កិច្ចពិភាក្សាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបាន៩០% ខណៈការសាងសង់ចាប់ផ្តើមចុ
បន្ទាប់ពីការសិក្សាលើគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហុដោយប្រើពេលវេលាអស់ជាច្រើនឆ្នាំកន្លងមក ទីបំផុតគម្រោងសាងសង់ផ្លូវដ៏ធំនេះត្រូវបានប្រកាសឲ្យសាងសង់នៅដើមឆ្នាំថ្មីខាងមុខនេះ។
កាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសថាកិច្ចពិភាក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបានជិត១០០ ភាគរយ ហើយគ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០១៨។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងក្នុងពិធីប្រគល់ និងទទួលជាផ្លូវការស្ពានកោះកុងកាលពីសប្តាហ៍មុនយ៉ាងដូច្នេះថា៖ “រាជរដ្ឋាភិបាលកម្ពុជា កំពុងតែចរចាជាមួយក្រុមហ៊ុនសាងសង់ចិនមួយ នឹងឲ្យសាងសង់ផ្លូវល្បឿនលឿន ៤គន្លង (ទៅ២ មក២)…..ពីភ្នំពេញមកក្រុងព្រះសីហនុ កិច្ចការនេះយើងធ្វើបាន៩០ ភាគរយហើយក្នុងការចចារធ្វើផ្លូវប្រភេទ BOT នេះ”។ ឯកឧត្តមរដ្ឋមន្រ្តីរំពឹងថា ឆ្នាំក្រោយនឹងមានឱកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះ ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា តាមគម្រោងនៃការសាងសង់ផ្លូវនេះ នឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៨ ព្រោះក្រុមការងារបច្ចេកទេសបានបញ្ចប់ការងាររបស់ខ្លួនហើយ រង់ចាំតែពេលវេលាបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។
ការចំណាយលើការសាងសង់គម្រោងផ្លូវប្រភេទ BOT នេះ ស្ថិតក្នុងគម្រោងថវិកា ១.៩០០ លានដុល្លារអាមេរិក បើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល កន្លងមកនេះថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ នឹងស្ថាបនាដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលជាក្រុមហ៊ុនសាងសង់ធំជាងគេទីបួនរបស់ចិន គ្រប់គ្រងដោយរដ្ឋ។
ដោយមានលក្ខណៈខុសគ្នាទៅនឹងផ្លូវធម្មតា ផ្លូវល្បឿនលឿននេះ មាន ៤គន្លងផ្លូវរថយន្តគឺសម្រាប់ទៅ-មក ២ គន្លងម្ខាង និងខណ្ឌដោយសួនច្បារកណ្តាល ហើយពុំអនុញ្ញាតឲ្យមានម៉ូតូធុនតូចបើកបរ ឬសត្វឆ្លងកាត់ផ្លូវនោះបានទេ ដោយសារមានរបងព័ទ្ធការពារពីខាងក្រៅ។
អត្ថបទដោយ៖ ប៊ុនធឿន
អ៊ីម៉េល៖ bunthoeun.chhut@construction-property.com

រូបភាពតំណាង

- Video Advertisement -