ក្នុងឆ្នាំ ២០១៩! ការដ្ឋានសំណង់ក្នុងខេត្តព្រះសីហនុចំនួន ២៣ ត្រូវបានតម្រូវឲ្យរុះរើស
គិតត្រឹមរយៈពេល ៨ខែ នៃការបង្កើតគណៈកម្មការពិនិត្យសំណង់នៅខេត្តព្រះសីហនុ ការដ្ឋានសំណង់ចំនួន ២៣ ត្រូវបានតម្រូវឲ្យរុះរើសសំណង់ដោយសារមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាព។
បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការពិនិត្យសំណង់នៅខេត្តព្រះសីហនុបានចុះត្រួតពិនិត្យគុណភាពសំណង់ចំនួន ៥៧០ការដ្ឋាន ក្នុងនោះតម្រូវឲ្យរុះរើសសំណង់ដែលមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាពចំនួន ២៣ការដ្ឋាន ណែនាំឲ្យធ្វើកោសល្យវិច្ឆ័យចំនួន ១៦៦ការដ្ឋាន និងណែនាំឲ្យបំពេញនិតិវិធីចំនួន ៣៨១ការដ្ឋាន។
គណៈកម្មការពិនិត្យសំណង់នៅព្រះសីហនុត្រូវបានសម្រេចបង្កើតនៅចុងខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងចុះពិនិត្យការអនុវត្តបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត បទដ្ឋានសំណង់ បទដ្ឋានសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ និងចុះពិនិត្យលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់។
គិតចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតឲ្យសាងសង់សំណង់ក្នុងខេត្តព្រះសីហនុមានអាគារចាប់ពី ៥ជាន់ទៅមានចំនួន ២៨៤អាគារ និង បូរីមានចំនូន ៣១២គម្រោង។
គួររំលឹកថា នៅរាត្រីទាបភ្លឺថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ អាគារគ្រោងដែកកំពស់៧ជាន់របស់ជនជាតិចិន មានទីតាំងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានបាក់រលំ បានបណ្តាលឲ្យកម្មករខ្មែរចំនួន ២៦នាក់ របួស និង ២៨នាក់ ទៀតបានស្លាប់ក្នុងគំនរអគារបាក់បែក។


