សម្តេចតេជោ ហ៊ុន សែន ជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមខ្សែបន្ទាត់ព្រំដែនឲ្យបានច្រើន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបន្ទាប់ព្រំដែនជាមួយប្រទេសវៀតណាម ឲ្យបានច្រើនថែមទៀត ដើម្បីទាក់ទាញវិនិយោគពីប្រទេសវៀតណាមមកវិនិយោគនៅកម្ពុជា។

ការជំរុញឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែមនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស រួចហើយ នៅក្រុងបាវិត ខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តត្បូងឃ្មុំ។

ថ្លែងនៅក្នុងពិធីប្រគល់-ទទួល “ផ្សារគំរូព្រំដែន កម្ពុជា” នៅខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា៖ “ខ្ញុំចង់បានតំបន់សេដ្ឋកិច្ចពិសេសច្រើនទៀត ដែលធ្វើនៅតាមព្រំដែនកម្ពុជា វៀតណាម ហើយទាញអ្នកវិនិយោគវៀតណាម ក៏ដូចជាអ្នកវិនិយោគដទៃទៀត មកវិនិយោគសម្រាប់កម្ពុជាយើង ធ្វើការនាំចេញ”។

ទន្ទឹមនឹងការជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមខ្សែបន្ទាត់ព្រំដែននេះ សម្តេចតេជោ បញ្ជាក់ថា ការជំរុញការវិនិយោគនៅខ្សែបន្ទាត់ព្រំដែន គឺចូលរួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែនអោយមានការអភិវឌ្ឍ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការជំរុញឲ្យមានតំបន់សេដ្ឋកិច្ចពិសេស គឺជាការ ប្រែក្លាយអតីតសមរភូមិ ទៅជាទីផ្សារ សម្រាប់ការអភិវឌ្ឍ ជាតំបន់ដាំដុះ។ ប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

ពាក់ព័ន្ធនឹងការបង្កើតតំបន់សេដ្ឋកិច្ចតាមព្រំដែននេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានចុះសិក្សាស្វែងយល់ប្រមូលព័ត៌មាននៅតាមតំបន់សេដ្ឋកិច្ច និងអាជីវកម្ម តាមព្រំដែន ជាប់ប្រទេសថៃ និងប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ដើម្បីបង្កើតយន្តការ ជម្រុញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែនខណៈការចងក្រងសេចក្តីព្រៀងច្បាប់ថ្មីស្តីពីការវិនិយោគ និងសេចក្តីព្រៀងច្បាប់ថ្មីស្តីពីតំបន់សេដ្ឋកិច្ចពិសេសបានបញ្ចប់។

ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា ដំណើរទស្សនកិច្ចការងារ មានគោលបំណងផ្សព្វផ្សាយពីចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មតាមតំបន់ជាយដែន និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៃសកម្មភាពវិនិយោគ និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន ដើម្បីជាមូលដ្ឋានក្នុងការរៀបចំដាក់ចេញនូវយន្តការពិសេសសម្រាប់ទាក់ទាញវិនិយោគឲ្យកាន់តែច្រើនថែមទៀត។

របាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសដែលមានដំណើរការចំនួន២៣ ដែលមានរោងចក្រចំនួន ៤៩០ និងបង្កើតការងារបានចំនួនប្រមាណជាង១៣ម៉ឺនកន្លែង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]