រដ្ឋាភិបាលកំពុងស្វែងរកទុនវិនិយោគសាងសង់ផ្លូវតភ្ជាប់ខេត្តសំខាន់ៗបី

ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន រដ្ឋាភិបាលបាននិងកំពុងស្វែងរកទុនវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវតភ្ជាប់ខេត្តសំខាន់ៗចំនួនបី នេះបើយោងតាមការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងពិធីបើកសម្ពោធផ្លូវក្រវាត់ក្រុងទី៣កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខេត្តកោះកុង ខេត្តពោធិ៏សាត់ និង ខេត្តបាត់ដំបង។

សម្តេចតេជោ ហ៊ុនសែនបានឲ្យដឹងយ៉ាងដូច្នេះថា៖ «យើងកំពុងតែរកទុនដើម្បីកសាងផ្លូវភ្ជាប់ពីខេត្តកោះកុង ទៅថ្មដារនៃខេត្តពោធិ៏សាត់និងព្រំដែនកម្ពុជា-ថៃ ហើយចេញពីថ្មដារព្រំដែនកម្ពុជា-ថៃ ទៅសំឡូតនៃខេត្តបាត់ដំបង ដើម្បីភ្ជាប់ជារបៀង»។

សមេ្តចបានបន្តទៀតថា ការកសាងផ្លូវមួយខ្សែនេះគឺដើម្បីកុំឲ្យប្រជាជនរស់នៅ ខេត្តកោះកុងលំបាកធ្វើដំណើរចេញពីផ្លូវជាតិលេខ៤ មកដល់ភ្នំពេញ ហើយបានបន្តទៅខេត្តពោធិ៍សាត់កាត់ទៅខេត្តបាត់ដំបង់។

ទន្ទឹមនឹងនេះដែរ ទាក់ទងទៅនឹងទុនវិនិយោគនេះទៀតសោត ឯកឧត្តម វ៉ា ស៊ឹមសុរិយាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបាន ប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំតាមទូរសព័្ទថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងស្នើសុំឥណទានពីប្រទេសចិនដែលក្នុងនោះឯកឧត្តមសង្ឃឹមថាគម្រោងកសាងផ្លូវមួយខ្សែនេះគឺអាចនឹងអនុវត្តបានក្នុងឆ្នាំ២០១៩នេះ។

ចំពោះរយៈពេលនៃការធ្វើដំណើរនៅតាមផ្លូវ កោះកុង-ខេត្តពោធិ៏សាត់-ខេត្តបាត់ដំបងវិញ ឯកឧត្តម វ៉ា ស៊ឹមសុរិយាមិនទាន់អាចបញ្ជាក់នៅឡើយទេថា អាចកាត់បន្ថយបានប៉ុន្មានម៉ោងពីការធ្វើដំណើរនាពេលបច្ចុប្បន្ន។

«យើងមិនទាន់ច្បាស់ទេ ព្រោះទាល់តែផ្លូវនឹងវាធ្វើហើយវាអាចមានបញ្ហាខ្លះដែរដោយផ្លូវនឹងវានៅក្នុងតំបន់ខ្ពង់រាបនិងជួរភ្នំ អញ្ចឹងវាអាចកាត់ខ្លីមែនប៉ុន្តែវាខ្ពស់បន្តិច អញ្ចឹងយើងមើលលទ្ធភាពឡានកុងតឺន័រឡានដឹកទំនិញធំៗ»ឯកឧត្តម វ៉ា ស៊ឹមសុរិយាបានគូសបញ្ជាក់ដូចនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]