ធនាគារពិភពលោកគ្រោងផ្តល់កម្ចី៥០លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា

រូបថត៖ Sheladia Associates, Inc.

ធនាគារពិភពលោកគ្រោងផ្តល់កម្ចីប្រមាណ ៥០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជាដែលក្នុងនោះ ២០លានដុល្លារសម្រាប់គម្រោងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងទឹកកខ្វក់ ដែលតភ្ជាប់ពីផ្ទះប្រជាពលរដ្ឋទៅកាន់បណ្តាញលូមេដើមី្បប្រមូលទឹកកខ្វក់តាមផ្ទះយកទៅច្រោះសម្អាត នៅស្ថានីយច្រោះសម្អាតទឹកសំណល់ មុននឹងបញ្ចេញទៅប្រភពទឹកសាធារណៈវិញក្នុងខេត្តសៀបរាប នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក កែន រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសាធារណការ៕

លោក កែន រដ្ឋា បានឲ្យដឹងថា ថវិកាផ្សេងទៀតនៃកញ្ចប់កម្ចី ៥០លានដុល្លារនេះនឹងប្រើប្រាស់ទៅលើគម្រោងអភិវឌ្ឍន៍នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា។ សូមបញ្ជាក់ថា លោក កែន រដ្ឋា ជឿជាក់ថាធនាគារពិភពលោកនឹងផ្តល់ជំនួយជាប្រាក់កម្ចីនេះមកដល់ប្រទេសកម្ពុជាព្រោះថាបច្ចុប្បន្នធនាគារពិភពលោកកំពុងតែសិក្សាទៅលើគម្រោងអភិវឌ្ឍន៏នេះ។ លោកបានបន្ថែមថា ធនាគារពិភពលោកបានធ្វើការពិភាក្សានិងពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធរួចរាល់ហើយ។

ដោយឡែកទាក់ទងទៅនឹងកាលបរិច្ឆេទជាក់លាក់នៃដំណើរគម្រោងអភិវឌ្ឍន៍នេះ លោក កែន រដ្ឋា មិនទាន់អាចបញ្ជាក់បាននៅឡើយទេ។

គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីពេលថ្មីនេះបានឲ្យដឹងថា មកដល់ពេលនេះ ធនាគារពិភពលោក បានផ្ដល់កម្ចីដល់កម្ពុជាសរុបប្រមាណ ១.៧៣៤,៤៣ លានដុល្លារអាមេរិក ដែលក្នុងនោះ ១.១៤៨,៩៣ លានដុល្លារអាមេរិក ជាឥណទានសម្បទាន និង ៥៨៥,៥០ លានដុល្លារអាមេរិកជាឥណទានឥតសំណង ដែលនេះជាការបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងកម្ពុជា និងធនាគារពិភពលោក។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]