កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ ACF លើកទី៤៧

កម្ពុជានឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) លើកទី៤៧ នៅខេត្តសៀមរាបក្នុងឆ្នាំ២០១៩នេះ បើយោងតាមការបញ្ជាក់ឲ្យដឹងពីសមាគមអ្នកសាងសង់កម្ពុជា។ នេះគឺជាលើកទីពីរហើយដែលកម្ពុជានឹងធ្វើការម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF)បន្ទាប់ពីកិច្ចប្រជុំដែលបានធ្វើឡើងក្នុងឆ្នាំ២០១២។

កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ លេខាធិកាដ្ឋានរបស់សមាគមអ្នកសាងសង់កម្ពុជាព្រមទាំងលេខាធិកាដ្ឋានតំណាងប្រទេសចំនួន៧ក្នុងតំបន់អាស៊ីអាគ្នេយ៍បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) លើកទី៤៦ ដែលបានប្រព្រឹត្តឡើងនៅឯទីក្រុងបាងកក ប្រទេសថៃឡង់ដ៏។

យោងតាមការបញ្ជាក់របស់សមាគមអ្នកសាងសង់កម្ពុជាបានឲ្យដឹងថា អង្គប្រជុំ (ACF) បានសម្រេចអនុម័តទៅលើចំណុចសំខាន់ៗជាច្រើនដែលក្នុងនោះរួមមាន៖ ១) អនុម័តបើកកិច្ចប្រជុំ (ACF) លើកទី៤៧ នៅក្នុងខេត្តសៀបរាបក្រោមការរៀបចំរបស់សមាគមអ្នកសាងសង់កម្ពុជា ២) ការចុះហត្ថលេខាបង្កើតធម្មនុញ្ញសហព័ន្ធអ្នកសាងសង់អាស៊ាន ៣) អនុម័តឲ្យសមាគមអ្នកសាងសង់ប្រទេសសឹង្ហបុរី (SCAL) ជាអ្នករៀបចំគេហទំព័រនិង Facebook របស់ ACF ៤) អនុម័តឲ្យបង្កើតទំព័រ Facebook តាមការស្នើសុំរបស់សមាគមអ្នកសាងសង់កម្ពុជា ៥) អនុម័តលើការធ្វើបទបង្ហាញនិងរបាយការណ៏ក្រោមទម្រង់តែមួយដែលនឹងផ្តោតសំខាន់ទៅលើវិស័យសំណង់និងការអភិវឌ្ឍន៍វិស័យសំណង់ និង ៦) ឯកភាពអនុម័តរបាយការណ៍របស់កិច្ចប្រជុំលើកទី៤៥។

រហូតមកដល់បច្ចុប្បន្ន ACF មានសមាជិកសមាគមសាងសង់ចំនួន ៨ ដែលតំណាងឲ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មពាក់ព័ន្ធនឹងការសាងសង់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ រួមមាន សមាគមអ្នកងសង់កម្ពុជា (CCA) សមាគមអ្នកសាងសង់ឥណ្ឌូនេស៊ី (ICA) សមាគមអ្នកសាងសង់ម៉ាឡេស៊ី (MBAM) សមាគមអ្នកសាងសង់ហ្វីលីពីន (PCA) សមាគមសាងសង់សឹង្ហបុរីលីមីតធីត (SCAL) សមាគមអ្នកសាងសង់ថៃ (TCA) សមាគមអ្នកសាងសង់វៀតណាម (VACC) និងសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា (MCEA)។

 

- Video Advertisement -