ទំនប់វារីអគ្គិសនីយក្ស ២៦០០ មេហ្គាវ៉ាត់ ក្នុងស្រុកសំបូរខេត្តក្រចេះគួរតែសង់ ឬ មិនសង�
Sample Hydro-power Dam
កាលពីថ្មីៗនេះ ប្រធានបទទាក់ទងនឹងគម្រោងទំនប់វារីអគ្គិសនីសំបូរក្នុងខេត្តក្រចេះ ត្រូវបានលើកយកមកពិភាក្សាក្នុងបណ្តាញសង្គមទាំងក្នុងនឹងក្រៅប្រទេស សារជាថ្មីម្ដងទៀត ដោយមានការចោទជាសំណួរថា តើកម្ពុជាគួរអនុម័តការសាងសង់គម្រោងនេះឬទេ?
ការចោទជាសំណួរនេះ គឺដោយសារតែកាលពីថ្ងៃទី ១៦ ឧសភានេះ សារព័ត៌មានបរទេស The Guardian បានផ្សព្វផ្សាយពីការបែកធ្លាយលទ្ធផលការសិក្សារបស់វិទ្យាស្ថាន Natural Heritage Institute នៃសហរដ្ឋអាមេរិកស្តីពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសំបូរនេះថា “ការអនុម័តសាងសង់ទំនប់វារីអគ្គិសនីសំបូរតាមដងទន្លេមេគង្គ គឺជាការសម្លាប់ជីវិតទន្លេមេគង្គ” ។
ទំនប់វារីអគ្គិសនីសំបូរគឺជាទំនប់វារីអគ្គិសនីដ៏ធំមួយ ស្នើឡើងក្រោមការសហការណ៍រវាងប្រទេសចិន និងកម្ពុជា ដែលអាចនឹងបង្កើតថាមពលបានដល់ទៅ ២៦០០ មេហ្គាវ៉ាត់។ ប៉ុន្តែដើម្បីបង្កើតថាមពលដ៏សម្បើមនេះ គឺត្រូវសាងសង់ទំនប់បេតុងប្រវែង ១៨ គីឡូម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ។
លទ្ធផលនៃការសិក្សាខាងលើបានឲ្យដឹងថា ទំនប់បេតុងនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានត្រីដោយសារទំនប់នេះនឹងរាំងខ្ទប់ការបន្លាស់ទីត្រីទន្លេសាបឆ្ពោះទៅទន្លេមេគង្គ។ ម្យ៉ាងទៀតទំនប់វារីអគ្គិសនីនេះនឹងប៉ះពាល់ដល់ជីវភាពរស់នៅ និងអាហារូបត្ថម្ភរបស់អ្នកនៅក្នុងតំបន់ ជាពិសេសនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គក្នុងប្រទេសវៀតណាម។
ប្រភពដដែលបានផ្ដល់ជាអនុសាសន៍ថា គួរតែសាងសង់ប្រព័ន្ធស្រូបពន្លឺព្រះអាទិត្យ ឬ Solar Power នៅលើទំនប់វារីអគ្គិសនីសេសានក្រោម២ដែលមានស្រាប់ ជំនួសការសាងសង់ទំនប់វារីអគ្គិសនីនេះ។
ទោះជាយ៉ាងក្ដី រដ្ឋាភិបាលកម្ពុជាពុំទាន់មានសេចក្ដីប្រកាសជាផ្លូវការទាក់ទងនឹងការអនុម័តសង់ ឬមិនសង់ទំនប់វារីអគ្គិសនីសំបូរនេះទេ។
បើតាមសារព័ត៌មាន The Guardian ឯកឧត្តម អ៊ិត ប្រាង អនុរដ្ឋលេខាធិការក្រសួង រ៉ែ និងថាមពលបានមានប្រសាសន៏ថា រដ្ឋាភិបាលពុំទាន់មានសេចក្ដីសម្រេចចិត្តណាមួយជុំវិញការអនុម័តគម្រោងនេះនៅឡើយទេ។ ឯកឧត្តម បន្តទៀតថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះគឺជាបញ្ហារសើបដែលត្រូវតែមានការប្រុងប្រយ័ត្នក្នុងឲ្យជាព័ត៌មានណាមួយទាក់ទងនឹងគម្រោងនេះ។
គួរបញ្ជាក់ផងដែរថា ប្រសិនបើគម្រោងនេះទទួលបានការអនុម័ត ក្រុមហ៊ុនចិនឈ្មោះ China’s Hydrolancang International Energy Company នឹងជាក្រុមហ៊ុនដែលជាអ្នកអនុវត្តគម្រោងនេះ។

- Video Advertisement -