ឃ្លាំងស្តុកស្រូវចំណុះ ២០ ម៉ឺនតោននៅបាត់ដំបងបញ្ចប់ការសាងសង់និងបើកដំណើរការ

ឃ្លាំងស្តុកស្រូវ ប្រភពរូបថត​ Chea Chenda

កាលពីថ្ងៃទី៣ ខែ កក្កដាធនាគារអភិវឌ្ឍន៍ជនបទបានធ្វើការសម្ពោធឃ្លាំងស្តុកស្រូវនិងឡសម្ងួតដ៏ធំមួយក្នុងខេត្តបាត់ដំបងតម្លៃជាង ១៥ លានដុល្លារ និងមានសមត្ថភាពស្តុកស្រូវចំណុះ ២០ ម៉ឺនតោន។

គម្រោងខាងលើសាងសង់ឡើងស្ថិតក្រោមទម្រង់ជាបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី តាមរបៀប «សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង»(B.O..P)នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ធនាគារអភិវឌ្ឍន៍ជនបទ។

ឃ្លាំងស្ទុកស្រូវនេះមានសមត្ថភាពផ្ទុកស្រូវប្រមាណជា ២០០០០០ តោន ចំណែកឯឡសម្ងួត អាចផលិតអង្ករបានប្រមាណ៣០០០តោនក្នុង១ថ្ងៃដែលនឹងជួយដោះស្រាយក៏ដូចជាកាត់បន្ថយបញ្ហាដែលប្រជាកសិករជួបប្រទះដូចជាការធ្លាក់ចុះនៃតម្លៃស្រូវក្នុងពេលប្រមូលផល។

យោងតាមប្រសាសន៏របស់ឯកឩត្តម ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថាឃ្លាំងស្រូវនេះអាចជួយកាត់បន្ថយចំណាយប្រតិបត្តិការរបស់អ្នកប្រមូលទិញស្រូវកាត់បន្ថយតួនាទីរបស់ឈ្មួញកណ្តាល ដែលជួយបង្កើនផលប្រយោជន៍ដល់ប្រជាកសិករ ដោយបង្កើនថ្លៃស្រូវដែលចេញពីវាលស្រែឬកសិដ្ឋានដោយផ្ទាល់។

ថ្លែងក្នុងពិធីសម្ពោធនេះដែរ ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថាគម្រោងនេះមានគោងបំណងដើម្បីរក្សាស្ថិរភាពតម្លៃស្រូវក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិករ។

ឯកឩត្តមបានបន្ថែមទៀតថាបន្ទាប់ពីគម្រោងនេះលេចឡើងតម្លៃស្រូវត្រូវបានធានាដោយតម្លៃទីផ្សារហើយមិនថយចុះដូចឆ្នាំមុនៗនោះទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា)ភីអិលស៊ីបានឈ្នះការដេញថ្លៃសម្រាប់គម្រោងវិនិយោគឃ្លាំងស្រូវនេះនៅដើមឆ្នាំ ២០១៧ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]