ការវិនិយោគចំនួន ៧ប៊ីលានដុល្លារសម្រាប់កម្ពុជា
ក្រុមហ៊ុនអចលនទ្រព្យនិងសំណង់ខ្នាតយក្សពីររបស់ចិន បានសន្យាវិនិយោគចំនួន ៧ប៊ីលានដុល្លារនៅកម្ពុជាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ទីក្រុងប៉េកាំងកាលពីចុងខែវិច្ឆិកា។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន និងលោក Zhang Yuling ប្រធានក្រុមហ៊ុន Greenland Holding Group និងលោក Cheng Risheng ប្រធានក្រុមហ៊ុន Henan Transport Investment Group។
ក្រុមហ៊ុនទាំងពីរនេះបានជូនដំណឹងភ្ញៀវកម្ពុជារបស់ខ្លួនអំពីគោលបំណងនៃការវិនិយោគរបស់ខ្លួនដែលរួមមាន ការអភិវឌ្ឍគម្រោងធំៗចំនួនបួន។ គម្រោងថ្មីនេះនឹងរួមបញ្ចូលនូវផ្លូវល្បឿនលឿន (Expressway) ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងកំពង់ផែសមុទ្រព្រះសីហនុ។ ក្រៅពីនេះក៏មានផងដែរ ការសាងសង់ទីក្រុងរណបមួយផ្សេងទៀតនៅជិតភ្នំពេញ កន្លែងបម្រើឲ្យទេសចរណ៍និងការកម្សាន្ត និងធនាគារពាណិជ្ជខ្នាតធំ។
មន្រ្តីប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនអភិវឌ្ឍទាំងពីរបានពន្យល់ពីការវិនិយោគរបស់ពួកគេទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានបំណងធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍប្រទេសកម្ពុជាក្នុងនាមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនភីង។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយរាជរដ្ឋាភិបាលបានលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្វាគមន៍ការសម្រេចចិត្ត ហើយនិងបន្តដោយកិច្ចព្រមព្រៀងផ្លូវការមួយចំនួនដើម្បីត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគនៅពេលនាយករដ្ឋមន្រ្តីចិនលោក Li Keqiung មកទស្សនកិច្ចនៅកម្ពុជានៅខែមករា ឆ្នាំ២០១៨។
យោងតាមសេចក្ដីថ្លែងការណ៍នោះ នាយកប្រតិបត្តិចិនទាំងពីររូបបានប្រាប់នាយករដ្ឋមន្រ្តីកម្ពុជាថា ពួកគេនឹងធ្វើការជាមួយក្រសួងចិនដែលពាក់ព័ន្ធនានាដើម្បីរៀបចំអ្វីៗបន្តដើម្បីពង្រឹងការសន្យានេះមុនពេលនាយករដ្ឋមន្រ្តីចិនមកទស្សនកិច្ចនៅកម្ពុជានៅដើមឆ្នាំក្រោយ។
គម្រោងវិនិយោគដែលរំពឹងថានឹងបង្កើតការងារចំនួន ២០,០០០ នៅពេលការសាងសង់ចាប់ផ្តើមនេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលោកបានប្រាប់ទៅកាន់សមភាគីចិនថា កម្ពុជាផ្តល់នូវការយកចិត្តទុកដាក់ពិសេសចំពោះក្រុមហ៊ុនអភិវឌ្ឍន៍បរទេសដែលអាចប្រើប្រាស់មូលធនវិនិយោគផ្ទាល់ខ្លួន១០០ភាគរយ ដោយមិនមានការសហការដៃគូជាមួយក្រុមហ៊ុនម៉ៅការបន្តក្នុងស្រុក។
ក្រុមហ៊ុន Greenland Group ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ ដោយមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងសៀងហៃ ហើយក្រុមហ៊ុនបានពង្រីកអាជីវកម្មនៅបរទេសរបស់ខ្លួនយ៉ាងលឿនដោយគ្របដណ្តប់លើទ្វីបចំនួន៤ ក្នុងបណ្តាប្រទេសចំនួន៩ និងទីក្រុងចំនួន១៣ រួមទាំងសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស និងអូស្រ្តាលី ហើយបានក្លាយជាប្រតិបត្តិករឈានមុខគេនៅក្នុងឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសចិន នេះបើយោងតាមវេបសាយរបស់ក្រុមហ៊ុន។
ក្រុមហ៊ុននេះបានវិនិយោគរួចហើយនូវទឹកប្រាក់ចំនួន ៥០០លានដុល្លារនៅទីក្រុងរណបលើកោះពេជ្រដែលកំពុងរីកចម្រើនខ្លាំង ហើយគម្រោងរបស់ក្រុមហ៊ុនត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០១៨។
នៅឆ្នាំ២០១៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ របស់កម្ពុជាបានរាយការណ៍ថា ក្រុមហ៊ុនចិនឈរនៅលើគេក្នុងបញ្ជីការវិនិយោគផ្ទាល់ពីបរទេស (FDI) បន្ទាប់មកគឺប្រទេសកូរ៉េ និងប្រទេសជប៉ុន ដោយក្នុងនោះមានគម្រោងចំនួន២០កំពុងអភិវឌ្ឍន៍ ហើយមូលធនវិនិយោគទុនរបស់ពួកគេមានតម្លៃប្រមាណ ៨៤១លានដុល្លារ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍នៅចុងខែតុលាថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៦.៩ភាគរយនៅឆ្នាំនេះ ដោយធ្លាក់ចុះពី ៧ភាគរយកាលពីឆ្នាំមុន។
វិស័យសំណង់កម្ពុជាតែមួយទទួលបានការវិនិយោគសរុបចំនួន ៤.៩៤ប៊ីលានដុល្លារក្នុងអំឡុងពេល ៦ខែដំបូងនៃឆ្នាំ២០១៧ កើនឡើង ២៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាម IMF វិស័យសំណង់និងអចលនទ្រព្យនៅតែរឹងមាំ ដែលគាំទ្រដោយតម្រូវការលំនៅឋានពីប្រជាជនវ័យក្មេងនិងមានចំណូលមធ្យមរបស់កម្ពុជា។
- Video Advertisement -