះគឺអាចរកបាននៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នមានគម្រោងសាងសង់ជាច្រើនដូចជា គម្រោងសាងសង់លំនៅឋាន អគារពាណិជ្ជកម្ម និងគម្រោងអគារការិយាល័យ ដែលបាននឹងកំពុងសាងសង់នៅកម្ពុជា ហើយលោកសង្ឃឹមថាព្រឹតិ្តការណ៍នេះទាក់ទាញការវិនិយោគកាន់តែច្រើនបន្ថែមទៀតមកកម្ពុជា៕
- Video Advertisement -