អគ្គិសនីកម្ពុជាចុះហត្ថលេខាកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលអគ្គីសនីតម្លៃ៣៨០លានដុលា្លរ

រូបភាពដោយ EDC

អគ្គិសនីកម្ពុជាហៅកាត់ថា EDC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រអគ្គិសនីដើរដោយចំហេះ ដែលមានអនុភាពផលិតថាមពលអគ្គិសនីទំហំ៤០០មេហ្គាវ៉ាត ដើម្បីផ្គត់ផ្គង់នៅរាជធានីភ្នំពេញ។

កិច្ចព្រមព្រៀងដែលបានចុះហេត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែមិថុនា គឺនឹងធ្វើការសាងសង់រោងចក្រម៉ាស៊ីនភ្លើងចំនួនពីរ ដើរដោយចំហេះ នៅស្រុកល្វាឯម ខេត្តកណ្តាល។

រោងចក្រទីមួយគឺជាការសាងសង់រោងចក្រម៉ាស៊ីនភ្លើង អនុភាពទំហំ២០០មេហ្គាវ៉ាត នាំចូលពីប្រទេសហ្វាំងឡង់ និងសាងសង់ដោយក្រុមហ៊ុនចិន China Gezhouba Group Corporation។

រោងចក្រទីពីរ គឺជាការសាងសង់រោងចក្រម៉ាស៊ីនភ្លើងអនុភាព២០០មេហ្គាវ៉ាត នាំចូលពីប្រទេសអាឡឺម៉ង់ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនចិន China National Heavy Machinery Corporation។

ឯកឧត្តម កែវ រតន អគ្គនាយកនៃអគ្គិសនីកម្ពុជា បញ្ជាក់ថា គម្រោងសាងសង់រោងចក្រអគ្គិសនី ដើរដោយចំហេះនេះ មានអនុភាពទំហំ៤០០មេហ្គាវ៉ាត គ្រោងចំណាយថវិកាវិនិយោគប្រមាណ ៣៨០លានដុល្លារអាមេរិក។

យោងតាមក្រសួងរ៉ែ និងថាមពល រោងចក្រថាមពលដើរដោយចំហេះ គ្រោងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការផលិតថាមពលក្នុងរយៈពេល១០ខែ បន្ទាប់ពីកិច្ចព្រមព្រៀងសាងសង់ត្រូវបានចុះហេត្ថលេខា។

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ឯកឧត្តម ទី នរិន្ទ បានឲ្យដឹងថា គម្រោងថាមពលថ្មីៗ បូករួមរទាំងគម្រោងថាមពលអនុភាព៤០០មេហ្គាវ៉ាត ដែលទទួលបានអនុម័តពីប្រមុខរដ្ឋាភិបាល និងត្រូវបានចុះហត្ថលេខានេះ គឺដើម្បីបង្កើនថាមពលដែលចេះតែកើនឡើង នៃគម្រោងវិនិយោគ ជាពិសេសវិស័យសំណង់។

ឯកឧត្តម ទី នរិន្ទ បញ្ជាក់ថា គម្រោងថាមពល សូឡា និងវារីអគ្គិសនី នៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ត្រូវបានរដ្ឋាភិបាលអនុម័តរួច។

គួរបញ្ជាក់ថា ប្រភពថាមពលសំខាន់នៃថាមពលនៅប្រទេសកម្ពុជា គឺបានមកពីវារីអគ្គិសនី៕

- Video Advertisement -