រថភ្លើងអាកាស ខ្សែដំបូង គ្រោងសាងសង់ឲ្យរួចរាល់ មុនស៊ីហ្គេមស៍២០២៣

រូបភាពគំរូ នៃរថភ្លើងអាកាសបរទេស

ផ្លូវរថភ្លើងអាកាសដំបូងរបស់កម្ពុជា ដែលនឹងត្រូវតភ្ជាប់ពីម្ដុំផ្សារថ្មី ទៅកាន់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញនឹងត្រូវសាងសង់ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ បន្ទាប់ពីការសិក្សាគម្រោងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន(JICA)នឹងត្រូវបានបញ្ចប់ក្នុងឆ្នាំនេះ ឬឆ្នាំក្រោយ ជាមួយក្តីរំពឹងថា ការងារសាងសង់នឹងត្រូវចប់សព្វគ្រប់ មុនស៊ីហ្គមេស៍ ២០២៣។ នេះបើតាមការបញ្ជាក់ពីមន្ត្រីមួយរូប នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ដោយបន្ទរទៅនឹងប្រសាសន៍របស់រដ្នមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល មុននេះ និងក៏ដូចជាការច្រានចោល ចំពោះពាក្យចចាមអារ៉ាមដែលថា គម្រោងនេះ ត្រូវលុបចោលដោយសារបញ្ហាជំនួយនោះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ា ស៊ឹមសុរិយា បានមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ គម្រោងផ្លូវរថភ្លើងអាកាសនេះ កំពុងស្ថិតនៅក្រោមការសិក្សារបស់ JICA ដែលនឹងត្រូវចំណាយពេល១ឆ្នាំ ឬ ២ឆ្នាំ ទើបចប់សព្វគ្រប់។ គម្រោងនេះ កំពុងដំណើរការទៅមុខ ដោយគ្មានការលុបចោលនោះទេ»។

រាជរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា និងជប៉ុន ក៏បានជួបគ្នាពិភាក្សារឿងនេះ ពីរដងរួចមកហើយ ហើយគ្រោងនឹងជួបពិភាក្សាគ្នាម្ដងទៀត នៅខែមិថុនានេះ ដើម្បីជជែក និងសិក្សាលម្អិតពីរឿងសាងសង់ផ្លូរថភ្លើងលើអាកាសនេះ។ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល។

ឯកឧត្តម ស៊ឹមសុរិយា បានបន្ថែមទៀតថា រថភ្លើងលើអាកាសនេះ នឹងមានប្រវែង១៨គ.ម. និងត្រូវសាងសង់ដោយជំនួយអភិវឌ្ឍន៍ជប៉ុនជាមួយថវិកាប្រមាណជា៨០០លានដុល្លារអាមេរិក ទៅ១ពាន់លានដុល្លារអាមេរិក។ ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីការសិក្សាគម្រោងត្រូវបានបញ្ចប់ ការបញ្ចុះបឋមសិលា និងចាប់ផ្តើមភ្លាម ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានគេរំពឹងថា នឹងចប់សព្វគ្រប់មុនព្រឹត្តិការណ៍ស៊ីហ្គេមស៍២០២៣ ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ៕

រូបភាពគំរូ នៃរថភ្លើងអាកាសនៅប្រទេសថៃ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]