ចំណតនាវាដឹកអ្នកដំណើរឫស្សីកែវ-តាខ្មៅ បើកសម្ពោធជាផ្លូវការ
កាលពីនៅព្រឹកថ្ងៃ១ ខែសីហា ឆ្នាំ ២០១៨ នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដែលជាសមិទ្ធិផលដ៏ថ្មីស្រឡាងមួយដែលមិនធ្លាប់មានពីមុនមករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ជាការពិតណាស់ សមិទ្ធិផលថ្មីមួយនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នរួចមកហើយពីកាលពីថ្ងៃទី៦ មេសា ឆ្នាំ២០១៨ កន្លងមកនេះ ដែលអ្នកដំណើរអាចធ្វើដំណើរបានដោយឥតគិតថ្លៃរយៈពេល ៤ ខែ ចាប់ពីខែមេសា ដល់ខែ កក្កដា (អានបន្ថែម)។
នៅក្នុងដំណាក់ដំបូងនេះ ក្រសួងសាធារណការបានដាក់អោយប្រើប្រាស់នាវាដឹកអ្នកដំណើរចំនួន ៤គ្រឿង ដោយ ២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat។
ក្នុងនោះដែរ នាវានីមួយៗ មានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៤-៦០នាក់ និងមានល្បឿនមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណ ៤៥ នាទីរវាងចំណតនាវាដើមទី (ឬស្សីកែវ) ទៅចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះតិចជាងរយៈពេលធ្វើដំណើរតាមផ្លូវគោកប្រមាណ ២ ទៅ ៣ ដង។
សេវាកម្មធ្វើដំណើរតាមនាវានេះ គឺបើកដំណើរចាប់ពីម៉ោង ៥:៣០ព្រឹក រហូតដល់ម៉ោង ៦:៣០ល្ងាច ជារៀងរាល់ថ្ងៃ ដោយនឹងឆ្លងកាត់ចំណតចំនួន ៥ រួមមាន ចំណតឫស្សីកែវ ចំណតផ្សារចាស់ ចំណតចតុមុខ ចំណតច្បារអំពៅ និង ចំណតតាខ្មៅ ដោយចំណាយពេលវេលាពី ៣នាទី ទៅ ១០នាទី ពីចំណតមួយទៅចំណតមួយ និងឈប់ដាក់អ្នកដំណើរចុះឡើងមិនលើសពី១០នាទីឡើយ។
ពិសេសជាងនេះទៅទៀត ទីតាំងចំណតនាវាដឹកអ្នកដំណើរនីមួយៗ ត្រូវបានតភ្ជាប់ជាមួយស្ថានីយ៍រថយន្តក្រុងដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការប្តូរ ឬតភ្ជាប់គ្នានូវការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោកផងដែរ។
សម្រាប់ចំណតនាវាឫស្សីកែវ ដែលសម្តេច ហ៊ុន សែន អញ្ជើញសម្ពោធនៅព្រឹកនេះ គឺមានផ្ទៃក្រឡាបេតុង ៩៦៨ម៉ែត្រការ៉េ ផែដែកបណ្តែតមានទំហំ ៣៦៦ម៉ែត្រការ៉េ អាចផ្ទុកបានទម្ងន់អតិបរិមា ១៨០តោន ស្ពានដែកមានប្រវែង ៣០ម៉ែត្រ និងអគាររង់ចំាមានទំហំ ៨៤ម៉ែត្រការ៉េ ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុងប្រមាណជិត ៥៩ម៉ឺនដុល្លារអាមេរិក។
បន្ទាប់ពីសម្ពោធដាក់ឪ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ក្រសួងសាធារណការ និងដឹកជញ្ជូននឹងប្រគល់ជូនទៅសាលារាជធានីភ្នំពេញដើម្បីគ្រប់គ្រង និងប្រតិបត្តិការសេវានេះ។
គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃដាក់ដំណើរការបណ្តោះអាសន្នរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកដំណើរសរុប ៣០,៦៤៧នាក់ ដែលជាមធ្យមមានអ្នកដំណើរប្រមាណ ២០០នាក់ក្នុងមួយថ្ងៃ។
ថ្លែងនៅក្នុងរបាយការណ៍ជូន សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ ការបង្កើតឱ្យមានសេវានេះមានគោលបំណងដើម្បីពង្រីកវិស័យដឹកជញ្ជូនឱ្យមានច្រើនជម្រើស ពន្លឿនការដឹកជញ្ជូន កាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ និងប្រើឱ្យអស់លទ្ធភាព និងសក្ដានុពលនៃទន្លេនៅក្នុងប្រទេស។
ក្រៅពីសេវាកម្មមួយនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានបន្ថែមអោយដឹងទៀតថា មានគម្រោងសេវាដឹកអ្នកដំណើរតាមនាវាជាច្រើនត្រូវបានចាប់បដិសន្ធិឡើងដែលក្នុងនោះរួមមាន៖ ការសិក្សាផែនការមេដឹកអ្នកដំណើរតាមនាវាពីភ្នំពេញទៅខេត្តក្រចេះត្រូវបានបញ្ចប់ និងគម្រោងសេវាដឹកអ្នកដំណើរជាបន្តទៀតគឺ គម្រោងទន្លេសាប (ព្រែកព្នៅ ពញ្ញាឭ) ទន្លេបាសាក់ (ស្អាង) ទន្លេមេគង្គលើ (ស្ពានព្រែកតាមាក់) និងទន្លេមេគង្គក្រោម (ដីឥដ្ឋ) ជាដើម។
- Video Advertisement -