កំណត់ហេតុក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (មិនា – មេសា ២០១៨)
១២ មិនា
ការចុះត្រួតពិនិត្យលើកោះសម្បទាននៅខេត្តកែប
នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញត្រួតពិនិត្យធ្វើអត្តសញ្ញាណកម្ម និងការអនុវត្តកិច្ចសន្យាវិនិយោគតាមបណ្ដាកោះមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជាក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីធានានូវតម្លាភាពក្នុងវិស័យនេះ។

១៧ មិនា
ការចុះពិនិត្យលើគម្រោងសាងសង់លំនៅដ្ឋានជូនគ្រួសារកងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំប្រទល់កម្ពុជា-ឡាវ
ក្រុមការងារនាយកដ្ឋានសម្បទានដីសង្គមកិច្ចនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះកំណត់ទីតាំងសម្រាប់ខួងអណ្តូងទឹក ជូនគ្រួសារកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ និងបានចុះពិនិត្យទីតាំងដីជាក់ស្តែងសម្រាប់រៀបចំកែសម្រួលប្លង់ដីឡូតិ៍លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណ: ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅចំណុច ស្រែចំប៉ា ចន្លោះបង្គោលព្រំដែនលេខ ៣៧-៣៨ និងចំណុចស្វាយធំ ត្រង់បង្គោលព្រំដែនលេខ ៣៨-៣៩។

១៩ មិនា
សិក្ខាសាលានៅខេត្តសៀមរាបស្តីពីច្បាប់និងបទបញ្ញត្តិលើការសាងសង់
នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅខេត្តសៀមរាប មានរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯឧ ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
បទបង្ហាញធំៗបួនត្រូវបានធ្វើឡើងផងដែរក្នុងសិក្ខាសាលានោះដែលមានដូចជា៖
១. បទបង្ហាញស្តីពីនីតិវិធីផ្តល់សេវាសាធារណៈ។
២. បទបង្ហាញរបស់តំណាងអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម ស្ដីពីនីតិវិធីចរន្តការឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ ។
៣. បទបង្ហាញរបស់តំណាងអគ្គនាយដ្ឋានសំណង់ ស្តីពីនីតិវិធីចរន្តការឯកសារស្នើសុំលិខិតអនុញ្ញាតបើក-បិទការដ្ឋាន ការគ្រប់គ្រងការដ្ឋានសាងសង់ ការចុះបញ្ជីដំបូងនិងបន្តសុពលភាពក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ និង
៤. បទបង្ហាញរបស់តំណាងអគ្គនាយដ្ឋានសុរិយោដី និងភូមិសាស្រ្ត ស្តីពីនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ ការផ្ទេរ ការដកបន្ទុក ការដាក់បន្ទុក ការបង្រួមក្បាលដី និងការបំបែកក្បាលដី។

២០ មិនា
ការដាក់លក់លំនៅដ្ឋាន នៃគម្រោងលំនៅដ្ឋានអារ៉ាខាវ៉ា(Arakawa)
នាថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការផ្សព្វផ្សាយលម្អិតស្ដីពីគម្រោងលំនៅដ្ឋានអារ៉ាខាវ៉ា សម្រាប់មន្ត្រីរាជការ ដែលមានបំណងចង់ទិញចំណែកឯកជនក្នុងតម្លៃសមរម្យ នៅក្នុងលំនៅដ្ឋានអារ៉ាខាវ៉ា។

២០ មិនា
ការផ្លាស់ប្តូរទស្សនៈគ្នារវាងមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង គណៈប្រតិភូស្ថាប័នវិស្វករហុងកុង
នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូស្ថាប័នវិស្វករហុងកុង នៃតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាលើការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទាក់ទងនឹងវិស្វកម្មនៅកម្ពុជា។

២២ មិនា
ដំណោះស្រាយលើវិវាទសម្បទានដីដំណាំអំពៅនៅខេត្តកោះកុង
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដឹកនាំកិច្ចប្រជុំរកដំណោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋចំនួន ៣៧៥ គ្រួសារ និងក្រុមហ៊ុន Koh Kong Plantation Co.,Ltd. និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd. ដែលទទួលបានសិទ្ធិសម្បទានដីសេដ្ឋកិច្ចវិនិយោគដំណាំអំពៅផលិតស្ករសនាំចេញ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំដងពែង ឃុំជីខលើ ស្រុកស្រែអំបិល និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

២៤ មិនា
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place Mall)
នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្សារទំនើប ភីអេច ដាយមិនផ្លេស ស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)។ ផ្សារទំនើបនេះមានតម្លៃប្រមាណ៦០លានដុល្លារ មានផ្ទៃដីប្រមាណ៦ហិកតា និងមានការវិនិយោគពី Borey PengHout Group ដែលគ្រោងនិងបញ្ចប់ត្រឹមឆ្នាំ២០២០។

២៧ មិនា
ការចុះពិនិត្យការសាងសង់ផ្ទះសម្បទានសង្គកិច្ចជូនដល់អតីតកងកម្លាំងប្រដាប់អាវុធឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ
នាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះសម្បទានសង្គកិច្ចជូនដល់អតីតកងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាននាំយកអំណោយ សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកងកម្លាំងប្រដាប់អាវុធដែលបានឈរជើងតាមបណ្តោយព្រំដែនផងដែរ៕

២៩ មិនា
ការចែកប័ណ្ណកម្មសិទ្ធិជូនសម្បទានិកចំនួន ៧៧៦គ្រួសារ ស្មើនឹង ១៣៥១ប័ណ្ណ
នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចូលរួមចែកប័ណ្ណកម្មសិទ្ធិជូនសម្បទានិកចំនួន ៧៧៦គ្រួសារ ស្មើនឹង ១៣៥១ប័ណ្ណ ចំពោះដីសម្បទានដែលបានចែកក្នុងមួយគ្រួសារទំហំ ៣០មx៤០ម សម្រាប់លំនៅឋាន និងទំហំ ១,៥ហិកតា ទៅ ៣,៥ហិកតា សម្រាប់ធ្វើកសិកម្ម ដែលបានរស់នៅអចិន្រៃយ៍ និងអាស្រ័យផលរហូតមកអស់រយៈពេល ៥ឆ្នាំហើយ និងសម្ពោធដាក់ឱ្យប្រើប្រាស់ទីតាំងសាធារណៈ ១៧កន្លែង ជាកអាទិ៍ ផ្ទះស្នាក់នៅរបស់គ្រូបង្រៀន សាលារៀន មណ្ឌលសុខភាព អគារសហគមន៍ ផ្លូវជនបទ និងអណ្ដូងទឹក ស្ថិតក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

២០ មិនា
ការវាយតម្លៃលើដីនៃគម្រោង LASED II
កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៨ ក្រុមការងារគម្រោង LASED II ថ្នាក់ជាតិរួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារគម្រោងLASED II ខេត្ត ស្រុក ឃុំ ភូមិ តំណាងសហគម និងតំណាងក្រុមហ៊ុនអ៊ឹង ស៊ីមស៊ា ខនស្រ្តាក់សិន បានចុះពិនិត្យ និងវាយតម្លៃលទ្ធផលនៃការងារឈូសឆាយដីកសិកម្ម ដំណាក់កាលទី២ ឬ ៧០% នៅទីតាំងដីសម្បទានសង្គមកិច្ច គម្រោង LASED II ក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
- Video Advertisement -