ជីប ម៉ុង គ្រុបបោះទុនជាង៣០០លានដុល្លារដើម្បីក្តោបក្តាប់ទីផ្សារលក់រាយនៅកម្ពុជា
ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនមួយរបស់ជីប ម៉ុង គ្រុប គ្រោងនឹងវិនិយោគទឹកប្រាក់ជាង ៣០០ លានដុល្លារអាមេរិកលើវិស័យលក់រាយដែលជាប្រភេទទីផ្សារលក់ទំនិញក្នុងហាងទំនើប ដើម្បីក្តោបក្តាប់ទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ ។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុននៅថ្ងៃទី ១៩ ខែកក្កដា នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ។
ជាមួយនឹងទុនវិនិយោគជាង ៣០០ លានដុល្លារអាមេរិកសម្រាប់ការវិនិយោគរយៈពេលវែង គួបផ្សំជាមួយនឹងការផ្តល់ជូនទីតាំងល្អលើគម្រោងទាំងអស់របស់ខ្លួននៅទូទាំងរាជធានីភ្នំពេញ ក្រុមហ៊ុននឹងបន្តធ្វើការទាក់ទាញអ្នកធ្វើដំណើរកំសាន្តនៅតាមផ្សារទំនើប និងម្ចាស់អាវជីកម្មបន្ថែមទៀត។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖ «យើងដឹងថា ការវិនិយោគក្នុងវិស័យលក់រាយ និងផ្សារទំនើបកំពុងតែកើនឡើងយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា ដែលមានន័យថា អ្នកធ្វើអាជីវកម្មមានជម្រើសកាន់តែទូលំទូលាយជាងមុនក្នុងការជ្រើសរើសដៃគូសម្រាប់អាជីវកម្មរបស់ពួកគេ»។
ជាមួយគ្នានេះដែរ លោក Stephane Pierron ប្រធានក្រុមហ៊ុន ជីប ម៉ុង រីថេល បានឲ្យដឹងថា ក្រុមហ៊ុននឹងភ្ជាប់ជាមួយនឹងការវិនិយោគរយៈពេលវែង ក៏ដូចជាប្រើយុទ្ធសាស្រ្តដើម្បីទាក់ទាញអាជីវករ និងអ្នកមកទស្សនានៅផ្សារទំនើបបន្ថែមទៀត។
លោកថ្លែងថា៖«យើងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងរឹងមាំ និងយុទ្ធសាស្រ្តសម្រាប់ផ្សារទំនើប ៦ កន្លែងរបស់យើង និងការគាំទ្ររបស់អ្នកទាំងអស់គ្នា នឹងទទួលបានជោគជ័យ»។
ក្នុងនោះដែរ លោកឧកញ៉ា លាង ឃុន ក៏បានបន្ថែមដែរថា៖ «ក្រុមហ៊ុន ជីប ម៉ុង រីថេល មានមហិច្ជិតាក្នុងការធ្វើឲ្យមណ្ឌលផ្សារទំនើបរបស់យើងក្លាយជាអទិភាពទី១សម្រាប់អាជីវករក្នុងការបើកអាជីវកម្មរបស់ខ្លួន និងជាជម្រើសទី១សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការមកកម្សាន្ត និងទិញទំនិញយ៉ាងច្រើនសម្បូរបែប ដែលប្រកបដោយគុណភាព គុណភាពតម្លៃ និងភាពទាន់សម័យ»។
តាមការឲ្យដឹងរបស់លោកឧកញ៉ា លាង ឃុន បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការផ្សារទំនើបប្រភេទ សូភឺម៉ាខែត ចំនួនពីរកន្លែង និងមានផ្សារទំនើប ៥ កន្លែងផ្សេងទៀត និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកំពុងសាងសង់។
ក្នុងឆ្នាំ២០១៩នេះដែរ ក្រុមហ៊ុនគ្រោងនឹងបើកដំណើរការផ្សារទំនើបបែបសហគមន៍ជីប ម៉ុង នរោម៉ល តាមបណ្តោយផ្លូវព្រះនរោត្តម និងមជ្ឍមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុងបាក់ទូក។

- Video Advertisement -