ផ្លូវក្រវ៉ាត់ក្រុងទី២ កំណាត់ទី២ តម្លៃជិត៦២លានដុល្លារ សម្រេចបាន៥១%
ភ្នំពេញ៖ ដើម្បីបញ្ចៀសចរាចរណ៍នៃការដឹកជញ្ជូនពីរថយន្តដឹកទំនិញធំៗចូលក្នុងទីក្រុង រាជរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងក្នុងការពង្រីកផ្លូវក្រវ៉ាត់ក្រុង ជាក់ស្តែងគិតត្រឹមថ្ងៃទី២២ ម្សិលមិញនេះការដ្ឋានចាក់ប៉េតុងផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី២ សម្រេចបាន៥១ ភាគរយ ហើយ។ នេះបើយោងតាមរដ្ឋបាលរាជធានីភ្នំពេញ។
កំណាត់ទី២ នេះ គឺតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្សី (ត្រង់ស្តុបផ្សារដីហុយ) ឆ្ពោះទៅផ្លូវជាតិលេខ២(ត្រង់ព្រែកសំរោង តាខ្មៅ)។ បើនិយាយឲ្យងាយយល់ ពោលគឺខ្សែទី២ កំណាត់ទី២នេះ គឺត្រូវតភ្ជាប់ពីស្តុបផ្សារដីហុយ ទៅផ្លូវលេខ១០១៩ កាត់តាមផ្លូវ North Bridge ផ្លូវទ្រុងមាន់ ផ្លូវមុខររោងចក្រអគ្គិសនី ផ្លូវមុខសហគមន៍អន្លង់គង ផ្លូវទំនប់៧មករា ដល់ផ្លូវជាតិលេខ២ ភ្ជាប់ស្ពានព្រែកសំរោងតាខ្មៅ។
ផ្លូក្រវ៉ាត់ក្រុងភ្ជាប់ទៅភាគខាងត្បូងនៃរាជាធានីភ្នំពេញនេះ មានប្រវែង១៧ គីឡូម៉ែត្រ គ្រោងចំណាយជិត៦២ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានរដ្ឋាភិបាលប្រជាមានិតចិន ដោយនឹងប្រើរយៈសាងសង់ ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ខាងមុខ។
ផ្លូវក្រវ៉ាត់ក្រុងកំណាត់ទី២ តម្លៃជិត៦២ លានដុល្លារអាមេរិកនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ចំថ្ងៃដែលផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី១ បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
កំណាត់ទី១ មានប្រវែង១០ គីឡូម៉ែត្រ ដោយចំណាយថវិកាសាងសង់ប្រមាណជាង១០ លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋវៀតណាម ហើយតភ្ជាប់ពីផ្លូវទំនប់កប់ស្រូវ(ឬផ្លូវ១២០K) ឆ្ពោះទៅកាន់មហាវិថីសហព័ន្ធរុស្សី។
បើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវក្រវ៉ាត់ក្រុងនេះ នឹងចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ជម្រុញការដឹកជញ្ជូន ភស្តុភារ និងទំនិញ មានលក្ខណៈកាន់តែងាយស្រួលពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ២ និងទៅផ្លូវជាតិលេខ១ បានឆាប់រហ័ស ជាពិសេសការតភ្ជាប់ទៅកាន់តំបន់ទំនប់កប់ស្រូវ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរថា ទំនប់កប់ស្រូវ កំពុងមានការអភិវឌ្ឍខ្លាំង និងប្រែក្លាយទៅជាមជ្ឈមណ្ឌលស្តុកផ្គត់ផ្គង់ និងចែកចាយទំនិញ នៅតំបន់ភាគខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ (ផ្លូវជាតិលេខ១) និងទៅក្រុងហូជីមិញប្រទេសវៀតណាមផងដែរ។
អត្ថបទ៖ ប៊ុនធឿន
អ៊ីម៉េល៖ bunthoeun.chhut@construction&property.com




- Video Advertisement -