អត្ថប្រយោជន៍នៃការប្រើប្រាស់កិច្ចសន្យា FIDIC សម្រាប់គម្រោងសាងសង់ដែលស្មុគស្មាញក្នុងប

លោក អ៊ឹង សុភាលក្ខណ៍ និងលោក Charles AMAR មេធាវីនៅ Bun & Associates បានផ្តល់ប្រឹក្សាដល់អតិថិជនក្នុងស្រុក និងអតិថិជនបរទេសដែលស្វែងរកដំបូន្មានពីអ្នកជំនាញ និងដំណោះស្រាយប្រកបដោយនវានុវត្តន៍ចំពោះប្រតិបត្តិការសំខាន់ និងស្មុគស្មាញទាក់ទងនឹងអចលនទ្រព្យមិនទាន់អភិវឌ្ឍន៍ និងអចលនទ្រព្យអភិវឌ្ឍន៍ហើយ។ ការងាររបស់អ្នកទាំងពីរួមមានការផ្តល់យោបល់លើបញ្ហាទាំងអស់ដែលទាក់ទងទៅនឹងការវិនិយោគអចលនទ្រព្យ ការអភិវឌ្ឍគម្រោង ការសាងសង់ និងការគ្រប់គ្រងអចលនទ្រព្យ។ ក្រុមការងារអចលនទ្រព្យរបស់យើងក៏មានជំនាញ និងបទពិសោធន៍ក្នុងការផ្តល់ប្រឹក្សាដល់អតិថិជនទាក់ទងនឹងដីសម្បទានសេដ្ឋកិច្ច តំបន់សេដ្ឋកិច្ចពិសេស កសិកម្ម បរិស្ថាន និងរ៉ែផងដែរ។

ថ្មីៗនេះយើងបានចូលរួមក្នុងការធ្វើសេចក្តីព្រាង និងចរចារកិច្ចព្រមព្រៀង FIDIC សម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ។

ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេសកម្ពុជា ដោយមានការអភិវឌ្ឍអគារខ្ពស់ៗ និងបណ្តុំអចលនទ្រព្យចំរុះ រួមមាន ខុនដូ ការិយាល័យ សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្នាំនេះគឺមិនខុសគ្នានោះទេដោយចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ មានគម្រោងចំនួន ១.៥២៣ ត្រូវបានអនុម័តជាមួយនិងទឹកប្រាក់វិនិយោគសរុបចំនួន ៤,៩៤ ប៊ីលានដុល្លារអាមេរិក (កើនឡើងពី ១.១៨៣គម្រោងក្នុងទំហំទឹកប្រាក់សរុបចំនួន ៣,៨៧ប៊ីលានដុល្លារអាមេរិក សម្រាប់អំឡុងពេលដូចគ្នាកាលពីឆ្នាំមុន)។

ទាក់ទងទៅនឹងកំណើននេះ បច្ចុប្បន្នគម្រោងកំពុងមានលក្ខណៈជាអន្តរជាតិ ស្មុគស្មាញ និងមានភាពច្នៃប្រឌិតជាងមុនច្រើនឡើង ដូចនេះហើយគម្រោងទាំងនេះត្រូវការជំនាញបន្ថែមទៀត ព្រោះថាហានិភ័យសម្រាប់ភាគីដែលពាក់ព័ន្ធក៏កើនឡើងផងដែរ។

ដូច្នេះ វិនិយោគិន ស្ថាបត្យករ វិស្វករ អ្នកសាងសង់ និងក្រុមហ៊ុនម៉ៅការសាងសង់បន្តជាច្រើននៅកម្ពុជាកំពុងសម្លឹងរកមើលការអនុវត្តកិច្ចសន្យាស្តង់ដារអន្តរជាតិសម្រាប់គម្រោងរបស់ពួកគេដើម្បីកំណត់ឲ្យច្បាស់លាស់នូវវិសាលភាពការងារ ព្រមទាំងសិទ្ធិ កាតព្វកិច្ច ភារកិច្ច និងការទទួលខុសត្រូវរបស់ភាគី។ កិច្ចសន្យា FIDIC គឺជាកិច្ចសន្យាគំរូដែលត្រូវបានបង្កើតឡើងអស់រយៈពេលជាង ៦០ឆ្នាំ មកហើយក្នុងនាមជាស្តង់ដារអន្តរជាតិសម្រាប់គម្រោងវិស្វកម្ម និងសំណង់អន្តរជាតិ ដោយសហព័ន្ធវិស្វករផ្តល់ប្រឹក្សាអន្តរជាតិ (FIDIC)។

ភាគីដែលប្រើប្រាស់កិច្ចសន្យាទាំងនេះទទួលបាអត្ថប្រយោជន៍ជាច្រើន ដែលនេះបង្ហាញពីប្រជាប្រិយភាពរបស់កិច្ចសន្យានៅអាមេរិក អឺរ៉ុប អាហ្វ្រិក និងអាស៊ី។

កិច្ចសន្យា FIDIC ត្រូវបានប្រើប្រាស់សម្រាប់គម្រោងសាងសង់ និងសំណង់រោងចក្រច្រើនប្រភេទផ្សេងគ្នា ដូចជា ហេដ្ឋារចនាសម្ព័ន្ធ បណ្តុំអគារអចលនទ្រព្យចំរុះ អគារខ្ពស់ រោងចក្រ និងរោងចក្រចម្រាញ់ប្រេង។ ក្នុងនោះមានកិច្ចសន្យាគំរូសម្រាប់គម្រោងវិស័យឯកជន និងវិស័យសាធារណៈជាច្រើនប្រភេទ។ ភ្នាក់ងារអភិវឌ្ឍន៍នានាជាធម្មតាក៏ប្រើប្រាស់កិច្ចសន្យា FIDIC សម្រាប់គម្រោងដែលគេផ្តល់ហិរញ្ញប្បទានផងដែរ។

គំរូនៃកិច្ចសន្យាត្រូវបានបែងចែកជាសៀវភៅខុសៗគ្នាដោយមានដាក់លេខកូដពណ៌សម្រាប់ភាពងាយស្រួលក្នុងការយោង (សៀវភៅក្រហម សៀវភៅបៃតង សៀវភៅប្រាក់ សៀវភៅលឿង សៀវភៅស សៀវភៅមាស ។ល។)

ជម្រើសនៃកិច្ចសន្យាគំរូដែលប្រើជាមូលដ្ឋាននៃកិច្ចសន្យាត្រូវអនុវត្តរវាងភាគី គឺអាស្រ័យលើធាតុផ្សេងៗ ដូចជា លក្ខណៈនិងទំហំនៃគម្រោង គោលបំណងនៃកិច្ចសន្យា និងអត្តសញ្ញាណរបស់ភាគី (ដូចជា ថាតើរវាងម្ចាស់គម្រោង និងអ្នកម៉ៅការ ឬរវាងអ្នកម៉ៅការ និងអ្នកម៉ៅការបន្ត ឬអ្នកទីប្រឹក្សាគម្រោងប្លង់)។

ក្នុងន័យនេះ ការជ្រើសរើសកិច្ចសន្យាគំរូត្រឹមត្រូវគឺពិតជាមានសារៈសំខាន់ ព្រោះថាកិច្ចសន្យា FIDIC នីមួយៗត្រូវបានព្រាងសម្រាប់ប្រភេទគម្រោងជាក់លាក់ ដូច្នេះហើយវាគ្របដណ្តប់លើលក្ខខណ្ឌផ្សេងៗគ្នាជាក់លាក់ចំពោះប្រភេទគម្រោងនោះ។ ការប្រើប្រាស់កិច្ចសន្យាគំរូមិនត្រឹមត្រូវនឹងមានផលវិបាកជាច្រើនដែលអាចជាបញ្ហាសំខាន់ ព្រោះថាកិច្ចសន្យាគំរូនឹងមិនស្របតាមតម្រូវការ និងក្តីបារម្ភជាក់លាក់របស់ភាគីគម្រោងនោះទេ។

ដូច្នេះ សម្រាប់អ្នកដែលមិនសូវស្និទ្ធនឹងកិច្ចសន្យា FIDIC គួរប្រើជំនួយរបស់មេធាវី ឬវិស្វករដើម្បីជ្រើសរើសកិច្ចសន្យាគំរូដែលសមស្របសម្រាប់គម្រោងរបស់ពួកគេ។ នេះនឹងធានាថាកិច្ចសន្យាគំរូដែលសមស្របបំផុតចំពោះគម្រោងរបស់ពួកគេត្រូវបានប្រើប្រាស់ត្រឹមត្រូវ។

កិច្ចសន្យា FIDIC មានភាពច្បាស់លាស់ និងលម្អិត ហើយគ្របដណ្តប់គ្រប់បញ្ហាទាំងអស់ដែលអាចកើតមានឡើងក្នុងដំណើរការនៃការសាងសង់ដើម្បីកាត់បន្ថយហានិភ័យនៃវិវាទនាពេលអនាគត។ កិច្ចសន្យា FIDIC រួមបញ្ចូលនូវការអនុវត្តល្អបំផុតនៅក្នុងឧស្សាហកម្ម ព្រមទាំងបញ្ហានិងក្តីកង្វល់ទូទៅ ដែលអាចមាននៅក្នុងគម្រោងស្រដៀងគ្នា។

ការណ៍ដែលកិច្ចសន្យាមានលក្ខណៈលម្អិត ក៏មានសារៈសំខាន់ផងដែរដើម្បីគ្របដណ្តប់លើបញ្ហាដែលមិនទាន់ត្រូវបានគ្រប់គ្រងដោយច្បាប់ និងបទប្បញ្ញត្តិកំពុងអនុវត្ត។ នេះគឺនៅក្នុងករណីពិសេសក្នុងប្រទេសកម្ពុជាដែលក្រមសំណង់មិនទាន់ត្រូវបានអនុម័ត។ ឧទាហរណ៍ កិច្ចសន្យា FIDIC គ្របដណ្តប់លើបញ្ហានានាដូចជា អំឡុងពេលធានាពីភាពឥតខ្ចោះ សុវត្ថិភាពដំណើរការដែលផ្តល់ដោយអ្នកម៉ៅការ និងការពិន័យចំពោះការដឹកជញ្ជូនយឺតយ៉ាវ។

ទោះបីវាមានលក្ខណៈស្មុគស្មាញក៏ដោយ កិច្ចសន្យា FIDIC ក៏ជាឧបករណ៍មួយដែលត្រៀមជាស្រេចនិងងាយស្រួលប្រើសម្រាប់អ្នកដែលស្និទ្ធនឹងកិច្ចសន្យាទាំងនេះ។ ដូចនេះ កិច្ចសន្យាគំរូទាំងនេះសម្រួលដល់ការពិភាក្សា និងការចរចាលើលក្ខខណ្ឌនៃកិច្ចសន្យា ហើយជាលទ្ធផលវានឹងកាត់បន្ថយការចំណាយរបស់ភាគីពាក់ព័ន្ធនឹងការព្រាង និងការចរចាលើកិច្ចសន្យា។

ធាតុមួយទៀតដែលបង្ហាញពីប្រជាប្រិយភាពរបស់កិច្ចសន្យាប្រភេទនេះ គឺកាតព្វកិច្ចនិងភារកិច្ចដែលមានស្មើភាព និងតុល្យភាពរបស់ភាគី។ កិច្ចសន្យា FIDIC មិនត្រូវបានព្រាងឡើងដើម្បីតែភាគីណាមួយហើយប្រឆាំងនឹងភាគីដទៃនោះទេ ប៉ុន្តែត្រូវបានព្រាងឡើងឲ្យមានស្មើភាព និងការពារភាគីទាំងពីរ។

ការប្រើប្រាស់កិច្ចសន្យា FIDIC ក៏មានលក្ខណៈទូទៅផងដែរសម្រាប់វិនិយោគិន អ្នកម៉ៅការសាងសង់ ស្ថាបត្យករ វិស្វករ និងអ្នកម៉ៅការបន្តជាជនបរទេស ដែលបានប្រើប្រាស់វារួចហើយសម្រាប់គម្រោងពីមុនៗនៅក្នុងប្រទេសរបស់ពួកគេ។ វាមានភាពងាយស្រួលជាងនៅពេលប្រើប្រាស់កិច្ចសន្យាគំរូដូចគ្នានៅទូទាំងពិភពលោក ហើយភាគីនឹងមានទំនុកចិត្តច្រើនលើភាពជោគជ័យនៃគម្រោង។

ទោះជាយ៉ាងណា ដោយសារគ្មានគម្រោងពីរណាមួយដែលដូចគ្នានោះទេ ដូចនេះកិច្ចសន្យា FIDIC ត្រូវកែសម្រួលឡើងវិញដើម្បីសម្របទៅតាម (១) ភាពជាក់លាក់នៃគម្រោងសាងសង់ (២) លក្ខខណ្ឌដែលបានចរចារគ្នារវាងភាគី រួមទាំងដំណោះស្រាយវិវាទ (៣) បទប្បញ្ញត្តិចាំបាច់នៃច្បាប់ និងបទប្បញ្ញត្តិដែលអនុវត្តនៅក្នុងប្រទេសកម្ពុជាចំពោះគម្រោង និង (៤) ការកំណត់ពេលវេលា រួមទាំងដោះស្រាយសំណងក្នុងរយៈពេលធានា។

ដោយសារតែភ្ជាប់ជាមួយលក្ខខណ្ឌជាក់លាក់នៃកិច្ចសន្យាដែលត្រូវបំពេញ វាអាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រសិទ្ធភាព និងភាពជោគជ័យនៃគម្រោងទាំងនេះ ដូចនេះគួរតែមានកែសម្រួលដោយប្រុងប្រយ័ត្ននូវកិច្ចសន្យា FIDIC។

ជាការសន្និដ្ឋាន ការប្រើប្រាស់កិច្ចសន្យា FIDIC សម្រាប់គម្រោងសាងសង់ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលបង្ហាញពីភាពជោគជ័យ និងប្រជាប្រិយភាពរបស់កិច្ចសន្យាទាំងនេះ ព្រោះវាបង្កើននូវឱកាសជោគជ័យរបស់គម្រោង។

អំពីអ្នកនិពន្ធ

ING Sophealeak និង Charles Amar ជាមេធាវីនៅការិយាល័យមេធាវី Bun & Associates ធ្វើការផ្ដល់ប្រឹក្សាដល់អតិថិជនក្នុងស្រុក និងបរទេស ដែលកំពុងស្វែងរកដំបូន្មានពីអ្នកជំនាញ និងដំណោះស្រាយថ្មីៗក្នុងការដោះស្រាយប្រតិបត្តិការសំខាន់ៗ និងស្មុគស្មាញពាក់ព័ន្ធនឹងអចលនទ្រព្យដើម និងអចលនទ្រព្យដែលធ្វើការអភិវឌ្ឍន៍។ ការងាររបស់ពួកគេរួមមានការផ្តល់យោបល់លើបញ្ហាទាំងអស់ដែលទាក់ទងទៅនឹងការវិនិយោគលើអចលនទ្រព្យ គម្រោងអភិវឌ្ឍន៍ ការសាងសង់ និងការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមការងារផ្នែកអចលនទ្រព្យរបស់យើងក៏មានជំនាញ និងបទពិសោធក្នុងការផ្តល់យោបល់ដល់អតិថិជនលើបញ្ហាដែលទាក់ទងទៅនឹងសម្បទានដីសេដ្ឋកិច្ច តំបន់សេដ្ឋកិច្ចពិសេស វិស័យកសិកម្ម បរិស្ថាន និងការរុករករ៉ែផងដែរ។ បច្ចុប្បន្ន យើងបាននឹងកំពុងពង្រាងកិច្ចសន្យា និងចរចាទៅលើទម្រង់កិច្ចសន្យា FIDIC សម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យធំៗមួយចំនួន។

ការចុះផ្សាយនេះគឺសម្រាប់ជាព័ត៌មានប៉ុណ្ណោះ។ វាមិនមានបំណងបង្ហាញពីសមត្ថភាពយល់ដឹង និងមិនមានលក្ខណៈជាកាតព្វកិច្ចផ្លូវច្បាប់ និងមិនអាចយោងជាដំបូន្មានផ្នែកច្បាប់នោះទេ។ អ្នកត្រូវតែស្វែងរកដំបូន្មានជាក់លាក់តម្រូវតាមតាមកាលៈទេសៈរបស់អ្នក។

រាល់ការប្រើប្រាស់ព័ត៌មានដែលមានក្នុងអត្ថបទនេះ ឬការទទួលយកអត្ថបទនេះ មិនមានបំណងបង្កើត ឬមិនបង្កើតនូវទំនាក់ទំនងមេធាវី និងកូនក្តី រវាងអ្នក និងការិយាល័យមេធាវី Bun & Associates នោះទេ។ លើកលែងតែមានការចង្អុលបង្ហាញផ្សេង ការិយាល័យមេធាវី Bun & Associates ជាម្ចាស់កម្មសិទ្ធិនៃអត្ថបទនេះ។ ប្រសិនបើអ្នកផលិតឡើងវិញ ឬប្រើអត្ថបទនេះ ឬផ្នែកណាមួយនៃអត្ថបទនៅក្នុងផ្លូវណាមួយនោះ វាគឺជាការទទួលខុសត្រូវរបស់អ្នកក្នុងការទទួលបានការយល់ព្រមសម្រាប់ការប្រើប្រាស់តាមការចាំបាច់ ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកយើងនៅ ៖ Bun & Associates

ផ្ទះលេខ ២៩ ផ្លូវ ២៩៤ ភ្នំពេញ ប្រទេសកម្ពុជា ប្រអប់សំបុត្រលេខ ២៣២៦
T: +855 23 999 567 / F: +855 23 999 566
E: ing@bun-associates.com
amar@bun-associates.com
www.bun-associates.com

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]