ក្រុមហ៊ុនចិនមានការកើនឡើងខ្លាំងក្នុងពិព័រណ៍សំណង់ធំបំផុតរបស់កម្ពុជាឆ្នាំ២០១៩
ពិព័រណ៍សំណង់ធំបំផុតរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩នេះ ដែលទើបតែនឹងបញ្ចប់នាពេលថ្មីៗនេះ គឺមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនក្រុមហ៊ុនចិនដែលប្រកបអាជីវកម្មពាក់ពន្ធ័ទៅនឹងវិស័យសំណង់ នេះគឺស្តែងពីទំនាក់ទំនងយ៉ាងជិតស្និតរវាងកម្ពុជានិងចិន។
ធ្វើឡើងកាលពីថ្ងៃទី ៥ ដល់ ៧ ខែធ្នូ ឆ្នាំ ២០១៩ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា បានដាក់តាំងបង្ហាញផលិតផលប្រមាណជាង ១០០០ ប្រភេទរបស់ក្រុមហ៊ុនប្រមាណជា ២០៧ ក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុក។ នេះគឺស្មើទៅនឹងស្តង់ពិព័រណ៍ចំនួនប្រមាណជា ៣៥០ ស្តង់ ដែលក្នុងនោះ ក្រុមហ៊ុនចិនមានការកើនឡើងខ្លាំងគួរអោយកត់សម្គាល់។
អ្នកជំនួញដ៏ល្បីល្បាញ និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានមានប្រសាសន៍ក្នុងកម្មវិធីថា ក្រុមហ៊ុនចិន គឺមានការកើនឡើងខ្លាំង បើធៀបទៅនឹងបណ្តាឆ្នាំមុនៗ ហើយការចូលរួមរបស់ក្រុមហ៊ុនចិនទាំងនេះ គឺជាសញ្ញាល្អសម្រាប់ឧស្សាហកម្មសំណង់ខណៈផលិតផលកាន់តែច្រើននឹងមានវត្តមាននៅក្នុងទីផ្សារ។
អ្នកឧកញ៉ាថ្លែងថា៖ «ពិព័រណ៍យើងមានការកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសគឺនៅឆ្នាំនេះ មានក្រុមហ៊ុនចិនជាច្រើនមកចូលរួម ហើយពួកគេសង្ឃឹមថានឹងអាចពង្រីកទីផ្សារគេនៅកន្លែងហ្នឹង ហើយជាក់ស្តែងយើងមើលផលិតផលមិញហ្នឹងគឺមានភាពទាក់ទាញអារម្មណ៍»។ អ្នកឧកញ៉ាបន្តថា ការមានក្រុមហ៊ុនចិនមកដល់ច្រើនគឺមានន័យថា ផលិតផលកាន់តែច្រើនចូលក្នុងទីផ្សារព្រមទាំងបច្ចេកវិទ្យា ហើយវាមានតម្លៃសមរម្យ ដែលធ្វើឲ្យថ្លៃសម្រាប់ការសាងសង់កាន់តែតិច តែគុណភាពគឺនឹងល្អជាងមុន។
ជាមួយគ្នានេះដែរ លោក Xu Ningning ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលធុរកិច្ចចិន-អាស៊ាន បានមានប្រសាសន៍ថា ក្រុមហ៊ុនចិនក្នុងវិស័យសំណង់និងវិស័យដទៃទៀតបច្ចុប្បន្ននេះកំពុងចូលមកទីផ្សារកម្ពុជាដោយសារទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជានិងចិន។ លោកថ្លែងថា៖ «ប្រទេសចិន និងប្រទេសកម្ពុជា គឺកំពុងកើនឡើងនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសំណង់និងវិស័យដទៃទៀត ហើយក៏បង្ហាញពីគុណប្រយោជន៍បន្ថែមទៀត ព្រមទាំងកិច្ចការងារសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍»។
លោកក៏បានបន្ថែមដែរថា ការកើនឡើងនៃក្រុមហ៊ុនចិនក៏ដោយសារកម្ពុជាកំពុងបង្កើនការវិនិយោគលើគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលធ្វើឲ្យមានការកើនឡើងនូវតម្រូវការសម្ភារសំណង់ ម៉ាស៊ីនផលិតសម្ភារសំណង់ និងគ្រឿងចក្រសំណង់។ បើតាមលោក Xu Ningning ក្រុមហ៊ុនចិនបានបោះទុនវិនិយោគក្នុងវិស័យសំណង់ប្រមាណជា ២,៨៧ ពាន់លានដុល្លារអាមេរិក ដែលនេះគឺឈរនៅលំដាប់ថ្នាក់លេខមួយក្នុងចំណោមការវិនិយោគបរទេស។

