WB ក្រើនឱ្យកម្ពុជាតាមដានហានិភ័យសេដ្ឋកិច្ច បណ្ដាលពីកំណើនហួសកម្រិតនៃវិស័យសំណង់ និងអចលនទ្រព្យ
របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក បានស្នើឱ្យប្រទេសកម្ពុជាបន្តតាមដានយ៉ាងដិតដល់នូវហានិភ័យសេដ្ឋកិច្ច ដែលអាចបណ្តាលមកពីការឡើងហួសកម្រិតជាបន្តបន្ទាប់នៃវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជាការកើនឡើងជាគំហុកនៃឥណទានដែលផ្ដល់ឱ្យវិស័យទាំង២នេះ។
ការក្រើនរំលឹកនេះ ស្របពេលដែលធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ ២% សម្រាប់២០២០ តែអាចនឹងកើនឡើងដល់ ៤% នៅឆ្នាំ២០២១។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាដែលបានចេញផ្សាយកាលពីខែវិច្ឆិកានេះ បានបញ្ជាក់ទៀតថា ប្រសិនបើការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតែបន្ត បូកផ្សំនឹងការខូចខាតដែលបណ្តាលមកពីទឹកជំនន់កាលពីពេលថ្មីៗនេះ វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណួលប្រជាជនទូទៅ។
ជាលទ្ធផល ពួកគេអាចនឹងមានបញ្ហាក្នុងការសងប្រាក់កម្ចីទិញអចលនទ្រព្យ ដែលអាចនឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុស្ថិតនៅក្រោមភាពតានតឹង និងហានិភ័យ។
របាយការណ៍ដដែលបង្ហាញថា ឥណទានសម្រាប់វិស័យសំណង អចលនទ្រព្យ និងប្រាក់កម្ចីទិញអចលនទ្រព្យ បានកើនឡើងជាលំដាប់ ពោលគឺកើនជាមធ្យម ៣២,១% ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩ ។ លើសពីនេះ ក្នុងឆ្នាំ ២០១៩ ឥណទានសម្រាប់វិស័យទាំង ៣នេះ មានសរុបដល់ទៅ ៣១,១% នៃឥណទានសរុបក្នុងស្រុកទាំងអស់។
ដោយឡែក គិតត្រឹម ខែសីហាឆ្នាំ ២០២០ ប្រាក់កម្ចីទិញអចលនទ្រព្យគឺមានច្រើនបំផុត ដល់ទៅ ៣,៥ ពាន់លានដុល្លារអាមេរិក។ ឥណទានសម្រាប់វិស័យសំណង គឺនៅលំដាប់ទី ២ ប្រមាណ ២,៦ ពាន់លានដុល្លារ ហើយឥណទានសម្រាប់វិស័យអចលនទ្រព្យស្ថិតនៅលំដាប់ទី៣ ប្រមាណ ២,៤ ពាន់លានដុល្លារ។
ជាការឆ្លើយតប រដ្ឋាភិបាលក៏បានចាត់វិធានការជាច្រើនដើម្បីកាត់បន្ថយហានិភ័យនៅក្នុងវិស័យហិរញ្ញវត្ថុដែលបណ្តាលមកពីវិស័យសំណង់ និងអចលនទ្រព្យនេះដែរ ដូចជាការលើកលែងពន្ធប្រថាប់ត្រាលើទ្រព្យសម្បត្តិដែលមានតម្លៃទាបជាង ៧ ម៉ឺនដុល្លា និងការពន្យារពេលប្រមួលពន្ធចំណេញមូលធនទៅឆ្នាំ ២០២២ ជាដើម។

