ការធានារ៉ាប់រងបាននិងកំពុងបង្កើនភាពសំខាន់ក្នុងទីផ្សារសំណង់នៅកម្ពុជា
ស្របពេលដែលសកម្មភាពសំណង់បាននិងកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសទីផ្សារធានារ៉ាប់រងកំពុងបង្ហាញពីភាពសំខាន់របស់ខ្លួននៅប្រទេសកម្ពុជា។
ក្នុងន័យនេះ កាលពីថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ ២០១៨ កិច្ចពិភាក្សាអាហារពេលព្រឹករបស់សភាពាណិជ្ជកម្មអ៊ឺរ៉ុប EuroCham បានបង្ហាញព័ត៌មានយ៉ាងលម្អិតអំពីសារៈសំខាន់នៃធានារ៉ាប់រងទៅលើគម្រោងសាងសង់នានា។
ថ្លែងនៅចំពោះមុខអ្នកចូលរួមប្រមាណជា ៤០ នាក់លោក Charles Amar អនុប្រធានគណៈកម្មាធិការអចលនទ្រព្យនិងសំណង់របស់ EuroCham និងជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Bun & Associatesបានមានប្រសាសន៍ថា៖ «ការសាងសង់រីកលូតលាស់ខ្លាំងដូចនេះហើយធានារ៉ាប់រងសំណង់គឺសំខាន់ខ្លាំងណាស់»។
ទន្ទឹមនឹងនេះដែរ ក្រៅពីបង្ហាញអំពីគោលនយោបាយធានារ៉ាប់រងសំណង់នានាដែលមាននៅកម្ពុជាលោក Charles Amarក៏បានបញ្ជាក់អំពីប្រភេទធានារ៉ាប់រងដែលចាំបាច់បំផុតពោលគឺជាធានារ៉ាប់រងលើការខូចខាតដល់ភាគីទី៣ដែលជាបុគ្គលមិនពាន់ព័ន្ធក្នុងកិច្ចការរបស់គម្រោង។
ម៉្យាងវិញទៀត លោក Charles Amar ក៏បានសង្កត់ធ្ងន់លើហានិភ័យជុំវិញការសាងសង់និងកត្តាផ្សេងៗដែលត្រូវពិចារណាមុននឹងសម្រេចចិត្តទិញធានារ៉ាប់រង។
បន្ថែមជាងនេះទៅទៀត លោកបានអំពាវនាវម្ចាស់គម្រោងឬអ្នកម៉ៅការត្រូវទិញធានារ៉ាប់រងសំណង់លើការខូចខាតដល់ភាគីទី៣មុនពេលដំណើរការសាងសង់ដើម្បីចៀសវាងការពិន័យឬផ្អាកមិនឲ្យដំណើរការគម្រោងបន្តទៀត។
លោកបានមានប្រសាសន៍ថា៖«បើអ្នកមិនមានធានារ៉ាប់រងពួកគាត់ [អាជ្ញាធរ]អាចផ្អាកគម្រោងរបស់អ្នក»ហើយទោះបីមានការត្រួតពិនិត្យតិចតួចក្តីក៏អាជ្ញាធរមានអំណាចគ្រប់ពេលក្នុងការចុះត្រួតពិនិត្យនិងផាកពិន័យ។
ទន្ទឹមនេះដែរ លោក មាស សាវុងស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Grace Trading ដែលបានចូលរួមក្នុងកម្មវិធីបានមានប្រសាសន៍ថាលោកគ្រោងនឹងទិញធានារ៉ាប់រងសម្រាប់គម្រោងរបស់លោកបន្ទាប់ពីទទួលបានព័ត៌មានទាក់ទងនឹងគោលនយោបាយធានារ៉ាប់រងសំណង់។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «វេទិការនេះគឺល្អណាស់ឥឡូវនេះខ្ញុំដឹងថាធានារ៉ាប់រងបែបណាដែលស័ក្តសមគម្រោងរបស់ខ្ញុំ»។



