ថៃគ្រោងនឹងនាំបច្ចេកវិទ្យាប្រព័ន្ធគ្រប់គ្រងគម្រោងសំណង់បែបអនឡាញមកទីផ្សារអាស៊ា�
ក្រុមហ៊ុន Star-up ថៃមួយឈ្មោះថា Builk One Group គ្រោងនឹងពង្រីកសេវាកម្មប្រព័ន្ធគ្រប់គ្រងគម្រោងសំណង់បែបអនឡាញរបស់ខ្លួនទៅក្នុងទីផ្សារអាស៊ាន តាមរយៈទុនមូលនិធិពីក្រុមការងារ AddVentures ដែលជាភ្នាក់ងារវិនិយោគរបស់ក្រុមហ៊ុន Siam Cement Group (SCG) ។
បើយោងតាមសារព័ត៌មានថៃ The Nation បានឲ្យដឹងថាក្រុមហ៊ុន Builk One Group នឹងប្រើប្រាស់ទុននេះក្នុងការបង្កើតសេវាកម្មពិសេសថ្មីមួយទៀតហៅថា B2B Purchasing-Buying Process ឬ ដំណើរការទិញលក់រវាងអាជីវករនិងអាជីវករក្នុងវិស័យសំណង់។ ក្នុងនោះផងដែរ ក្រុមហ៊ុនក៏នឹងពង្រីកមុខងារពិសេសនេះទៅកាន់បណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន។
សូមបញ្ជាក់ផងដែរថា Builk One Group គឺជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មគ្រប់គ្រងដំណើរការនៃគម្រោងសំណង់តាមរយៈគេហទំព័រ Builk.com។ Builk.com ជាប្រព័ន្ធត្រួតពិនិត្យការចំណាយតាមអ៊ិនធើណេតដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងរំហូរ និងដំណើរការការងារនៃគម្រោងសាងសង់នីមួយៗរបស់ពួកគេបាន។ លក្ខណៈសំខាន់មួយទៀតរបស់ Builk.com គឺការត្រួតពិនិត្យតម្លៃដែលជួយឲ្យអ្នកម៉ៅការអាចពិនិត្យមើលកញ្ចប់ថវិកា គណនេយ្យនៃការចំណាយ ក៏ដូចជារបាយការណ៍ផ្សេងៗទៀតទាក់ទងនឹងចំណាយ និងចំណូលតាមប្រព័ន្ធអនឡាញផងដែរ។
លក្ខណៈពិសេសដទៃទៀតក្នុងគេហទំព័រ Builk.com រួមមាន៖
• Pojjaman2 ប្រព័ន្ធរៀបចំផែនការធនធានសហគ្រាស ឬ enterprise resource planning (ERP) system សម្រាប់អ្នកម៉ៅការគម្រោងធំៗ
• Yellow Smart Purchase ជាប្រព័ន្ធសម្រាប់ទិញសម្ភារសំណង់
• Jubili by Builk ជាប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន ឬ Customer Relationship Management (CRM)
• Ploy ជាប្រព័ន្ធគ្រប់គ្រងការលក់ ការសាងសង់ និងការផ្ទេរសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ
• KwanJai by Builk ជាប្រព័ន្ធគ្រប់គ្រងសេវាកម្ម maintenance និងសេវាកម្មក្រោយពេលលក់សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ
បច្ចុប្បន្ននេះ Builk.com ផ្តល់សេវាកម្មរបស់ខ្លួនដល់អ្នកម៉ៅការតូចនិងមធ្យមប្រហែល ២៥០០០នាក់ នៅក្នុងប្រទេសថៃ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។
ថ្លែងទៅកាន់ The Nation លោក Joshua Pas ដែលជាអ្នកគ្រប់គ្រងភ្នាក់ងារវិនិយោគ AddVentures បានឲ្យដឹងថាអ្នកម៉ៅការផ្នែកសំណង់ក៏ដូចជាផលិតផលសម្ភារសំណង់នៅក្នុងប្រទេសថៃនិងអាស៊ានបាននឹងកំពុងតែរីកចម្រើនជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក្តីការកើនឡើងនៃវិស័យសំណង់យ៉ាងរហ័សនាពេលបច្ចុប្បន្ននេះ លោក Joshua Pas បានកត់សំគាល់ថាអ្នកម៉ៅការទាំងនោះមិនទាន់មានប្រព័ន្ធគ្រប់គ្រងលទ្ធកម្មនិងការគ្រប់គ្រងចំណាយប្រកបដោយប្រសិទ្ធភាពនៅឡើយទេ។
ជាក់ស្តែងណាស់ កិច្ចសហប្រតិបត្តិការរវាង SCG និង Builk One Group ក្នុងការពង្រីកទីផ្សារទៅកាន់តំបន់អាស៊ាននឹងជួយដល់អ្នកម៉ៅការនៅក្នុងវិស័យសំណង់ ឲ្យគ្រប់គ្រងអាជីវកម្មរបស់ពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់ក៏ដូចជាជួយកាត់បន្ថយចំណាយនៃប្រតិបត្តិការផ្សេងៗផងដែរ។


- Video Advertisement -