ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
តំបន់វិស្សមកាលទេសចរណ៍តារាសាគរ
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្ងៃទី ១៨ ខែកុម្ភៈ បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចិនចំនួន ២ ក្នុងការបោះទុនសរុបជិត ៦០០ លានដុល្លារដើម្បីអភិវឌ្ឍន៍ជារីស៉តផ្កាយ ៥ ពីរកន្លែងនៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។
ក្រុមហ៊ុនទី១ ដែលទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីគឺក្រុមហ៊ុន Nanjing Dadi Construction (Cambodia) Development Group Co., Ltd ដែលនឹងបោះទុនវិនិយោគប្រមាណ ៨៨,៤លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ចំនួន ៣០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរីស៉ត។ គម្រោងនេះស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលក្រោយគម្រោងនេះចាប់ផ្ដើមដំណើរការ វានឹងជួយបង្កើតការងារបានចំនួន ២.៥៩៨ កន្លែង។
លើសពីនេះ CDC ក៏បានអនុម័តឲ្យ ក្រុមហ៊ុនUnion Development Group Co., Ltd. បោះទុនវិនិយោគប្រមាណ ៥០០,៤ លានដុល្លារអាមេរិកអភិវឌ្ឍទីក្រុងទេសចរណ៍ “TEMI” រួមមាន សណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ៨០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម តារាងវាយកូនគោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត ចំណតកប៉ាល់ និងគម្រោងផ្សេងៗមួយចំនួនទៀត។ គម្រោងនេះមានទីតាំងស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង ដែលការអភិវឌ្ឍន៍គម្រោងនេះនឹងអាចជួយបង្កើតការងារបានចំនួន ៥.១៥០កន្លែង ដល់ប្រជាជននៅក្នុងតំបន់។
គួរបញ្ជាក់ផងដែរថា គម្រោងនេះគឺជាផ្នែកមួយនៃការវិនិយោគរបស់ក្រុមហ៊ុន Union Development ដែលជាក្រុមហ៊ុនដែលទទួលខុសត្រូវលើគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគរ (Dara Sakor Seashore Resort) ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ នៃខេត្តកោះកុង។
គម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគរនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចជួលឲ្យក្រុមហ៊ុន Union Development រយៈពេល ៩៩ ឆ្នាំក្នុងការប្រែក្លាយផ្ទៃដីសរុបទំហំ ៣៦.០០០ហិកតា ឲ្យទៅជាតំបន់ទេសចរណ៍ចម្រុះដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គិតមកទល់ពេលបច្ចុប្បន្នក្រុមហ៊ុន Union Development បានបោះទុនវិនិយោគចំនួនជាង ១.៥០០លានដុល្លារហើយ លើគម្រោងនេះ។ (អានបន្ថែម)
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាព ទាក់ទាញ និងប្រកួតប្រជែងខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ក្នុងន័យទាក់ទាញការវិនិយោគពីក្រៅប្រទេសឱ្យបានច្រើន៕

