ក្រសួងកំពុងពិនិត្យនីតិវិធីផ្ទេរភាគហ៊ុនគម្រោងថាមពលសូឡានៅបន្ទាយមានជ័យ

ក្រសួងរ៉ែ និងថាមពល កំពុងពិនិត្យលើបទដ្ឋានគតិយុត្តិ ការទិញភាគហ៊ុននៃគម្រោងថាមពលពន្លឺព្រះអាទិត្យ ឬថាមពលសូឡាមានអនុភាពផលិតថាមពល ៣០មេហ្គាវ៉ាត នៅខេត្តបន្ទាយមានជ័យ។

ការពិនិត្យនេះ ធ្វើឡើងក្រោយក្រុមហ៊ុន ថៃ B.Grimm កាលពីពាក់កណ្តាលខែវិច្ឆិកា កន្លងទៅបានសម្រេចទិញភាគហ៊ុន ពីក្រុមហ៊ុន Ray Power Supply Co Ltd តាមរយៈកិច្ចព្រមព្រៀងទិញភាគហ៊ុន ដែលមានតម្លៃ៣០០ ០០០ ម៉ឺនដុល្លារ។ នេះបើយោងតាមគេហទំព័រ PV Tech។

តាមរយៈកិច្ចព្រមព្រៀង នេះ ក្រុមហ៊ុន Ray Power Supply Co Ltd ដែលទទួលបានការអនុម័តពីរដ្ឋាភិបាល កាលពីខែមិថុនាកន្លងទៅ យល់ព្រមឲ្យក្រុមហ៊ុន B.Grimm សាងសង់ជើងទម្រសម្រាប់បន្ទះសូឡា លើផ្ទៃដីទំហំ៤០ហិកតារ ក្នុងខេត្តបន្ទាយមានជ័យ។

គម្រោងសាងសង់ជើងទម្របន្ទះសូឡាគ្រោងបញ្ចប់ នៅត្រឹមខែតុលា ឆ្នាំ២០២០ ខណៈដែលគម្រោងថាមពល៣០មេហ្គាវ៉ាត់គ្រោងបញ្ចេញថាមពេលនៅឆ្នាំ២០២១។

កិច្ចព្រងព្រៀងលក់ភាគហ៊ុននេះ ទាមទារការអនុម័តពីក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរពាក់ព័ន្ធ។

លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រសួងនឹងពិនិត្យលើទិដ្ឋភាពច្បាប់ លើការផ្ទេរសិទ្ធិនេះ។

លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “ការផ្ទេរកម្មសិទ្ធិ ក្នុងលក្ខណៈបច្ចេកទេស បានសម្រេចទៅក៏ពិតមែន តែសម្រាប់លក្ខណៈបទដ្ឋានគតិយុត្តិ កំពុងពិភាក្សាត្រួតពិនិត្យ”។

បើតាមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកថាមពល កន្លងមក គម្រោងវិនិយោគថាមពល មានការផ្ទេរភាគហ៊ុន មិនមែនប៉ះពាល់ដល់ការវិនិយោគទាំងមូលឡើយ។

គួរបញ្ជាក់ថា បច្ចុប្បន្នថាមពលសូឡា ចំនួនពីរគម្រោងកំពុងដំណើរការបញ្ចេញថាមពលសរុប ៩០មេហ្គាវ៉ាត់ និង៧គម្រោងផ្សេងទៀតដែលទទួលបានការអនុម័តយល់ព្រមពីរដ្ឋាភិបាល គ្រោងបញ្ចេញថាមពលសរុប៤១០មេហ្គាវ៉ាត់ គិតត្រឹមឆ្នាំ២០២២៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]