គម្រោងពង្រីកផ្លូវជាតិលេខ២ និង២២ នឹងបើកការដ្ឋានសាងសង់ខែកុម្ភៈនេះ

គម្រោងពង្រីកនិងស្ដារឡើងវិញនូវផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ក្រោមជំនួយរដ្ឋាភិបាលកូរ៉េខាងត្បូងជាង៥០លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ពិតមែនហើយ ក្រោយការទន្ទឹងរង់ចាំជាច្រើនខែ។

ការបើកការដ្ឋានសាងសង់នេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន ៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ។ ដោយឡែក ផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ ៣។

គម្រោងនេះនឹងត្រូវធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ (Asphalt Concrete)ដែលមានគុណភាពជាប់បានយូរ ហើយការសាងសង់នឹងប្រើប្រាស់រយៈពេលប្រមាណជា ៣០ ខែ។

ទន្ទឹមគ្នានេះដែរ គម្រោងនេះអាចនឹងត្រូវចំណាយប្រមាណ ៥៦ លានដុល្លារ ដែលជាថវិកាកម្ចីពីរដ្ឋាភិបាលកូរ៉េ និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាជាង ៨ លានដុល្លារ។

របាយការណ៍ដដែលនេះក៏បានឲ្យដឹងទៀតថា គម្រោងសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងផ្លូវជាតិទាំងពីរខ្សែនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ត្រូតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Joint Venture of Dasan Consultants Co., Ltd, ក្រុមហ៊ុន Dong II Engineering Consultants Co., Ltd, និងក្រុមហ៊ុន Seoyoung Engineering Co., Ltd ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ធ្វើនេះ ជាមួយក្រុមហ៊ុនសាងសង់ HANSHIN Engineering & Construction Co., Ltd ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ (អានបន្ថែម)

 

Photo: MPWT
Photo: MPWT

 

Photo: MPWT
- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]