ខេត្តព្រះសីហនុនាំចូលខ្សាច់ពីខេត្តផ្សេងដើម្បីបម្រើដល់វិស័យសំណង់
ខេត្តព្រះសីហនុ ដែលកំពុងមានសន្ទុះខ្លាំងផ្នែកវិស័យសំណង់ មិនមានធនធានខ្សាច់មានគុណភាព សម្រាប់បម្រើឲ្យវិស័យសាងសង់ក្នុងខេត្តឡើយ។ ការផ្គត់ផ្គង់ខ្សាច់មានគុណភាព គឺពឹងផ្អែកស្ទើទាំងស្រុងលើការដឹកចេញ ពីខេត្តផ្សេង។ ការដឹកជញ្ជូនខ្សាច់ពីខេត្តផ្សេង ធ្វើឲ្យមានថ្លៃដឹកជញ្ជូន ដែលជាកត្តាធ្វើឲ្យតម្លៃខ្សាច់សម្រាប់ការសាងសង់មានតម្លៃថ្លៃ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីនេះ ស្តីពីការគ្រប់គ្រងគុណភាពសំណង់ លោក អ៉ឹង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ខ្សាច់មានតម្លៃថ្លៃក្នុងខេត្តព្រះសីហនុ អាចជាកត្តាធ្វើឲ្យខ្សាច់គ្មានគុណភាពដើម្បីសាងសង់ ដោយសារអាជីវករចង់គេងចំណេញពីអាជីវកម្មខ្សាច់នេះ។
លោក ឌីប៉ូឡា ថ្លែងថា៖ «នៅពេលដែលគាត់យកខ្សាច់ទៅហើយ វាផុតពីដែនសមត្ថកិច្ចរបស់ក្រសួងរ៉ែ ក្រសួងរ៉ែមិនបានពិនិត្យគុណភាពខ្សាច់ហ្នឹងយកទៅធ្វើអីទេ។ ក៏ប៉ុន្តែ អាជីវករដែលគាត់ទិញខ្សាច់ទៅ គាត់ដើម្បីគេងចំណេញ គាត់យកប្រភេទខ្សាច់ណាមួយយកទៅឡាយ បានធ្វើឲ្យប៉ះពាល់គុណភាពក៏ថាបាន»។
លោកបញ្ជាក់ថា ក្រសួងចេញអាជ្ញាប័ណ្ណឲ្យគាត់យកខ្សាច់។ ខ្សាច់មានច្រើនប្រភេទ។ ខ្សាច់ម៉ត់មែនទែន គេយកទៅចាក់លុប ខ្សាច់ដែលរាងក្រាស់តិចទៅ គេអាចយកទៅបូក គ្រាប់ធំមែនទែនទៅ គេយកទៅសាងសង់ ក្រឡុកប៉េតុង។
បើតាមលោក ឌីប៉ូឡា នៅខេត្តព្រះសីហនុ មិនមានខ្សាច់ដែលមានគុណភាព ដោយសារទីតាំងនៅក្បែរសមុទ្រ ធ្វើឲ្យខ្សាច់មានលក្ខណៈប្រៃ មិនអាចយកមកធ្វើសំណង់បានទេ ប៉ុន្តែខ្សាច់នោះ អាចយកមកចាក់លុប ក្រាលបាត។
ខ្សាច់ដែលក្រុមហ៊ុនយកទៅធ្វើសំណង់ គឺដឹកយកពីខេត្តផ្សេង ពីភ្នំពេញ ដោយសារក្រសួងបានចេញអាជ្ញាប័ណ្ណ នៅរកាកោង អាជ្ញាប័ណ្ណ នៅខេត្តកំពង់ចាម ដូច្នេះគេអាចដឹកមកឆ្លងកាត់ភ្នំពេញ ហើយទៅកំពង់សោមតែម្តង។ខ្សាច់ក៏មានដឹកចេញពីទីរួមខេត្តកំពង់ស្ពឺ យើងបានចេញអាជ្ញាប័ណ្ណនៅតាមដងស្ទឹងព្រែកត្នោត៕

