ក្រុមហ៊ុនចិនឈ្នះគម្រោងសាងសង់ផ្នែក២នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
រូបភាពដោយ PASCALL +WATSON
ក្រុមហ៊ុនសាងសង់ដែលមានមូលដ្ឋាននៅប្រទេសចិន Shanxi Construction Mechanization Group បានឈ្នះការដេញថ្លៃចំនួន ២៩០ លានយ័ន (ប្រមាណជា ៤២.១៦ លានដុល្លារអាមេរិក) ដើម្បីសាងសង់ផ្នែកចំនួន២នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
តាមការចុះផ្សាយរបស់សារព័ត៌មាន China Daily កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Shanxi នឹងចូលរួមក្នុងការសាងសង់អាកាសយានដ្ឋានខាងលើ ដែលក្នុងនោះ ក្រុមហ៊ុននឹងសាងសង់ បរិវេណហោះហើរ និងគ្រឿងបរិក្ខារជំនួយក្នុងបរិវេណហោះហើរ។ ការសាងសង់នេះក៏រួមបញ្ចូលផងដែរនូវការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ការលើកដី ទីជម្រាល វិស្វកម្មលូបង្ហូរទឹក គ្រឹះ និងស្ថានីយអ្នកដំណើរ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគឺជាការវិនិយោគទឹកប្រាក់ចំនួន ៩០០លានដុល្លារអាមេរិកដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd ដែលប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Yunnan Investment Holdings Ltd (YIHL) របស់ប្រទេសចិន បន្ទាប់ពីក្រុមហ៊ុននេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានរយៈពេល ៥៤ ឆ្នាំ ជាមួយរដ្ឋាភិបាលកាលពីឆ្នាំ ២០១៧។
អាកាសយានដ្ឋាននេះនឹងត្រូវសាងសង់លើផ្ទៃដី ៧០០ ហិកតា និងរួមបញ្ចូលផ្ទៃដី ១ ពាន់ហិកតានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយដែលការសាងសង់រំពឹងថានឹងបញ្ចប់ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ។
នៅពេលបញ្ចប់ការសាងសង់ ព្រលានយន្តហោះថ្មីនឹងអាចទទួលអ្នកដំណើរចំនួន ៧ លាននាក់ជារៀងរាល់ឆ្នាំ។




