ស្ថានីយចម្រោះទឹកកខ្វក់ក្នុងខេត្តព្រះសីហនុនឹងមានសមត្ថភាព ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ
រដ្ឋាភិបាលគ្រោងពង្រីកសមត្ថភាពស្ថានីយចម្រោះទឹកកខ្វក់ក្នុង ខេត្តព្រះសីហនុបន្ថែមរហូតដល់ទៅបីដង។
កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសតាមទំព័រហ៊្វេសប៊ុករបស់ខ្លួនថាស្ថានីយចម្រោះទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ«គ្រោងពង្រីកសមត្ថភាពបន្ថែមដល់ទៅ៣ដងដើម្បីសម្រួលដល់ការសម្អាតបរិស្ថាននិងការរស់នៅកាន់តែប្រសើរសម្រាប់ទីក្រុងទេសចរណ៍មួយនេះ»។
តាមការបញ្ជាក់ក្នុងទំព័រហ៊្វេសប៊ុកដដែល ស្ថានីយចម្រោះទឹកកខ្វក់នេះគឺគ្រោងនឹងអនុវត្តពង្រីកសមត្ថភាពរហូតដល់ទៅ២០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនេះគឺធំជាងសមត្ថភាពបច្ចុប្បន្នរហូតដល់ទៅបីដង។
ក្នុងន័យនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើគ្រប់ភាគីពាក់ព័ន្ធសហការក្នុងការពន្លឿនការងារសិក្សានេះ ក្នុងគោលបំណងដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យនិងសម្រេចអនុវត្តការពង្រីសមត្ថភាពនេះ។
បច្ចុប្បន្នក្រុមហ៊ុនសំណង់អន្តរជាតិឈ្មោះថា Beijing Urban Construction Group (BUCG) បាននិងកំពុងអនុវត្តការស្តារឡើងវិញស្ថានីយចម្រោះទឹកកខ្វក់មួយនេះដែលកន្លងមកមានការថយចុះសមត្ថភាពសំអាតទឹកកខ្វក់ដោយសារកំណកភក់នៅបាតអាង។
ទន្ទឹមនឹងនេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បាន បន្ថែមឧបករណ៍បច្ចេកទេសនិងអនុវត្តឲ្យបានតាមបទដ្ឋានបច្ចេកទេសកំណត់ហើយការស្តារឡើងវិញនេះនឹងបញ្ចប់នៅក្នុងចុងឆ្នាំ២០១៨ខាងមុខនេះ។

