រោងចក្រស៊ីម៉ងត៍ខ្មែរ-ចិនតម្លៃជាង ២៣០លានដុល្លារ បើកឲ្យដំណើរការក្នុងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) ដែលមានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេននេះ ត្រូវបានសង់នៅលើទីតាំងដែលមានផ្ទៃដីសរុបទំហំ ៣១៦ហិកតា និងប្រើរយៈពេលសាងសង់ចំនួន ១៨ខែ គិតចាប់តាំងពីចុងឆ្នាំ២០១៦។ ការបង្កើតរោងចក្រនេះ ប្រើទុនវិនិយោគប្រមាណ ២៣០លានដុល្លារអាមេរិក ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចិន Conch International Holding (HK) Limited និងក្រុមហ៊ុនខ្មែរ Battambang KT Cement Co., Ltd. តំណាងដោយអ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកឧកញ៉ា វិញ ហួរ។

រោងចក្រស៊ីម៉ងត៍នេះ មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ៥.០០០ តោនក្នុងមួយថ្ងៃ ឬស្មើនឹងជិត ២លានតោនក្នុងមួយឆ្នាំ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្តែងនូវអំណរគុណចំពោះក្រុមហ៊ុនទាំងពីរ ក្រុមហ៊ុនចិន Conch International Holding (HK) Limited និងក្រុមហ៊ុនខ្មែរ Battambang KT Cement Co., Ltd. ដែលបានបង្កើតក្រុមហ៊ុនស៊ីម៉ងត៍ដ៏ធំមួយនេះឲ្យកើតមានឡើងក្នុងប្រទេសកម្ពុជា។

“ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលប្រទេសកម្ពុជាមានរោងចក្រស៊ីម៉ងត៍ដ៏ធំមួយទៀតនេះ មានន័យថាយើងអាចផលិតស៊ីម៉ងត៍ដោយខ្លូនឯងបានច្រើនជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ជាជាងការនាំចូលពីបរទេស” សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានមានប្រសាសន៏។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបច្ចុប្បន្នមានរោងចក្រស៊ីម៉ងត៍ក្នុងស្រុកចំនួន ៤ កន្លែង ដែលអាចផលិតស៊ីម៉ងត៍បានរហូតដល់ ៧ លានតោនក្នុងមួយឆ្នាំដើម្បីឆ្លើយតបនឹងតម្រូវការដ៏ច្រើនលើសលប់ក្នុងឧស្សាហកម្មសំណង់នាពេលបច្ចុប្បន្ន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]