កម្ពុជា-ថៃសម្លឹងមើលលើការពង្រីកពាណិជ្ជកម្មម៉ាស៊ីនត្រជាក់

រូបភាពដោយ thenational.ae

ជាមួយនឹងការកើនឡើងជារៀងរាល់ឆ្នាំនៃទំហំពាណិជ្ជកម្មទ្វេភាគី ពាណិជ្ជករកម្ពុជានិងថៃបាននិងកំពុងសម្លឹងមើលការពង្រីកទីផ្សារម៉ាស៊ីនត្រជាក់ដែលបានស្តែងចេញតាមរយៈកម្មវិធីផ្គូរផ្គងពាណិជ្ជកម្មកាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩ នេះ។

ក្នុងគោលបំណងពង្រីកពាណិជ្ជកម្មម៉ាស៊ីត្រជាក់ ឧបករណ៍អេឡិចត្រូនិក និងគ្រឿងបន្លាស់ផ្សេងៗទៀតអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ (DITP)បានរៀបចំកម្មវិធីផ្គូរផ្គងពាណិជ្ជកម្មរយៈពេលមួយថ្ងៃនៅឯសណ្ឋាគារកាំបូឌីយ៉ាណា។

ថ្លែងមកកាន់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំក្នុងអំឡុងពេលនៃកម្មវិធី លោក Surachet Maneepongអ្នកឯកទេសគាំទ្រពាណិជ្ជកម្មនៃមជ្ឈមណ្ឌលគាំទ្រពាណិជ្ជកម្មភ្នំពេញAEC បានឲ្យដឹងថាកំណើនសេដ្ឋកិច្ចកម្ពុជាបានជំរុញឲ្យមានតម្រូវការកាន់តែច្រើនលើអ្វីៗទាំងអស់ជាពិសេសសម្ភារលំនៅដ្ឋានដូចជាម៉ាស៊ីនត្រជាក់ជាដើម។

«កម្មវិធីនេះគឺផ្តោតលើម៉ាស៊ីនត្រជាក់ និងគ្រឿងបន្លាស់អគ្គិសនី។ ខណៈដែលសេដ្ឋកិច្ចកម្ពុជាកំពុងតែរីកចម្រើនតម្រូវការកាន់តែច្រើនសម្រាប់អ្វីៗទាំងអស់» លោកបានឲ្យដឹងយ៉ាងដូច្នេះហើយបានបន្ថែមទៀតថាពាណិជ្ជកម្មទ្វេភាគីសម្រាប់ម៉ាស៊ីនត្រជាក់គឺសរុបជាទឹកប្រាក់ប្រមាណជា១៦លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨។

លោកបានបន្តថា៖«មិនត្រឹមតែថៃនាំចេញម៉ាស៊ីនត្រជាក់មកកម្ពុជាទេប៉ុន្តែក៏នឹងមានវិនិយោគិនថៃមួយចំនួនផ្សេងទៀតកំពុងស្វែងរកទីតាំងសម្រាប់ផលិតកម្មរបស់ខ្លួនដូចជាការបង្កើតខ្សែផលិតកម្ម [នៅកម្ពុជា] ព្រោះកម្ពុជាមានការផ្តល់កញ្ចប់លើកទឹកចិត្តមួយចំនួនសម្រាប់វិនិយោគិន»។

យោងតាមការឲ្យដឹងពីលោក Surachet Maneepong ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសកម្ពុជានិងប្រទេសថៃកើនឡើងជាង ២០ ភាគរយក្នុងមួយឆ្នាំៗ ដែលកាលពីឆ្នាំមុនវាបានកើនឡើងពី ៦ ពាន់លានដុល្លារអាមេរិក ទៅ ៨ ពាន់លានដុល្លារអាមេរិក។

លោកបានលើកឡើងថា៖ «នៅឆ្នាំនេះយើងរំពឹងថាកំណើនពាណិជ្ជកម្មសរុបនឹងកើនឡើងយ៉ាងហោចណាស់ពី ១០ ទៅ ១៥ ភាគរយ»។

- Video Advertisement -