ធនាគារអឺរ៉ុបផ្តល់កម្ចីជិត ១០០លានដុល្លារ សាងសង់ប្រព័ន្ធផលិតទឹកស្អាតនៅភ្នំពេញ

ធនាគារវិនិយោគអឺរ៉ុប ហៅកាត់ថា EIB បានផ្តល់ឥណទានសម្បទាន ៨៥,៩លានអឺរ៉ូ ស្មើនឹងប្រមាណ៩៦,១៤ លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងរាជធានីភ្នំពេញ។

កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខាដោយ ធនាគារវិនិយោគអឺរ៉ុប ជាមួយនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដើម្បីកែលម្អការផ្គត់ផ្គង់សម្រាប់ទទួលទាននៅក្នុង និងតំបន់ជុំវិញរាជធានី។

គម្រោងនេះ នឹងទទួលបានការគាំទ្រពីហិរញ្ញប្បទានវិនិយោគឥតសំណង ១៣.៥លានអឺរ៉ូ ស្មើ១៥.២៥ លានដុល្លារអាមេរិក ផងដែរពីកម្មវិធីវិនិយោគនៅអាស៊ី នៃសហភាពអឺរ៉ុប និងមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍបារាំង ហៅកាត់ AFD សម្រាប់ការតភ្ជាប់បណ្តាញទឹកដល់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅតាមជាយក្រុង និងរស់នៅក្នុងទីក្រុង ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់គ្នាមានឱកាសស្មើភាពគ្នាក្នុង ការទទួលបានទឹកស្អាត។

ហិរញ្ញប្បទាននេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកស្អាតប្រមាណ៧១ពាន់លាន ម៉ែត្រគូបក្នុងមួយឆ្នាំ និងពង្រីកបណ្តាញចែកចាយទឹកស្អាតសម្រាប់ ប្រជាពលរដ្ឋ ២.៥លាននាក់ក្នុងរាជធានីភ្នំពេញ។ តាមរយៈការផ្តល់ហិរញ្ញប្បទាននេះ នឹងផ្តល់លទ្ធភាពឲ្យមានការសាងសង់រោងចក្រទឹកស្អាតបាក់ខែងដែលឋិតនៅ ជាយក្រុងភាគខាងជើងនៃទីក្រុងភ្នំពេញ ដោយប្រភពសម្រាប់យកទឹកមាន ទីតាំងឋិតនៅច្រាំងខាងលិចនៃទន្លេមេគង្គ។

សេចក្កីប្រកាសព័ត៌មានដដែលបន្តថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាភ្នាក់ងារប្រតិបត្តិគម្រោងនេះ និងជាអ្នកខ្ចីបន្តពីរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានមានប្រសាសន៍ថា ការគាំទ្រនេះ បានផ្តល់លទ្ធភាពឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឆ្លើយតបចំពោះកំណើនប្រជាសាស្រ្ត និងកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់ ជាពិសេសនៅតាមតំបន់ជិតខាង៕

- Video Advertisement -