CCA ចូលរួមសិក្ខា សាលាស្តីពីប្រាក់ឈ្នួលអប្បបរមា របស់កម្មករ
កាលពីនៅថ្ងៃទី ១០ ខែមេសា កន្លងមកនេះ សមាគមអ្នកសាងសង់កម្ពុជាបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាមួយដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
សិក្ខាសាលានេះទទួលបានការចួលរួមក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិកា ម៉ម វណ្ណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមជាមួយនឹងមន្រ្តីពាក់ព័ន្ធទាំងផ្នែករដ្ឋាភិបាលនិងវិស័យឯកជន ក្នុងគោលបំណងដើម្បីពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះ។
ក្នុងកិច្ចពិភាក្សានេះដែរ សមាគមក៏បានស្នើសូមឲ្យក្រុមបឹក្សាលើសេចក្តីព្រាងច្បាប់នេះ ពិចារណាឡើងវិញនិងបញ្ចូលនូវប្រធានបទប្រាក់ឈ្នួលកម្មករសំណង់នៅក្នុងសេចក្តីព្រាងនេះផងដែរ។
តំណាងសមាគមអ្នកសាងសង់កម្ពុជាបានមានប្រសាសន៍ថា៖ “ជាការពិតទៅ សេចក្តីព្រាងច្បាប់នេះផ្តោតសំខាន់ទៅលើកម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ជាជាងវិស័យកម្មករសំណង់។ នេះគឺដោយសារថាក្រុមប្រឹក្សាភិបាលយល់ឃើញថាកម្មករសំណង់មានប្រាក់ខែសមរម្យរួចទៅហើយ”។
“ប៉ុន្តែកម្មករសំណង់គឺជាការងារមួយដែលអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ជាងកម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។ លើសពីនេះពួកគាត់ក៏មិនបានទទួលនូវប្រាក់កន្ថែមផ្សេងៗដូចជាកម្មកររោងចក្រនោះទេ។ ដូច្នេះប្រធានបទទាក់ទងនឹងប្រាក់ឈ្នួលអប្បបរមារបស់កម្មករសំណង់ក៏គួរបញ្ចូលនិងលើកយកមកពិភាក្សាក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះផងដែរ។ នេះគឺជាការផ្ដល់នូវភាពយុត្តិធម៌ដល់គ្រប់ៗគ្នា” លោកបានបន្ត។
នៅដំណាក់កាលនេះក្រុមប្រឹក្សានៃកិច្ចប្រជុំនៅពុំទាន់សម្រេចនៅឡើយទេទាក់ទងនឹងសេចក្តីព្រាងច្បាប់នេះ ដោយនឹងមានការកោះប្រជុំសាជាថ្មីម្ដងទៀត។ គួរបញ្ជាក់ផងដែរថា កន្លងមក ក្រសួងបានរៀបចំកិច្ចប្រជុំពិភាក្សាត្រីភាគីលើសេចក្តីព្រាងច្បាប់នេះចំនួនច្រើនលើករួចមកហើយ។


