ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
អគ្គិសនីកម្ពុជា ប្រភព៖ Pang Chamnaន
អគ្គិសនីកម្ពុជា ឬ EDC កាលពីថ្មីៗនេះ បានប្រកាសបើកការដេញថ្លៃជាអន្តរជាតិសម្រាប់ការអនុវត្តគម្រោងថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមសារព័ត៌មានបរទេស Renewables Now។
បើយោងតាមឯកសារដេញថ្លៃដែលបានចេញផ្សាយកាលពីដើមខែកុម្ភៈ ការដេញថ្លៃលើគម្រោងនេះគឺធ្វើឡើងក្នុងកិច្ចសន្យា សាងសង់ ធ្វើម្ចាស់កម្មសិទ្ធិ និងប្រតិបត្តិការ ឬ Build-Own-Operate។ ក្រុមហ៊ុនដែលឈ្នះការដេញថ្លៃនេះ នឹងត្រូវទទួលខុសត្រូវលើ ការរចនាប្លង់ ហិរញ្ញប្បទាន និងការសាងសង់ ដែលរួមបញ្ចូលទាំងការសាងសង់ស្ថានីយ និងបណ្តាញទំនាក់ទំនងដែលពាក់ព័ន្ធផងដែរ។
បន្ទាប់ពីការសាងសង់បញ្ចប់រួចរាល់ ក្រុមហ៊ុនដែលឈ្នះការដេញថ្លៃក៏នឹងទទួលបានកិច្ចព្រមព្រៀងទិញលក់ថាមពលរយៈពេលវែងជាមួយ EDC ក៏ដូចជាទទួលបានការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនិងថែទាំផងដែរ។
ប្រភពដដែលនេះបានឲ្យដឹងថា កាលបរិច្ឆេទនៃការដេញថ្លៃនឹងបញ្ចប់ត្រឹម ថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០១៩។
គួរបញ្ជាក់ផងដែរថា គម្រោងនេះគឺជាដំណាក់កាលដំបូងនៃគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ ១០០ មេហ្គាវ៉ាត់ (National Solar Park) ដែលទទួលបានការគាំទ្របច្ចេកទេសដោយធនាគារអភិវឌ្ឍន៍អាស៊ី។ គម្រោងនេះនឹងក្លាយជាគម្រោងថាមពលពន្លឺព្រះអាទិត្យទី ៣ របស់ព្រះរាជាណាចក្រកម្ពុជា។
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានរោងចក្រថាមពលពន្លឺព្រះអាទិត្យតែមួយគត់ គឺគម្រោង ១០ មេហ្គាវ៉ាត់របស់ក្រុមហ៊ុនសឹង្ហបុរី Sunseap Asset (Cambodia) នៅក្រុងបាវិត ដែលជាតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង។
ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ ក្រុមហ៊ុន SchneiTec Group ដែលជាក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនកម្ពុជានិងចិន ក៏កំពុងដំណើរការលើគម្រោងរោងចក្រផលិតអគ្គីសនីពីពន្លឺព្រះអាទិត្យ ទំហំ១១៥ហិកតានៅខេត្តកំពង់ស្ពឺ ផងដែរ។ (អានបន្ថែម)
ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុពិភពលោក ប្រទេសកម្ពុជាចាប់ផ្ដើមប្រើប្រាស់ថាមពលព្រះអាទិត្យនិងថាមពលវារីអគ្គីសនី ជំនួសឲ្យថាមពលឥន្ធនៈ។ រដ្ឋាភិបាលកម្ពុជាបានសន្យាក្នុងកិច្ចព្រមព្រៀងប៉ារីសថា នឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនិកចំនួន ២៧% ត្រឹមឆ្នាំ ២០៣០។
គួរបញ្ជាក់ផងដែរថា គោលដៅរយៈពេលវែងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺរក្សាការកើនឡើងសីតុណ្ហភាពជាមធ្យមនៅទូទាំងពិភពលោកឱ្យទាបជាង ២ អង្សាសេ និងដើម្បីកំណត់ការកើនឡើងត្រឹម ១,៥ អង្សាសេ ។

