ក្រុមហ៊ុន 7NG គ្រោងនឹងបង្កើតទីក្រុងរណបឆ្លាតវៃលើផ្ទៃដីជាង ៧៧៧ហិកតា ក្នុងភូមិសាស្រ្តខេត្តកណ្តាល

រូបភាពគំរូរបស់ Smart City ប្រភព: Industry Tap

កាលពីព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨ ក្រុមហ៊ុន 7NG (Cambodia) Co., Ltd. បានរៀបចំសន្និសីទសារព័ត៌មានបង្ហាញនូវផែនការសាងសង់ទីក្រុងឆ្លាតវៃ និងទំនើបថ្មីដ៏ធំមួយលើផ្ទៃដីជាង ៧៧៧ហិកតា ក្នុងខេត្តកណ្តាល។

ទីក្រុងឆ្លាតវៃ និងទំនើបថ្មី (Intelligent & Innovation City) នេះនឹងមានជា ២ ផ្នែកសំខាន់ គឺទីក្រុងឆ្លាតវៃ និងរាជធានីបុរាណនគរបុរី។

នៅក្នុងទីក្រុងឆ្លាតវៃ នឹងមានជាអគារលំនៅដ្ឋាន សណ្ឋាគារ ខុនដូ ផ្សារទំនើប មជ្ឈមណ្ឌលពិព័រណ៍ខ្នាតអន្ដរជាតិ សាលសន្និសីទទំនើប សារមន្ទីរ កន្លែងវាយកូនគោល ឧទ្យានផ្កាប៉ូតានិក និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើន។ ដោយឡែករាជធានីបុរាណនគរបុរី គឺជាទីក្រុងដែលនឹងបង្កើតឡើងដើម្បីលើកស្ទួយវប្បធម៌បុរាណខ្មែរ ដោយនឹងច្របាច់បញ្ចូលនូវស្ថាបត្យកម្មសម័យបុរាណដូចជាសម័យអង្គរជាដើម។

បច្ចុប្បន្នក្រុមហ៊ុន 7NG (Cambodia) Co., Ltd. កំពុងសិក្សាលំអិត និងរៀបចំឯកសារកតិយុទ្ធផ្លូវច្បាប់ជាមួយនឹងគ្រប់ក្រសួងពាក់ព័ន្ធដើម្បីជំរុញគម្រោងនេះឲ្យដំណើរការក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន 7NG (Cambodia) Co., Ltd) មិនទាន់បានបញ្ជាក់ច្បាស់លាស់អំពីថវិកា កាលបរិច្ឆេទ និងដំណាក់កាលលំអិតនៃគម្រោងនេះនៅឡើយទេ។

- Video Advertisement -