ក្រសួងការងារ៖ របាយការណ៍ទាសភាពការងារក្នុងសិប្បកម្មឡឥដ្ឋគឺមិនពិត
លោក វ៉េង ហៀង ប្រធាននាយកដ្ឋានការងារកុមាររបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
របាយការណ៍បង្ហាញពីទាសភាពការងារក្នុងសិប្បកម្មឡឥដ្ឋចេញផ្សាយដោយសាកលវិទ្យាល័យ Royal Hollowayកាលពីពេលថ្មីៗនេះគឺមិនពិតឡើយ នេះបើយោងតាមការអះអាងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំបានជួបពិភាក្សាជាមួយលោក វ៉េង ហៀង ប្រធាននាយកដ្ឋានការងារកុមាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបកស្រាយបន្ថែមទៅលើបញ្ហាការប្រើប្រាស់កម្លាំងទាសករសម័យទំនើបតាមរយៈការចងដោយបំណុលរួមទាំងកុមារផងដែរ។ អានបន្ថែម
ឆ្លើយតបទៅនឹងបញ្ហាខាងលើលោក វ៉េង ហៀង បានឲ្យដឹងថារបាយការណ៍នេះគឺមិនពិតឡើយព្រោះវាមិនបានស្តែងអំពីតថភាពជាក់ស្តែងក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្នតាមការអះអាងរបស់លោកគឺអត់មានទាសភាពទាល់តែសោះ។
ជាក់ស្តែង ក្រសួងការងារកន្លងមកបានធ្វើការចុះត្រួតពិនិត្យសិប្បកម្មឡឥដ្ឋហើយមិនបានរកឃើញបញ្ហាទាសភាពការងារទៅលើកុមារនិងការចងដោយបំណុលដោយម្ចាស់សិប្បកម្មចំពោះកម្មករដូចដែរសាកលវិទ្យាល័យ Royal Hollowayបានលើកឡើងនោះទេ។
ផ្ទុយទៅវិញ តាមការអះអាងដដែលរបស់លោក វ៉េង ហៀង ក្រសួងការងារបានខិតខំជួយកុមារដែលមានជីវភាពខ្វះខាតឲ្យបានទទួលការអប់រំនិងបានដកកុមារចេញពីសិប្បកម្មឡឥដ្ឋទាំងនោះសឹងតែគ្មានសល់។ គិតចាប់ពីឆ្នាំ ២០០៨មក កុមារប្រមាណ៣០០០នាក់ត្រូវបានដកហូត និងទប់ស្កាត់ពីការចូលរួមសកម្មភាពសេដ្ឋកិច្ចនៅសិប្បកម្មផលិតឥដ្ឋ។
ម៉្យាងវិញទៀត លោកក៏បានឲ្យដឹងទៀតថា ៨០ភាគរយនៃការរកឃើញក្នុងរបាយការណ៍នេះបានផ្សាយម្តងរួចមកហើយកាលពីឆ្នាំ២០១៦។ លើសពីនេះទៅទៀត ការរីកលូតលាស់នៃវិស័យសំណង់នៅកម្ពុជានាពេលបច្ចុប្បន្នមិនមានអ្វីទាក់ទងគ្នាជាមួយនឹងទាសភាពការងារនោះទេ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ទោះបីសិប្បកម្មឡឥដ្ឋកើនឡើងខ្លាំងសម្រាប់ផ្គត់ផ្គង់វិស័យសំណង់ក៏ឥឡូវសិប្បកម្មផលិតឥដ្ឋនាពេលបច្ចុប្បន្នមានការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិដែលអាចកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម»។
តែទោះជាយ៉ាងនេះក្តី លោក វ៉េង ហៀង ក៏បានគូសបញ្ជាក់ពីបញ្ហាមួយចំនួនដែលកម្មករជួបប្រទះដូចជា សុខភាពនិងអនាម័យក្នុងការរស់នៅ ការរៀនសូត្រ និងបំណុលបុគ្គលជាដើមដែលទាំងអស់នេះមិនមានភាពជាប់ទាក់ទងគ្នាជាមួយនឹងសង្វាក់ផលិតកម្មឥដ្ឋនោះឡើយ។


