លក្ខណះពិសេសនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុដែលគ្រប់គ្នាត្រូវដឹង

បន្ទាប់ពីទន្ទឹងរង់ចាំអស់ជាង ១៣ឆ្នាំមក គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុបានសម្ពោធបើកការដ្ឋាន សាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩។ ដោយសារគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ជាគម្រោងវិនិយោគទីមួយ និងធំជាងគេក្នុងប្រវត្តិសាស្រ្តកម្ពុជា បានធ្វើឲ្យគម្រោងនេះត្រូវបានប្រជាពលរដ្ឋសាទរ និងទទ្ទឹងចង់ដឹងពីលក្ខណះពិសេស បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់។
គម្រោងផ្លូវល្បឿនលឿននភ្នំពេញ-ខេត្តព្រះសីហនុនេះ គឺសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលនឹងត្រូវបញ្ចប់ការសាងសង់ហើយដាក់ឲ្យដំណើរការត្រឹមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលវានឹងក្លាយទៅជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់កម្ពុជា។
«គម្រោងនេះវាជារឿងមួយដែលយើងសង្ឃឹមជឿជាក់ថានឹងរុញប៉ូលសេដ្ឋកិច្ចរបស់យើងភ្ជាប់ពីក្រុងភ្នំពេញ និងទៅតំបន់មាត់សមុទ្ររបស់កម្ពុជា ឲ្យក្លាយទៅជាច្រកនៃកំណើនសេដ្ឋកិច្ច នេះជាចំណុចដែលយើងចង់បាន» សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍។
តើអ្វីទៅដែលធ្វើឲ្យគម្រោងតម្លៃរាប់ពាន់លានដុល្លារមួយនេះមានសារៈសំខាន់ខ្លាំងបែបនេះសម្រាប់កម្ពុជា?
  • ទុនវិនិយោគផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ
សមិទ្ធផលដ៏ធំមួយនេះត្រូវបានសិក្សាដោយក្រុមហ៊ុន CRBC តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ទើបតែក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវមួយខ្សែនេះក្នុងទំហំទឹកប្រាក់វិនិយោគរហូតដល់ទៅ ២ពាន់លានដុល្លារអាមេរិកតាមរូបភាព«សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ» ។ ក្នុងនោះដែរ ក្រុមហ៊ុនបានបោះទុនផ្ទាល់ចំនួន ៦០០ លានដុល្លារអាមេរិក និងទទួលកម្ចីពីធនាគារចិនចំនួន ១៤០០លានដុល្លារអាមេរិកដោយមិនតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការធានាទៅលើអាជីវកម្មមួយនេះឡើយ។  ជាងនេះទៀត គម្រោងនេះនឹងប្រើប្រាស់ថវិកាបដិភាគដែលជាហិរញ្ញប្បទានឥតសំណងពិសេសរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១៥០លានដុល្លារអាមេរិក។
  • ទម្រង់«សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ ឬ Build-Operate-Transfer»
យោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទម្រង់ «សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ» សម្រាប់គម្រោងនេះ មានលក្ខណះខុសប្លែកពីបណ្តាប្រទេសក្នុងសកលលោក។
«ធម្មតាប្រពន័្ធ BOT នៅប្រទេសផ្សេងគេផ្តល់ដីមកជូនអ្នកវិនិយោគ ក៏ប៉ុន្តែនៅកម្ពុជាយើងនេះ រាជរដ្ឋាភិបាលយើងនេះមិនមានដីទេ ដូច្នេះក្រុមហ៊ុនត្រូវផ្តល់ថវិការមកកម្ពុជាដើម្បីទិញដីហើយកម្ពុជាផ្តល់សិទ្ធទៅក្រុមហ៊ុនយកទៅប្រើប្រាស់ក្នុងរយៈពេលនៃកិច្ចព្រមព្រៀង» ឯកឧត្តម បានបញ្ជាក់។
គួរបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនេះ រដ្ឋាភិបាលបានផ្តល់សម្បទានវិនិយោគទៅឲ្យក្រុមហ៊ុនខាងលើក្នុងរយៈពេល៥០ឆ្នាំ។
  • ការរួមចំណែករបស់រដ្ឋាភិបាលលើគម្រោងនេះ
តាមការបញ្ជាក់ដដែលពីឯកឧត្តម រដ្ឋាភិបាលរួមចំណែកតាមរយៈការមិនយកពន្ធដារ ពន្ធអាករ ទំនិញយកចូលមកកម្ពុជា សម្រាប់បម្រើដល់ដំណើរការសាងសង់ផ្លូវមួយខ្សែនេះ ប៉ុន្តែមិនមានចូលរួមជាប្រាក់កម្ចីឬជំនួយណាមួយនោះទេ។
  • ការបង្កើតការងារជូនប្រជាពលរដ្ឋ
យោងតាមការបញ្ជាក់របស់លោក Weng Gang អនុប្រធានក្រុមហ៊ុន CRBC គម្រោងនេះនឹងផ្តល់ឱកាសការងារដល់បុគ្គលិកក្នុងស្រុកបានចំនួន ៦០០០ នាក់ដោយផ្ទាល់ក្នុងអំឡុងពេលសាងសង់។ ជាងនេះទៀត  ក្រុមហ៊ុនរំពឹងថានឹង បង្កើតការងារប្រមាណជា ១០.០០០ កន្លែងជាបន្តបន្ទាប់ក្រោយពេលដែលបញ្ចប់ការសាងសង់ ហើយនៅពេលដំណើរការអាជីវកម្មគម្រោងនេះ នឹងបង្កើតការងារជូនប្រជាពលរដ្ឋជាង ២០០០ នាក់ជារៀងរាល់ឆ្នំា។ ក្នុងនោះផងដែរ ក្រុមហ៊ុនក៏មានផែនការបណ្តុះបណ្តាលបុគ្គលិកគ្រប់ជាន់ថ្នាក់និងគ្រប់ផ្នែកនៃវិស័យសំណង់និងហេដ្ឋារចនាសម្ព័ន្ធ។
  • ទីតាំងនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ
ជាមួយនឹងប្រវែងសាងសង់សរុបប្រមាណជា ១៩០ គីឡូម៉ែត្រ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ នឹងតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះទៀតសោត នឹងឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ។
  • រយៈពេលនិងកំរៃសម្រាប់ការធ្វើដំណើរ
ជាមួយនឹងបញ្ជរបង់ប្រាក់រហូតដល់ទៅ ៨កន្លែង បន្ទាប់ពីបញ្ចប់ការសាងសង់ ក្រុមហ៊ុន CRBC នឹងអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទ អាចបើកបរលើផ្លូវមួយខ្សែនេះពីភ្នំពេញទៅព្រះសីហនុក្នុងរយៈពេល៩០នាទីដោយឥតគិតថ្លៃក្នុងរយៈពេល១ខែពេញ និងបន្ទាប់មក ក្រុមហ៊ុននឹងបញ្ចុះតម្លៃ ២០ ភាគរយសម្រាប់រយៈពេល១ឆ្នាំដំបូង។ ចំពោះកំរៃពេញសម្រាប់ការធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រុមហ៊ុនមានសិទ្ធិកំណត់តម្លៃដោយខ្លួនឯង ក៏ប៉ុន្តែ ឯកឧត្តម ជឿជាក់ថាតម្លៃសម្រាប់ឆ្លងកាត់ផ្លូវនេះ គឺនឹងមានអត្រាទាបជាងកំរៃឆ្លងកាត់ផ្លូវហាយវេក្នុងតំបន់អាស៊ាន។ ចំពោះកំរៃទូទៅក្នុងតំបន់ ដែលត្រូវបានគិតទៅតាម ប្រវែងគីឡូម៉ែត្រនិងតាមប្រភេទរថយន្ត គឺមានកំរៃពីចន្លោះ១០ ទៅ ១៣ សេន ដុល្លារអាមេរិកក្នុងមួយគីឡូម៉ែត្រ។
  • ប្រភេទផ្លូវ
ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុគឺជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ ដែលអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រ ទៅ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវល្បឿនលឿននេះ មានរៀបចំខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង (ប្រវែងសរុប ១០៥ម៉ែត្រ) ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង (ប្រវែងសរុប ៦.០១៥ម៉ែត្រ) និងសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៦កន្លែង (អាចឲ្យយានយន្តឆ្លងទៅផ្លូវជាតិលេខ៤) ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមដីចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង សាងសង់តំបន់សេវាកម្ម (ចំណតឈប់សម្រាក) ចំនួន ៣កន្លែង ចំណតរថយន្តចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន ៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៨កន្លែង ព្រមទាំងបំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ។
- Video Advertisement -