កម្ពុជាចុះហត្ថលេខាជាមួយចិនលើវិស័យសំខាន់ៗតម្លៃសរុបជាង៨០លានដុល្លារអាមេរិក

ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិនចំនួន១២ដែលមានតម្លៃសរុបជាង៨០លានដុល្លារអាមេរិកក្នុងវេទិកាវិនិយោគ ធុរកិច្ច និងទេសចរណ៍ នៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មផ្ទាល់។

អនុស្សរណៈយោគយល់ចំនួន១២ខាងលើ គឺនឹងគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន៖ ១) ការធ្វើធុរកិច្ច-ពាណិជ្ជកម្ម ២) ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកមគ្គុទេសក៍ទេសចរណ៍ និងផ្នែកវិស្វកម្ម (ផ្លូវដែកល្បឿនលឿន ទំនប់វារីអគ្គិសនី និងប្រពន្ធ័ធារាសាស្ត្រ) ៣) ការស្ថាបនាផ្លូវយន្តហោះ ៤)ការបង្កើតមហាវិទ្យាល័យស្រាវជ្រាវឧស្សាហកម្ម និង ៥) ការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ Sino-ASEAN។

ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឲ្យឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ «ព្រឹត្តការណ៍នេះបានឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី២១ និងគាំទ្រការអនុវត្តផ្លូវនិងខ្សែក្រវាត់របស់ចិនដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ តាមរយៈវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅក្នុងទីក្រុងណាននីង នៃខេត្តក្វាងស៊ី»។

ទន្ទឹមនឹងនេះដែរ លោកជំទាវ Yan Zhichan អនុប្រធាននៃរដ្ឋាភិបាលតំបន់ស្វ័យតខេត្តក្វាងស៊ីបានបង្ហាញឲ្យដឹងថាអនុស្សរណៈយោគយល់នេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅកសាងវិថីសូត្រសមុទ្រ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រទេសចិន។

សូមជម្រាបជូនថា ប្រទេសចិនបានវិនិយោគលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជារួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ទំនសប់វារីអគ្គីសនី។ល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]